ពលរដ្ឋ​២៥០​គ្រួសារ​ព្រួយបារម្ភ​ ខ្លាចក្រែង​អាជ្ញាធរ​ស៊ីដាច់​លុយ​ជិត​១​លាន​ដុល្លារ​ពី​ការ​លក់​ដី​ស្រះ​ទឹក​រួម​ភូមិ​

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ តំណាង​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ចំនួន​២៥០​គ្រួសារ​ បាន​ជួបជុំ​គ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ខ្លាចក្រែង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស៊ីដាច់​លុយ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ការ​លក់​ដី​ស្រះ​ទឹក​រួម​ភូមិ​កេរដំណែល​តាំងពី​ឆ្នាំ​១៩៧៩​ ដោយ​អាជ្ញាធរ​ធ្លាប់​សន្យា​ថា​ នឹង​បែងចែក​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ចំនួន​១.០០០​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ គឺ​មិន​ទាន់​ឃើញ​ស្រមោល​លុយ​ចំណែក​នោះ​នៅឡើយ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​និង​កំពុង​ទន្ទឹងរង់ចាំ​លុយ​ចំណែក​របស់​ខ្លួន​យ៉ាង​អន្ទះសារ​នោះ​ ឲ្យ​ដឹង​ថា​ ដី​ស្រះ​ទឹក​រួម​ភូមិ​ជា​កេរដំណែល​តាំងពី​ឆ្នាំ​១៩៧៩​នោះ​ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​លក់​បាន​ប្រាក់​ចំនួន​ជាង​៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​សន្យា​បែងចែក​ទឹកប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្តិត​មេដៃ​គាំទ្រ​លក់​ដី​ស្រះ​រួម​ភូមិ​ចំនួន​២៥០​គ្រួសារ​ គឺ​ក្នុង​១​គ្រួសារ​ត្រូវ​បាន​ចំណែក​១.០០០​ដុល្លារ​អា​មេ​រិ​ក​ និង​រៀបចំ​ឲ្យ​មាន​ស្នាក់​ការ​ភូមិ​ចំណាយ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ព្រមទាំង​សន្យា​ជួយ​ជួសជុល​ប្រព័ន្ធ​លូ​ និង​ឈូស​ឆាយ​ផ្លូវ​ក្នុងភូមិ​ថែម​ទៀត​ផង​ ។​ ប៉ុន្តែ​ជាក់ស្តែង​រហូត​មក​ទល់​បច្ចុប្បន្ន​ មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ ក្រុម​ប្រជាពលរដ្ឋ​ទាំង​២៥០​គ្រួសារ​ មិន​ទាន់​បានឃើញ​ស្រមោល​ប្រាក់​សរុប​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​បែងចែក​ឲ្យ​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ថា​ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រួមដៃគ្នា​ស៊ីដាច់​ទាំង​លុយ​ចំណែក​ប្រជាពលរដ្ឋ​ ទាំង​លុយ​រៀបចំ​ប្រព័ន្ធ​លូ​ទឹក​ និង​ផ្លូវ​ ខណៈ​ការ​គ្រប់គ្រង​ប្រាក់​បាន​ពី​ការ​លក់​ដី​ស្រះ​ទឹក​រួម​ភូមិ​នោះ​ ត្រូវ​គេ​សង្ស័យ​ថា​ មានការ​លាក់លៀម​ ។​

​លោក​ ហែម​ ដា​រិ​ទ្ធិ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ទាក់ទិន​នឹង​ការ​លក់​ដី​ស្រះ​ទឹក​រួម​ភូមិ​ បង្ក​ការ​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​២៥០​គ្រួសារ​ ព្រោះ​មិន​ទាន់​បាន​ចំណែក​លុយ​នោះ​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​អង្គារ​ ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ៕​

ពលរដ្ឋ​២៥០​គ្រួសារ​ព្រួយបារម្ភ​ ខ្លាចក្រែង​អាជ្ញាធរ​ស៊ីដាច់​លុយ​ជិត​១​លាន​ដុល្លារ​ពី​ការ​លក់​ដី​ស្រះ​ទឹក​រួម​ភូមិ​

Related