អាមេរិក​ប្តេជ្ញា​ជួយ​រដ្ឋាភិបាល​មី​យ៉ាន់ម៉ា​ថ្មី​កសាង​នីតិរដ្ឋ​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ណៃ​ពី​ដោរ​ថ្ងៃ ១៨ មករាម្សិលមិញ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony J. Blinken បានបញ្ជាក់​ជាថ្មី​ពី​ជំហរ​អាមេរិក ​ការជួយជ្រោមជ្រែង​រដ្ឋាភិបាល​ថ្មី ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ដើរ​ទៅរក​ប្រជាធិបតេយ្យ​ពេញលេញ​។ លោ​កថា​បញ្ហា​សា​សា​នា​ និង​ជម្លោះ​ជនជាតិ​នៅ​មី​យ៉ាន់​ម៉ា គឺជា​ឧបសគ្គ​សម្រាប់​ការលូតលាស់​របស់​មី​យ៉ាន់​ម៉ា ហើយស្ថានភាព​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ឃិន ក៏​ជា​បញ្ហា​ដែល​មិនអាច​ព្រងើយកន្តើយ​បាន​។ សហរដ្ឋអាមេរិក​ជឿថា ​មានតែ​ជួយ​មី​យ៉ាន់​ម៉ា​កសាង​នីតិរដ្ឋ ទើប​ជួយ​ដោះស្រាយបញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ និង​បញ្ហា​ជម្លោះ​ជនជាតិភាគតិច​នេះ​បាន​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ក្រោយ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​មី​យ៉ាន់​ម៉ា ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​អនុរដ្ឋមន្ត្រី​ការបរទេស ​មកកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ​ដើម្បី​ជជែក​ពី​បញ្ហា​ប្រឈម​ក្រោយ​បោះឆ្នោត ដែល​រួម​មានដំណើរ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម និង​សិទ្ធិមនុស្ស​។

​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony J. Blinken បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក​ថេ​ន សេន និង​មន្ត្រី យោធា​ជាន់ខ្ពស់​ផង​។ លោក​បាន​សារ​ទរ​ការលូតលាស់​ទៅមុខ​ នៃ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា ដោយ​ការបោះឆ្នោត​ នឹង​ឈាន​ទៅការផ្ទេរអំណាច​ដោយ​សន្តិវិធីនា​ពេលខាងមុខ​។ តែ​លោ​កនៅ​បង្ហាញ​ក្តីបារម្ភ​ ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ ជាពិសេស​បញ្ហា​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ បញ្ហា​សិទ្ធិមនុស្ស និងការផ្សះផ្សា​ជាតិ​ជាដើម​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ណៃ​ពី​ដោរ​ ថ្ងៃ​១៨ មករា​ម្សិលមិញ អនុរដ្ឋមន្ត្រី​ការបរទេស​ខាងលើ​បាន​ថ្លែងថា រដ្ឋាភិបាល​អាមេរិក ​នឹង​ត្រៀមខ្លួន​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​បន្ត​កំណែទម្រង់​នយោបាយ​ទៅរក​ប្រជាធិបតេយ្យ​។ តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី ដោះលែង​អ្នកទោសនយោបាយ ​ដែល​នៅ​សេសសល់​និង​ការពារ​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ​។​

១. កំណែទម្រង់​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ត្រូវ​ដើរ​លើផ្លូវ​វែងឆ្ងាយ​
​លោក Antony J. Blinken ទទួលស្គាល់ថា មី​យ៉ាន់​ម៉ា​ត្រូវ​ដើរ​លើផ្លូវ​វែងឆ្ងាយ​ទៀត​ ទម្រាំ​អាច​សម្រេចបាន​ប្រជាធិបតេយ្យ​ដូច​បានកំណត់​ទុក​នេះ​។  ទោះជា​ការបោះឆ្នោត​ដោយ​សេរី ការ​វប្បធម៌​សន្ទនា​ដើម្បី​ផ្ទេរអំណាច និង​ការ​សាមគ្គី​គ្នា​ដើម្បី​កំណែទម្រង់​កើតមានឡើង​មែន តែ​កំណែទម្រង់​នៅ​មិនទាន់​ចប់​ទេ ហើយ​បញ្ហា​ប្រឈម​ច្រើន​ទៀត ​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ​ជាពិសេស​កសាង​នីតិរដ្ឋ ​និង​ស្ថាប័ន​ប្រជាធិបតេយ្យ​។ លោក​សង្កត់ធ្ងន់ថា កំណែទម្រង់​នៅ​មី​យ៉ាន់​ម៉ា​ ត្រូវ​បន្ត​រហូតដល់​រដ្ឋាភិបាល​ស៊ីវិល​មាន​អធិបតេយ្យ​ពេញលេញ ហើយ​ស្ថាប័ន​នយោបាយ​ទាំងអស់​ អាចឆ្លើយតប​ត​ម្រូ​វ​ការ​របស់​ប្រជាជន​។ សហរដ្ឋអាមេរិក​បានផ្តល់ជំនួយ​ហិរញ្ញវត្ថុ ជួយ​គាំទ្រ​ការកែទម្រង់​នៅ​មី​យ៉ាន់​ម៉ា ដោយ​រាប់​ចាប់ពី​ឆ្នាំ២០១២ មក​ជំនួយ​នោះ​មាន​ទំហំ​ប្រហែល៥០០​លាន​ដុល្លារ​អាមេរិក​។

​តាមពិតទៅ​បញ្ហា​ចម្បង​សម្រាប់​រដ្ឋាភិបាល​ថ្មី ​គឺ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស ​ដែល​ផ្តល់​ប្រយោជន៍​ឲ្យ​ប្រជាជន​រាល់គ្នា ​និង​ជួយ​ទ្រទ្រង់​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​។ អនុ​រដ្ឋមន្ត្រី​ការបរទេស​នេះ ​បាន​សង្កត់ធ្ងន់ថា រដ្ឋបាល​អាមេរិក ​នឹង​បន្ត​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ​ដែល​បណ្តាក់ទុន​នៅ​មី​យ៉ាន់​ម៉ា ប្រតិបត្តិការ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ ក្រុមហ៊ុន​អាមេរិក ​នឹង​ជួយ​ពង្រឹង​ជំនួញ​ក្នុងស្រុក និង​ឧស្សាហកម្ម រួមទាំង​លើកកម្ពស់​ការកសាង​ធនធានមនុស្ស​ជារួម​។​

​កំណើនសេដ្ឋកិច្ច​ជា​រឿង​ស្នូល​សម្រាប់​ការលូតលាស់​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ប៉ុន្តែ​អ្វីដែលគេ​បារម្ភ គឺ​ដោយសារ​ជំនួញ​ធំ​ត្រូវបាន​ក្តោប​ក្តាប់​ដោយ​ក្រុមគ្រួសារ ​និង​បក្សពួក​ក្រុម​យោធា​រួចទៅហើយ​។ វា​ជា​រឿង​ពិបាក​ស្មាន​ដែលថា ប្រយោជន៍​នៃ​ការបើក​ទូលាយ​សេដ្ឋកិច្ច និង​ស្វាគមន៍​ការវិនិយោគ​បរទេស ​នឹង​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទូទៅ​។​

​មួយវិញទៀត ការរក្សា​ស្ថិរភាព ​និង​ផ្សះផ្សា​ជាតិ​ រវាង​រដ្ឋាភិបាល ​និង​បណ្តា​ជនជាតិភាគតិច​។ ប្រទេស​ដែល​ចម្រុះ​ដោយ​ជនជាតិភាគតិច ​មា​នវ​ប្ប​ធម៌ សាសនា ​និង​ប្រពៃណី​ខុសគ្នា​ដូច​មី​យ៉ាន់​ម៉ា​នេះ ចាំបាច់​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ និង​រួម​រួម​ជាតិ​រវាង​ប្រជាជន​ទូទៅ​។ ក្រុង​វ៉ាស៊ីនតោន ​នឹង​ត្រៀមខ្លួន​គាំទ្រ​ដំណើរ​ការចរចា​សន្តិភាព​ និង​ផ្សះផ្សា​ជាតិ​ នៅ​មី​យ៉ាន់​ម៉ា ​រហូតដល់​សន្តិភាព​ពេញលេញ​កើតឡើង​។​

២.​ការកសាង​នីតិរដ្ឋ​ជួយ​បញ្ចប់​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
 អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ក៏​ឆ្លៀត​លើកឡើង​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ​ជាពិសេស​ប្រជាជន​ភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។ ការរើសអើង​ពូជសាសន៍ និង​សាសនា​ប្រឆាំង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ នៅតែ​ជា​រឿងចម្រូងចម្រាស ​និង​រសើប​បំផុត​មួយ​នៅក្នុង​សង្គម​មី​យ៉ាន់​ម៉ា ហើយ​វា​ក៏​នឹង​ក្លាយជា​បញ្ហា​ស្មុគស្មាញ ​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី​ត្រូវ​ដោះស្រាយ​។ មន្ត្រី​ការបរទេស​អាមេរិក បានបង្ហាញ​ការគាំទ្រ ពាក្យសម្តី​របស់លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី ដោយ​លោកស្រី​យល់ថា ដំណោះស្រាយ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ គឺ​ការរក្សា​នីតិរដ្ឋ​ក្នុងប្រទេស ដែល​ជួយ​ការពារ​ប្រជាជន​ពី​ហិង្សា រក្សា​សេរីភាព​មូលដ្ឋាន និង​ផ្តល់ឱកាស​ប្រជាជន​ស្មើៗ​គ្នា​តាមបែប​ប្រជាធិបតេយ្យ​។ ការកែទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​រាល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវធ្វើ​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក Antony J. Blinken បញ្ជាក់ថា​សហរដ្ឋអាមេរិក ​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ជួយ​រដ្ឋាភិបាល​ថ្មី ​ឲ្យ​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ហើយ​អាមេរិក​រំពឹង​មុតមាំ​ថា ការផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​នៅ​រដ្ឋ​រ៉ា​ក់​ឃិន​របស់​រដ្ឋាភិបាល​ថ្មី អាច​នឹង​ជួយ​បង្កើត​ដំណោះស្រាយ​មួយ​ពេញលេញ​មួយ ជាពិសេស​បញ្ចប់​ការបែកបាក់​ក្នុងសង្គម​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​