ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំង គ្រងម្កុដជាស្រីស្អាត Mrs Califinia-Amerccan 2015 មកបំពេញភារកិច្ច ជាឯកអគ្គរាជទូតសុឆន្ទៈ ទេសចរនៅកម្ពុជា

ភ្នំពេញ៖ ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំង ដែលបានគ្រងតំណែងជា Mrs Califinia-Amerccan 2015 នៅរដ្ឋកាលូហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានមកដល់ ប្រទេសកម្ពុជា ហើយ និងកំពុងបំពេញភារកិច្ច ក្នុងនាមជា ឯកអគ្គរាជទូតសុឆន្ទៈ ស្វែងយល់ពីការអភិវឌ្ឍន៍ វិស័យទេសនៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេស នៅលើពិភពលោក។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងថា “លោកស្រី Jacquelin Bhagavan បានគ្រងម្កុដ ជាស្រី្តឯកប្រចាំឆ្នាំ (Mrs Califinia-Amerccan 2015) នេះជាមោទនៈភាពមួយ សម្រាប់ប្រជាជនកម្ពុជា ហើយក្រសួងទេសចរណ៍ មានសេចក្តីរីករាយ ដែលបានទទួលវត្តមានលោកស្រី មកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងនាមជា ឯកអគ្គរាជទូតសុឆន្ទៈ ដើម្បីជួយលើការងារ វិស័យទេសចរណ៍ នៅកម្ពុជានាពេលនេះ”។

អនុរដ្ឋលេខាធិការរូបនេះបន្តថា “បច្ចុប្បន្នវិស័យទេសចរណ៍ នៅកម្ពុជាមានការរីកចំរើន យ៉ាងខ្លាំងក្លាគួរឲ្យ កត់សម្គាល់ ប៉ុន្តែទន្ទឹមនេះ កម្ពុជាក៏ត្រូវការផ្សព្វផ្សាយ បន្ថែមទៀត ដើម្បីទាក់ទាញទេសចរ ឲ្យមកកំសាន្ត ក្នុងប្រទេសកម្ពុជាកាន់តែច្រើន ។ វត្តមានរបស់ លោកស្រី នៅពេលនេះ នឹងជួយផ្សព្វផ្សាយ ពីសក្កានុពលទេសចរកម្ពុជា បានកាន់តែទូលំទូលាយ ទៅកាន់បណ្តាប្រទេស ជាច្រើននៅជុំវិញពិភពលោក ពិសេសបានរួមចំណែក ជួយលើកកម្ពស់ជីវភាព ប្រជាជនកម្ពុជា ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ”។

ស្រ្តីទី១នៅអាស៊ី ដែលជាប់ជាស្រ្តី សម្រស់ឯកប្រចាំ ឆ្នាំ២០១៥ លោកស្រី Jacquelin Bhagavan បានថ្លែងថា “លោកស្រីពិត ជាមានកិត្តិយសបំផុត ដែលបានមកទស្សនកិច្ច ផ្លូវការនៅកម្ពុជា ពិសេសបានមក លេងស្រុកកំណើត របស់ខ្លួន និងបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ ឲ្យកាន់តែមានភាពរីកចំរើន។ តាមរយៈការស្វែងយល់ អំពីវិស័យទេសចរណ៍ នៅកម្ពុជា លោកស្រី នឹងប្រាប់ទៅពិភពលោក ថា កម្ពុជាជា ប្រទេសមានសន្តិភាព មានការអភិវឌ្ឍន៍ មានវប្បធម៌ ប្រពៃណីល្អផូរផង់ និងមានសក្កានុពល ទេសចរណ៍ ដ៏សម្បូរបែប ទាំងទេសចរវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដើម្បីជួយទាក់ទាញទេសចរ អន្តរជាតិឲ្យមកកម្ពុជា បានកាន់តែច្រើន”។

លោកស្រីបានឲ្យដឹងថា “ខ្ញុំមានដើមកំណើតជាកូនខ្មែរ រស់នៅខេត្តប៉ៃលិន ហើយបានទៅរស់នៅ សហរដ្ឋអាមេរិ នៅក្រោយឆ្នាំ១៩៩៧ បន្ទាប់ពីរបប កម្ពុជាប្រជាធិបតេយ្យ ត្រូវបានដួលរលំ។ បច្ចុប្បន្នលោកស្រីមានវ័យ ៤៣ឆ្នាំ មានកូន ២នាក់ រស់នៅរដ្ឋកាលីហ្វ័រនីញ៉ា នៅ ឆ្នាំ២០១៥ លោកស្រីបានចូលរួមប្រលង ស្រ្តីមានសម្រស់ឯកប្រចាំឆ្នាំ ដែលមានអ្នកចូលរួមមកពី ៥១រដ្ឋ និងបានជាប់ជាស្រ្តីមានសម្រស់ឯក នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក”។

សូមបញ្ចាក់ថា តាមការគ្រោងទុក លោកស្រី និងបំពេញទស្សនកិច្ច រយៈពេល ៤ថ្ងៃ នៅកម្ពុជា ហើយថ្ងៃបន្ទាប់នេះ លោកស្រី និងស្វាមី ត្រូវបានអនុញ្ញាត ឲ្យចូលក្រាបបង្គំគាល់ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រមទាំងទៅកំសាន្ត ស្វែងយល់ នៅតំបន់ទេសចរណ៍ មួយចំនួនទៀតក្នុងប្រទេសកម្ពុជា៕

ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំង គ្រងម្កុដជាស្រីស្អាត Mrs Califinia-Amerccan 2015 មកបំពេញភារកិច្ច ជាឯកអគ្គរាជទូតសុឆន្ទៈ ទេសចរនៅកម្ពុជា

ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំង គ្រងម្កុដជាស្រីស្អាត Mrs Califinia-Amerccan 2015 មកបំពេញភារកិច្ច ជាឯកអគ្គរាជទូតសុឆន្ទៈ ទេសចរនៅកម្ពុជា