ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ហើយ​ត្រលប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក តែ​បាន​ក្លាយជា​រឿង​សំណាង​វិញ ដោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដាក់​ប្រ​ព​ន្ធ័ GPS ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​យក​ម៉ូតូ​បាន​មក​វិញ​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភា្ល​ម​ៗ តែ​ចាប់​ជនសង្ស័យ​ចាប់​មិន​បាន ។

ជន​រង​គ្រោះ​ឈ្មោះ​ប៉ូ សិទ្ធ​រៈ អាយុ​២៣​ឆ្នាំ បុគ្គលិក​ផ្នែក​IT​នៅ​ណា​ហ្គា​វ៉ើ​ល បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ រូបគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1BD-3337 ចេញពី​ធ្វើការ​នៅ​ណា​ហ្គា​វើ​ល ហើយ​ជិះ​ត្រលប់​មក​ផ្ទះ​វិញ ស្រាប់​តែ​គេ​ជិះ​ម៉ូតូ​មក​ឈប់​ដល់​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស​មិន​ចាំ​ស្លាក​លេខ បាន​មក​ឈប់​ម៉ូតូ​ក្បែរ​គេ (​ជន​រង​គ្រោះ​) រួច​ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​ពណ៌​ខ្មៅ ភ្ជង់​សំដៅ​មក​លើ​ខ្លួន​គេ ដោយ​ភិតភ័យ​ពេក បាន​ផ្តួល​ម៉ូតូ​របស់​ខ្លួន រួច​រត់គេច​រក​កន្លែង​មាន​សុវត្ថិភាព ។

ភ្លាម​ៗ​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​១ សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ដោយ​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​នោះ គឺ​គេ​បាន​ដាក់​ប្រ​ព​ន្ធ័​GPS នៅ​ជាប់​ម៉ូតូ​របស់​គេ ហើយ​គេ​អាច​ដឹង​ថា ម៉ូតូ​នេះ​ជិះ​ទៅ​ដល់​ចំណុច​ណាខ្លះ​។

ទោះជា​យ៉ាងណា ករណី​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​នៅ​ខណ្ឌទួលគោក​នេះ ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​មក​វិញ ដោយសារ​ប្រ​ព​ន្ធ័​GPS ដែល​ជន​រង​គ្រោះ​ត​ជាប់​ជាមួយ​ម៉ូតូ​របស់​គេ​នោះ នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ភូមិ​ក្នុង​ក្បាលដំរី សង្កាត់​ការ​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​វិញ​ភ្លាម​ៗ តែ​គួរ​ឱ្យ​សោកស្តាយ​សមត្ថកិច្ច​ចាប់​មិន​បាន​ជនល្មើស សូ​ម្បី តែ​ម្នាក់ ។