លោក​ថោង ខុន ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ នៅ​ហ្វីលីពីន​

ភ្នំពេញ: នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នេះ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម កិច្ចប្រជុំ​ចំនួន​៣​រួមមាន ៖ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ ( ចិន ជប៉ុន កូរ៉េ​) លើក​ទី​១៥ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ឥណ្ឌា លើក​ទី​៥ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​-​រុស្ស៊ី​លើក​ទី​១៦ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​ថា កិច្ចប្រជុំ​នេះ​រៀបចំ​ធ្វើឡើង​នៅ​ទីក្រុង​ម៉ានីល ក្រោម​ប្រធានបទ "​សហគមន៍​មួយ ដើម្បី​និរន្ត​ភាព​"​។ ដោយឡែក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា លើក​ទី​៥ នឹង​តាមដាន​ស្តាប់​របាយការណ៍​សង្ខេប អំពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​-​ឥណ្ឌា រួមទាំង​អនុម័ត​លើ​របាយការណ៍​សង្ខេប នៃ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា លើក​ទី​១១ លើក​ទី​១២ លើក​ទី​១៣ និង​លើក​ទី​១៤ ។ ទន្ទឹម​នោះ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​-​រុស្ស៊ី លើក​ទី​៦ នឹង​តាមដាន​ស្តាប់​លទ្ធផល​ការអនុវត្តន៍ គម្រោង​បណ្តុះបណ្តាល​ភាសា​រុស្ស៊ី សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ាន​លើក​ទី​២ នៅ​កម្ពុជា ដំណើរការ​អភិវឌ្ឍន៍​គោលការណ៍​សុវត្ថិភាព​និង​សន្តិសុខ​ទេសចរណ៍​។ កិច្ចប្រជុំ​ពិភាក្សា​ផងដែរ អំពី​គម្រោង​ស្នើសុំ​និង​សកម្មភាព​ថ្មីៗ នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​រុស្ស៊ី ។​

​លោក​ថោង ខុន បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ ( ATSP ២០១៦-២០២៥ ) កម្ពុជា​នឹង​រាយការណ៍​សង្ខេប​អំពី​លទ្ធផល​កិច្ចប្រជុំ​ក្រុមការងារ ATSP លើក​ទី​៦ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​ប្រមុខ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន ( NTOS MEETING ) ហើយ​កិច្ចប្រជុំ NTOS ក៏​នឹង​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ចុងក្រោយ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ ។

​លោក បន្តថា កម្ពុជា​គឺជា​ប្រទេស​នាំមុខ​ផ្នែក ASEAN Clean-city tourists, ASEAN CBT and ASEAN MRA នឹងត្រូវ​រាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាព កិច្ច​ដំណើការ​លទ្ធផល​ផ្សេងៗ ក៏ដូចជា​ការរៀបចំ​ផែនការអភិវឌ្ឍន៍ ជូន​កិច្ចប្រជុំ​ប្រមុខ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន ( NTOS MEETING ) ផងដែរ ។​

​ក្រៅពីនេះ​លោក ថោង ខុន នឹង​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា លើ​អនុស្សរណៈ​កិច្ចសហប្រតិបត្តិកា​រ ស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ( Memorandum of CooperatioEn-MOU ) រវាង​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ។
​ប្រតិភូ​ក្រសួងទេសចរណ៍ ក៏មាន​គម្រោង​ជួប​ជាមួយ​ប្រព័ន្ធ​ឃោ​សា​ផ្សព្វផ្សាយ​អន្តរជាតិ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ទេសចរណ៍ សក្តានុពល និង​គោលដៅ​ទេសចរណ៍ ពិសេស​ការធានាបាន​ស​ន្តិ​សុខ សុវត្ថិភាព​ទេសចរណ៍ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សំដៅ​ជំរុញ​ការអភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា ឲ្យ​ស្របតាម​និន្នាការ​អភិវឌ្ឍន៍​ទេសចរណ៍​សកលលោក ៕​

លោក​ថោង ខុន ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ នៅ​ហ្វីលីពីន​

លោក​ថោង ខុន ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣ នៅ​ហ្វីលីពីន​