លោក ស៊ី ជិន​ពីង​ត្រៀម​លុយ​កម្ចី​រាប់ពាន់​លាន​ឲ្យ​អេ​ហ្ស៊ី​ប​

​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា​លើកដំបូង​របស់​ប្រធានាធិបតី​ចិន​ ដើម្បី​ពង្រឹង​ឥទ្ធិពល​ចិន​នៅ​មជ្ឈិមបូព៌ា​ ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី​១៩​មករា​នេះ​។ ក្នុងពេល​លោក ស៊ី ជិន​ពីង ទស្សនកិច្ច​ប្រទេស​អេ​ហ្ស៊ី​ប​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​អ៊ីរ៉ង់ លោក​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ច្រើនសន្ធឹក​ ហើយ​ចិន​ក៏​ត្រៀម​ផ្តល់​កម្ចី​ដល់​ធនាគារ​អេ​ហ្ស៊ី​ប​ក្នុង​ទំហំ​ទឹកប្រាក់​១.៨​ពាន់​លាន​ដុល្លារ ថ្វីបើ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ក៏ដោយ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈិមបូព៌ា​លើកដំបូង ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង យួរ​កញ្ចប់​លុយ​ច្រើន​ទៅជា​មួយ​ផង​ ដើម្បី​ចែចូ​វ​បណ្តា​រដ្ឋ​នៅ​មជ្ឈិមបូព៌ា​។ លោក ស៊ី ជិន​ពីង នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​កម្ចី​ដល់​ធនាគារជាតិ​អេ​ហ្ស៊ី​ប ក្នុង​ទំហំ​ទឹកប្រាក់ ១.៨​ពាន់​លាន​ដុល្លារ​ឯណោះ​ ក្នុងពេល​លោក​ទស្សនកិច្ច​ប្រទេស​នេះ​។ គេ​រំពឹងថា លោក​ស៊ី ជិន​ពីង អាច​នឹង​អញ្ជើញ​ទៅដល់​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃ​សុក្រ ក្រោយ​ពេលដែល​លោក​បញ្ចប់​ទស្សនកិច្ច​ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​អ៊ីរ៉ង់​។​

​បើ​យោងតាម​សម្តី​ឯកអគ្គរដ្ឋទូត​អេ​ហ្ស៊ី​ប​ ប្រចាំ​នៅ​ប្រទេស​ចិន Magdy Amer លោក ស៊ី​ជិន​ពីង ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារកណ្តាល​អេ​ហ្ស៊ី​ប ដោយ​ចិន​ផ្តល់​កម្ចី​ចំនួន១​ពាន់​លាន​ដុល្លារ​អាមេរិក​ ដល់​ធនាគា​រ​នេះ ​ដើម្បី​បង្កើន​ទុនបម្រុង​ក្នុង​រូបិយ​បណ្ណ​អន្តរជាតិ​។

​ក្រៅពីនេះ ប្រមុខរដ្ឋ​ចិន​ក៏​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​កម្ចី ៧០០​លាន​ដុល្លារ​ផ្សេងទៀត​ ដល់​ធនាគារជាតិ Al-Ahly និង​កម្ចី១០០​លាន​ដុល្លារ​ទៀត​ដល់​ធនាគារ Misr​។ កម្ចី​នេះ​ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​គម្រោង​គាំទ្រ​ជំនួញ​តូចៗ និង​មធ្យម​នៅ​អេ​ហ្ស៊ី​ប​។​

​កម្ចី​ច្រើន​សន្ធឹកសន្ធាប់​នេះ ​នឹង​ជួយ​ឲ្យ​ធនាគារ​អេ​ហ្ស៊ី​ប​អាច​បង្កើន​ប្រតិបត្តិកា​របស់ខ្លួន និងអាចជួយ​ឲ្យ​អេ​ហ្ស៊ី​ប​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ បាន​ជោគជ័យ​ផងដែរ​។ យ៉ាង​ណាក៏ដោយ កិច្ចព្រមព្រៀង​ច្រើន​ផ្សេងទៀត​ នឹងត្រូវ​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ចិន​ និង​អេ​ហ្ស៊ី​ប​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ​។ អេ​ហ្ស៊ី​ប​ស្វះ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ពី​ចិន​ និង​រក​ការគាំទ្រ​ពី​ចិន​ ដើម្បី​ពង្រឹង​វិស័យ​ថាមពល វិស័យ​អាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពលនុយក្លេអ៊ែរ​ផង​។  គេ​រំពឹងថា​កម្ចី​របស់​ចិន​ឲ្យ​ទៅ​អេ​ហ្ស៊ី​ប​នេះ​ អាចមកពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដែល​ទើប​បង្កើត​ថ្មី​ផង​។​

២.​ដៃគូ​យុទ្ធសាស្ត្រ ចិន​និង​អេ​ហ្ស៊ី​ប ក្រោម​ក្របខណ្ឌ​នយោបាយ​ផ្លូវ​សូត្រ​ចិន​

​តាំងពី​យូរ​មកហើយ​ ចិន​ និង​អេ​ហ្ស៊ី​ប​ បាន​ព្យាយាម​កសាង​ចំណង​ការទូត​ ដោយ​ពឹង​ផ្អែកលើ​គោលការណ៍​សំខាន់​មួយចំនួន​ ជាពិសេស​ការកសាង​ទំនុកចិត្ត​ផ្នែក​នយោបាយ  គាំទ្រ​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា និង​ពង្រឹង​កិច្ចការ​សហប្រតិបត្តិកា​រ​ ដោយ​ឈរលើ​គោល​ការណ៍គោរព​គ្នា​ទៅវិញទៅមក​។ ទំនាក់ទំនង​ទ្វេភាគី​ស្ទើ​គ្រប់​វិស័យ​កើនឡើង ទោះ​ជាមាន​បញ្ហានយោបាយ​កើតឡើង​នៅ​អេ​ហ្ស៊ី​ប​ក្តី ហើយ​ទំហំ​ពាណិជ្ជ​កើនឡើង​ពី​៦១០​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០០៤ ដល់ ៦.២៤​ពាន់​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ២០១៤​។ ហើយ​គេ​រំពឹងថា ការផ្សាភ្ជាប់​​វប្បធម៌ នយោបាយ ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ នឹង​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​នៅពេល​ខាងមុខ ក្រោម​ក្របខណ្ឌ​នយោបាយ​ផ្លូវ​សូត្រ​របស់​ចិន​។ អេ​ហ្ស៊ី​ប​ជា​តួអង្គ​សំខាន់​ផងដែរ ដែល​ជួយ​ជំរុញនយោបាយ​ផ្លូវ​សូត្រ​របស់​ចិន​ឲ្យ​ជោគជ័យ ព្រោះតែ​ទីតាំង​យុទ្ធសាស្ត្រ​ ស្ថិតនៅ​ចន្លោះ​ប្រទេស​អាហ្វ្រិក ​និង​ប្រទេស​អារ៉ាប់​។​

​តាមពិតទៅ លោក ស៊ី ជិន​ពីង ក្លាយជា​ប្រមុខរដ្ឋ​ចិន​ទីមួយ​ ដែល​ទៅ​ទស្សនកិច្ច​នៅ​អេ​ហ្ស៊ី​ប​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ ថ្វីបើ​អេ​ហ្ស៊ី​ប​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ចិន​តាំងពី​ឆ្នាំ ១៩៥៥ ក៏ដោយ​។ ​វត្តមាន​របស់លោក ស៊ី ជិន​ពីង​នៅ​អេ​ហ្ស៊ី​ប​លើក​នេះ​ បង្ហាញ​ពី​ការវិវត្ត​នៃ​ចំណង​ការទូត​ចិន និង​អេ​ហ្ស៊ី​ប ​ក្រោយ​ឧ​ត្ត​ម​សេនីយ៍ Abdel Fattah El-Sisi ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេ​ដឹកនាំ​ក្រុម​ភាតរ​ឥស្លាម​កាលពី​ឆ្នាំ ២០១៣​។ គ្រាន់តែ​ឆ្នាំ ២០១៥ ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក Abdel Fattah  El-Sisi បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ចំនួន​ពីរដង​រួចទៅហើយ​។ នៅ​ខែកញ្ញា​ខាងមុខនេះ ប្រមុខរដ្ឋ​អេ​ហ្ស៊ី​ប​ក៏​នឹង​ចេញទៅ​ចិន​ម្តងទៀត ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស ២០​ផងដែរ​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​