មាន​​ប្រភេទ​កីឡា​​ត្រឹម​​១៣ ប៉ុណ្ណោះ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​​ក្នុង National Games

ប្រភេទ​កីឡា​មានសក្តានុពល និង​ប្រភេទ​កីឡា​បែប​ប្រពៃ​ណី​ចំនួន​១៣​ប្រភេទប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​រួម​ការ​ប្រកួត​​កីឡា​ជាតិ (National Games 2016) នា​ចុង​ខែ​តុលា និង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​ការ​ប្រកួត​​ជា​លើក​ដំបូង​ធ្វើ​ឡើង ដើម្បី​ដក​ស្រង​យក​បទ​ពិសោធ ​​ត្រៀម​​​​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

wwe-1
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិកា​រជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC) បាន​​ថ្លែង​ប្រាប់​កាល​ពី​​ថ្ងៃ​អង្គារ ម្សិល​មិញ​ថា៖​«​ក្រសួង​​អប់រំ យុវជន និង​កីឡា ជា​អ្នក​រៀបចំការ​ប្រកួត National Games 2016 នេះ​ ដោយ​មាន​ការ​សហការ​ជា​មួយ NOCC ហើយ​នៅ​ពេល​នេះ​មាន​​ប្រភេទ​កីឡា​ចំនួន​១៣ ដែល​​ត្រូវ​​ស្នើ​ដាក់​ឲ្យ​​ប្រកួត​ជា​លើក​ដំបូង​នេះ ដោយ​មិន​ទាន់​មាន​គោល​ការ​ពី​ក្រសួង​នៅ​ឡើយ​ទេ ប៉ុន្តែ​​អាច​នឹង​ចេញ​ឆាប់ៗ​ខាង​មុខ​នេះ»។

ប្រភេទ​កីឡា​ទាំង​១៣ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួតក្នុង National Games 2016​នេះ​រួម​មាន​កីឡាអត្ត​ពលិក ហែល​ទឹក បាល់​ទាត់ បាល់​ទះ បាល់​បោះ តេក្វាន់ដូ វាយ​កូន​ឃ្លី​លើ​តុ ចំបាប់ ប្រដាល់ វាយ​សី វាយ​កូន​បាល់ ​កីឡា​ល្បុក្កតោ និង​កីឡា​ប៉េតង់ ហើយ​ការ​ប្រកួត​នេះ សហព័នព័​ន្ធ​នៃ​​ប្រភេទ​កីឡា​ទាំង​នេះ​ ត្រូវ​​រៀបចំ​ការ​ប្រកួត​ដោយ​ខ្លួន​ឯង​​ដូច​ជា​ការ​ប្រកួត​ស៊ីហ្គេម អ៊ីចឹង​ដែរ។

wwe-2
យ៉ាង​ណា​ក៏​ដោយ លោក ធិន វិចិត្រ អគ្គ​លេខាធិការសហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ប្រាប់​ពី​ម្សិល​មិញ​ថា៖​«យើង​មិន​មាន​ការ​បារម្ភពី​ការ​រៀចំ​ការ​ប្រកួត​ចំបាប់ ក្នុង National Games ​នោះ​ទេ ព្រោះយើង​​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​ចំបាប់​ជើង​ឯក​យុវជន កន្លង​មក។ យើង​នៅ​ខ្វះ​មន្រ្តី​បច្ចេក​ទេស និង​​អាជ្ញាកណ្តាល​កម្រិត​ស្តង់​ដារ​ដែរ ប៉ុន្តែ​មុន​ការ​ប្រកួត National Games យើងនឹង​មាន​បើក​វគ្គអាជ្ញាកណ្តាល​មួយ ​ហេតុ​នេះ​យើងនឹង​មាន​មន្រ្តី​បច្ចេក​ទេស និង​អាជ្ញាកណ្តាលគ្រប់​គ្រាន់ សម្រាប់​រៀបចំ​ការ​ប្រកួតកីឡា​ចំ​បាប់ ក្នុង Notional Games ហើយ​វា​ជា​រឿង​ល្អ​បំផុត សម្រាប់​យើង​ឈាន​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​អាស៊ាន ដែល​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ National Games ​នេះ»៕​