ចាប់ខ្លួន​តំណាង​2​នាក់​ក្រុម​អាជីវករ​តវ៉ា​មុខក្រសួង​មហាផ្ទៃ

ចាប់ខ្លួន​តំណាង​2​នាក់​ក្រុម​អាជីវករ​តវ៉ា​មុខក្រសួង​មហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ដណ្តើម​ផ្សារ​ងិ​ន​អាន​ឬ​ផ្សារ​ទំនប់ ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ​នោះ បាន​ឈាន​ដល់​ការ​ទុំ​ជោរ​មួយ​បន្ទាប់​ពី​អនុប្រធាន​ផ្សារ​និង​មេការ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩​ខែមករា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ខណៈ​ពេល​សមត្ថកិច្ច​អនុវត្ត​ដីកា​របស់​តំណាង​អយ្យការ នាំ​ខ្លួន​មេការ​និង​អនុប្រធាន​ផ្សារ​ទៅ​ដល់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក៏​មាន​អាជីវករ​ជា​ច្រើន​នាក់​ទៅ​លើក​បដា និង​បិទផ្លូវ​(​មហាវិថី​ព្រះ​នរោត្តម​) មុខក្រសួង​មហាផ្ទៃ ដោយ​ស្រែក​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់​។ ល​៕​មួយសន្ទុះ​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទៅ​ណែនាំ​ឲ្យ​ចេញពី​ផ្លូវ​វិញ ។ ប៉ុន្តែ​បើ​ទោះជា​បើកផ្លូវ​ហើយ​ក៏​ដោយ ក៏​ក្រុម​អាជីវករ​ដែល​នាំ​គ្នា​មក​តវា​៉​មិន​ទៅ​ណា​ទេ និង​បាន​ទាមទារ​សុំ​ឲ្យ​មានការ​ដោះ​លែង​មនុស្ស​២​នាក់​នោះ​វិញ ។

លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល រតនា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​មេការ និង​អនុប្រធាន​ផ្សារ​ទំនប់់​នោះ គឺ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន បាន​បង្គាប់​ឱ្យឈ្មោះ សេង សុខ​នី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ផ្សារ​ងិ​ន អាន ហៅ​ផ្សារ​ទំនប់ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ (​ដែល​តាម​ចម្លើយ​ប្រាប់​សមត្ថកិច្ច ឈ្មោះ​នេះ​និយាយ​ថា ខ្លួន​គេ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្សារ​) និង​ម្នាក់​ទៀត​ឈ្មោះ​គឹ​ម ប៊ុ​ន​អាន ភេទ​ប្រុស មុខរបរ​លក់ដូរ (​នៅ​ចំពោះ​មុខ​សមត្ថកិច្ច គេ​ប្រាប់​ថា​ខ្លួន​គេ​ជា​អនុប្រធាន​ផ្សារ​ទំនប់​) និង​ស្នាក់​នៅ​តូប​លក់ដូរ​ក្នុង​ផ្សារ​ទំនប់​នោះ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ ប៉ុ​ល រតនា បានឱ្យ​ដឹង​ទៀត​ថា ដីកា​បញ្ជា​ឱ្យ​តំណាង​ទាំង​២​នាក់​នេះ​ចូលខ្លួន បាន​បញ្ជាក់​ថា ដើម្បី​យក​ទៅ​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ គំរាមកំហែង និង​ញុះញង់​ឱ្យ​មានការ​រើសអើង ។ លោក​ប៉ុ​ល រតនា បន្ត​ថា ត្រង់​អង្គហេតុ​យ៉ាងណា​នោះ​ស្ថិត​នៅ​លើ​តំណាង​អយ្យការ ឯ​សមត្ថកិច្ច​មាន​តួនាទី ត្រឹមតែ​ឃាត់ និង​បញ្ជូន​ឱ្យ​តំណាង​អយ្យការ​តែ​ប៉ុណ្ណោះ ។

ក្រុម​អាជីវករ​បាន​សុំ​ឱ្យ​តំណាង​ទាំង​២​នាក់ ក្នុង​នោះ​មាន​ប្រពន្ធ​របស់​ពួក​គេ​ផង បាន​ចូល​ទៅ​ជួប​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ​ជុំវិញ​ការ​ឃាត់ខ្លួន​នោះ ព្រមទាំង​បាន​ជួប​ប្ដី​ផង ។
បន្ទាប់​ពី​ស្ដ្រី​២​នាក់​ចូល​ជួប​អ្នក​ទាំង​២​នាក់​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រុម​អាជីវករ​បាន​ប្រមូលគ្នា​រក​មធ្យោបាយ​ជិះ​ចាកចេញ​ទៅ​វិញ​អស់​ទៅ ។ បើ​តាម​ព័ត៌មាន​ថា ក្រុម​អាជីវករ​ទាំងនោះ​នឹង​នាំ​គ្នា​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ​(២០​មក​រា​)​ទៀត ដើម្បី​តវ៉ា​សុំ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​២​នាក់​នោះ​វិញ ៕