ជនមិនស្គាល់មុខ បើករថយន្តទំនើប ទៅបាញ់ មន្ត្រីកងរាជអាវុធហត្ថ ពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា ចេញពីផឹកស៊ី បណ្តាលឲ្យ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ កម្លាំងអាវុធផ្ទៃប្រទេសម្នាក់ បានរងរបួសធ្ងន់ ត្រួវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗខណៈ រូបគាត់ និងមិត្តភ័ក្រ ចេញពីផឹកស៊ី ហើយត្រូវជនមិនស្គាល់មុខ បើករថយន្ត តាមពីក្រោយ ដកកាំភ្លើងបាញ់ចំនួន ពីរគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ១៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខច្រកចូល វត្តនាគវ័ន តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេបូ៣ ខណ្ឌទួលគោក។

តាមសាក្សីនៅ ដែលជាកម្លាំងអាវុធហត្ថ ជាអ្នកធ្វើដំណើរជាមួយគ្នា បានឲ្យដឹងថា នៅមុនពេលកើតហតុ ពួកគេបាននាំគ្នាផឹកស៊ី នៅហាង ភូមិខ្មែរ នៅជិតទីបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ហើយបាននាំគ្នាជិះ ម៉ូតូមួយគ្រឿង ម៉ាកស៊ីរុស ឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅលិច ទៅកើត ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿងមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្រាបទិសគ្នា ហើយបានដកកាំភ្លើងខ្លី មិនចាំម៉ាក បាញ់ប្រហារ ទៅលើជនរងគ្រោះចំនួន ពីរគ្រាប់ បណ្តាលឲ្យចំអ្នក ដែលអង្គុយ ខាងក្រោយរបួសដៃខាងឆ្វេងមួយគ្រាប់ និងជើងឆ្វេងមួយគ្រាប់។

សាក្សីដដែលបានបន្តថា បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់រួច បានបើកគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានមិត្តភ័ក្រ ដឹកទៅមន្ទីរពេទ្យ កាល់ម៉ែត្រ ដើម្បីសង្គ្រោះ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចទាក់ទង និងករណីខាងលើនេះសង្ស័យជារឿងគុំនំ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត