ការបំភ្លឺ​របស់លោក គួច ម៉េង​លី អាចជួយ​ជួសជុល​បាន​មួយកម្រិត​នូវ​ការ​ខូ​ត​ខាត​កិត្តិយស​គ្រូពេទ្យ​

ភ្នំពេញ: គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ទទួលយក​ការបកស្រាយ​របស់លោក គួច ម៉េង​លី និង​ទទួល​ការរិះគន់​ស្ថាបនា តាមរយៈ​យន្តការ​ដែលមាន​ស្រាប់​។​

​លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​លិខិត​របស់លោក ចុះ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៦ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា បាន​ពិនិត្យ ការបំភ្លឺ​របស់លោក​វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី ដែល​បង្ហាញ​អំពី ការមិន​រំពឹងថា​ការពណ៌នា​អំពី​ការជួប​ប្រទះ​ផ្ទាល់ខ្លួន​របស់លោក បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​នោះទេ និង​ការទទួលស្គាល់​របស់លោក​ថា មាន​ពេទ្យ​ដែល​ប្រកបដោយ​សមត្ថភាព និង​ក្រមសីលធម៌​ល្អជា​ច្រើន កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​។​

​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា យល់ឃើញថា ការបំភ្លឺ​របស់លោក​វេ​ជ្ជ​បណ្ឌិត​នេះ អាចជួយ​ជួសជុល​បាន​មួយកម្រិត​នូវ​ការ​ខូ​ត​ខាត​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​នៅ​កម្ពុជា ។ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា សង្ឃឹមថា ការ​ខូ​ត​ខាត​នេះ នឹង​អាច​ស្តារឡើងវិញ​បាន​ពេញលេញ​តាមរយៈ​ការបន្ត​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ក្នុង​ស្មារតី​ភាតរភាព​នៃ​អ្នក​វិជ្ជាជីវៈ​។​

​ជាថ្មី​ម្តងទៀត គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ស្វាគមន៍​នូវ​ចេតនា​របស់លោក​វេជ្ជបណ្ឌិត ក្នុងការ​ចូលរួមចំណែក​កែលម្អ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា បាន​យន្តការ​ទទួលដោះស្រាយ​បណ្តឹងតវ៉ា អំពី​បាតុភាព​អសកម្ម​នានា​ពាក់ព័ន្ធ​នឹង​ការប្រតិបត្តិ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ដែល​លោក​វេជ្ជបណ្ឌិត​អាច​ប្រើ​បាន​ដោយមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​វិជ្ជាជីវៈ៕

ការបំភ្លឺ​របស់លោក គួច ម៉េង​លី អាចជួយ​ជួសជុល​បាន​មួយកម្រិត​នូវ​ការ​ខូ​ត​ខាត​កិត្តិយស​គ្រូពេទ្យ​