ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​​រសៀល​ថ្ងៃ​ទី​១៩ មក​រា ​២០១៦​ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឧិ​វាទ​សាលា​រាជធានី​ភ្នំពេញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ សព​នាយ​ឧត្តម​សេនី​យ៏​ផ្កាយ​មាស​៤​ ញ៉ឹ​ក ហួ​ន អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​១៧ មក​រា ​២០១៦​ ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​ ដោយ​រោគាពាធ​ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​បាន​លំឱន​កាយវាចាចិត្ត​នៅ​ចំពោះ​មុខ​​កម្រងផ្កា​ដែល​មាន​ចារឹក​អក្សរ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ រួម ទាំង​ការ​សោកស្តាយ​ជាទី​បំផុត​ជាមួយ​លោក​ជំទាវ ​ហ៊ុន សា​រិ​ន ត្រូវជា​ភរិយា រួម​ទាំង​កូន​ កូនប្រសា និង​ចៅ​របស់​សព​នាយ​ឧត្តម​សេនី​យ៏​ ញ៉ឹ​ក ហួ​ន​ ដែល​បាន​បាត់បង់​ស្វាមី​ លោកឪពុក​ ​ឪពុកក្មេក និង​ជីតា​ជាទី​ស្រឡាញ់​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​ ។

ការ​បាត់បង់​នាយ​ឧត្តម​សេនី​យ៏ ​ញ៉ឹ​ក ហួ​ន នា​ពេល​នេះ ​គឺ​ជា​ការ​បាត់បង់​ធនធាន​កង​ទ័​ព​ដ៏​មាន​បទ​ពិសោធ​ន៏ និង​ជា​យុទ្ធ​មិត្ត​ដ៏​ក្លាហាន​ដែល​ហ៊ាន​លៈបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុ​ជីវិត​ ដើម្បី​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​ចេញពី​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុ​ល​ពត ​។ លោក​ ញ៉ឹ​ក ហួ​ន ក៏​ជា​យុទ្ធ​មិត្ត​រួម​អាវុធ​ដ៏​ស្វិតស្វាញ​ជាមួយ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ក្នុង​បុព្វហេតុ​រំដោះ និង​សង្គ្រោះ​ជាតិ និង​ប្រជាជន​ចេញពី​របប​វាល​ពិឃាដ​ប៉ុ​ល​ពត​ផង​ដែរ​ ។

សព​ឧត្តម​សេនី​យ៏ ​ញ៉ឹ​ក ហួ​ន ​​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​គេហដ្ឋាន​លេខ​៨E0, ​ផ្លូវ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​គ្រោង​ដង្ហែ​ទៅ​ធ្វើ​ឈាបនកិច្ច​នៅ​ឈាបនដ្ឋាន​វត្ត​បុ​ទម​វ​ត្តី នា​ព្រឹក​ថ្ងៃ​ទី​២១ ​មក​រា ឆ្នាំ ២០១៦ ៕​