កូរ៉េ​ខាង​ជើង​ បង្កើត​​ស្រា​គ្មាន​ជាតិ​ស្រវឹង

កូរ៉េ​ខាង​ជើង​ បង្កើត​​ស្រា​គ្មាន​ជាតិ​ស្រវឹង

អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កូរ៉េ​ខាង​ជើង​​​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ពួក​គេ​​បាន​បង្កើត​​ ស្រា​​​ដែល​គ្មាន​ជាតិ​​ស្រវឹង​ឡើង​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន Pyongyang Times។

 

កូរ៉េ​ខាង​ជើង​ បង្កើត​​ស្រា​គ្មាន​ជាតិ​ស្រវឹង

 

​តាម​​​​​សារព័ត៌មាន​រដ្ឋ​ កូរ៉េ​ខាង​ជើង​ បាន​ឲ្យ​ដឹង​ថា ” Suave ” ជា​ស្រា​ចម្រាញ់​ពី មើម​​យិនស៊ិន កូរ៉េ Kaesong Koryo Insam (៦​ឆ្នាំ) និង​​​ផ្សំ​ជា​មួយ​​​អង្ករ​ដំណើប​ជំនួស​ស្ករ ដែល​ជួយ​កម្ចាត់​ភាព​ល្វីង​ពី​យិនស៊ិន​​ ​ផលិត​តាម​​ធម្មជាតិ​សុទ្ធ​ ធ្វើ​ឲ្យ​គ្មាន​​ជាតិ​ស្រវឹង។ ការ​ទទួល​ទាន​ Suave តែ​បន្តិច​​​​ក្រោយ​ភ្ញាក់​ពី​គេង ធ្វើ​ឲ្យ​មាន​កម្លាំង ស្វាង​​ពី​ដំណេក។

 

តាម​​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្រា​យិនស៊ិន​ ដែល​រោង​ចក្រ​​កូរ៉េ​ខាង​ជើងTaedonggang Foodstuff ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ស្រាវជ្រាវ​និង​ផលិត​ឡើង​​​ថ្មី​ៗ​នេះ បាន​ឈ្នះ​មេដាយ​គុណ​​ថ្នាក់​ជាតិ និង​មាន​​ការ​សរសើរ​ពី​អ្នក​ជំនាញ និង​អ្នក​ចូល​ចិត្ត​ញ៉ាំ​​ស្រា​​ផង​។

 

ចំពោះ​ស្រា​យិនស៊ិន​ ខាង​លើ​នោះ​ក៏​​ត្រូវ​បាន​ចុះ​​ក្នុង​បញ្ជី​ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ជាតិ​កូរ៉េ​ខាង​ជើង​ផង​ដែរ។

 

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កូរ៉េ​ខាង​ជើង ក៏​បាន​បង្ហាញ​​ការ​រក​ឃើញ​របស់​ខ្លួន នូវ​វ៉ាក់សាំង ម្យ៉ាង Kumdang-2 ដែល​​តាម​សេចក្តី​រាយ​ការណ៍​ថា​ អាច​ព្យាបាល ជំងឺ​អេដស៍ ជំងឺ Mers អ៊ីបូឡា មហារីក និង​ការ​ញៀន​ថ្នាំ​បាន​​ផង​ដែរ៕

 

កូរ៉េ​ខាង​ជើង​ បង្កើត​​ស្រា​គ្មាន​ជាតិ​ស្រវឹង

រូបតំណាង

 

ចុចអាន៖ ល្បិច​ផឹក​ស្រា មិន​ឲ្យ​ស្រវឹង ឃើញ​ថា​មាន​ប្រសិទ្ធភាព

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN, newsweek​​