​រថយន្ត​បង្កុង​ជាច្រើន​គ្រឿង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ការពារ WWF មក​ស្តុក​ទុក​ក្នុង​ដីចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ឌី​ធី​ស៊ី (DTC) របស់​ឧកញ៉ា លក្ខណ៍ ជា​មេ​ឈ្មួញ​នាំ​ឈើ​ទៅ​វៀតណាម​

​ខេត្តមណ្ឌលគិរី​៖ ខណៈដែល នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​យ៉ាង​ក្តៅគគុក​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​នៅ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​នោះ នៅ​ខេត្តមណ្ឌលគិរី​ឯណោះ​វិញ មាន​សេចក្ដីរាយការណ៍​ថា រថយន្ត​បង្កុង​ជាច្រើន​គ្រឿង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ការពារ WWF មក​ស្តុក​ទុក​ក្នុង​ដីចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ឌី​ធី​ស៊ី​(DTC) របស់​ឧកញ៉ា លក្ខណ៍​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ដីចម្ការ​កៅស៊ូ​របស់​ឧកញ៉ា លក្ខណ៍ មាន​ទីតាំង​នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ហើយ​ក្រុម​ជន​ថ្លើមធំ​នោះបាន​ដឹកឈើ​ចូលទៅ​ទីតាំង​ដីចម្ការ​កៅស៊ូ​នោះ​ដោយ​ផ្គើន​នឹង​ចំណាត់ការ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា យ៉ាង​ពេញទំហឹង ។​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា សកម្មភាព​រថយន្ត​បង្កុង​ដឹកឈើ​ចូល​ទីតាំង​ដីចម្ការ​កៅស៊ូ​របស់​ឧកញ៉ា លក្ខណ៍ នៅ​ឃុំ​ពូ​ជ្រៃ បាន​កើតឡើង​ក្រោយពេល​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ចាត់វិធានការ​លើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​កាង​ដឹកជញ្ជូន​ឈើ​ប្រណីត​សេះ​ហោះ ទៅ​លក់​នៅ​វៀតណាម​។ សេចក្តីរាយការណ៍​បញ្ជា​ក់ថា​ឈើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​គេ​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ WWF ចូលទៅ​បរិវេណ​ដី​ក្រុមហ៊ុន​ឌី​ធី​ស៊ី (DTC) ទំនង​ដើម្បី​បន្លំ​ជាមួយ​ឈើ​មានច្បាប់​។ សកម្មភាព​ស្លន់ស្លោ​នេះ ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​បង្ក្រាប​ឡើយ​។ នៅក្នុង​ខេត្តមណ្ឌលគិរី នរណា​ក៏​ស្គាល់ឈ្មោះ​ឧកញ៉ា លក្ខណ៍ ដែរ ព្រោះ​ឈ្មួញ​រូបនេះ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​វៀតណាម​មានឈ្មោះ​ល្បីល្បាញ​ទៅហើយ និង​នាំ​ប្រេងសាំង​គេចពន្ធ​មក​លក់​ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី​ជា​យូរ​ទៀតផង​។​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី ដែល​ពេញចិត្ត និង​គាំទ្រ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​លួច​កាប់បំផ្លាញ​ព្រៃឈើ​រត់ពន្ធ​ទៅ​វៀតណាម​បាន​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ការស៊ើបអង្កេត​នៅក្នុង​ដីចម្ការ​កៅស៊ូ​របស់​ឧកញ៉ា លក្ខណ៍ នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ជាបន្ទាន់​។ ដោយហេតុថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​បង្កុង​ជាច្រើន​គ្រឿង​ចូលទៅក្នុង​តំបន់​នោះ ដោយមាន​ការបើក​ដៃ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​ស្ងាត់​រលូន ពួកគេ​ហាក់​មិន​មានការ​កោតញញើត​ជាមួយនឹង​បេសកកម្ម​ដ៍​ក្តៅគគុក​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់​វិធាន​នេះ​សោះ តើ​ពួកគេ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​បានជា​មិន​ខ្លាច​សោះ​យ៉ាងនេះ ពិតជា​ចង់​សាកល្បង​ជាមួយ​សមត្ថភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ?៕ កញ្ញា​សុភាព

KA-19-01-2016-04KA-19-01-2016-05 KA-19-01-2016-06​ ​