សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​បរិភោគ​ផ្លែ​ប៉េងប៉ោះ​ជាង​១០​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ប្រឈម​នឹង​ហានិភ័យ​កើត​មហារីក​ប្រូ​ស្តា​ត​ក្រោម​១៨​ភាគរយ ។

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​ជំងឺមហារីក​ទូទៅ​បំផុត​លំដាប់​ទី​ពីរ​ដែល​កើត​មាន​លើ​បណ្តា​បុរស​នៅ​ទូ​ទាំង​ពិភពលោក ។ អត្រា​អ្នក​កើត​ជំងឺ​នេះ​ខ្ពស់​ជាងគេ​គឺ​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ហើយ​អ្នកជំនាញ​ជឿ​ថា វា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បែបបទ​រស់នៅ​ក៏​ដូច​ជា​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​របស់​បស្ចិមប្រទេស ។

ដើម្បី​វាយតម្លៃ​ថា តើ​របប​អាហារ​ប្រចាំ​ថ្ងៃ​ពិតជា​ជួយ​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​ពិត​មែនឬ​យ៉ាងណា​នោះ ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​៣​ផ្សេង​ៗ​គ្នា​គឺ Universities of Bristol,Cambridge និង Oxford បាន​ពិនិត្យ​មើលទៅ​លើ​របប​អាហារ​និង​របៀប​រស់នៅ​របស់​បុរស​១៨០៦​នាក់​អាយុ​ចន្លោះ​ពី​៥០​ទៅ​៦៩​ឆ្នាំ និង​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​បុរស​មួយ​ក្រុម​ផ្សេង​ទៀត​ចំនួន ១២០០៥​នាក់​ដែល​មិន​មាន​ជំងឺមហារីក ។ ជា​លទ្ធផល ពួក​គេ​បាន​រក​ឃើញ​ថា ប៉េងប៉ោះ​ត្រូវ​បាន​បង្ហាញ​ថា មាន​ប្រយោជន៍​ច្រើន​បំផុត ដោយ​វា​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​បាន​១៨​ភាគរយ​ចំពោះ​អ្នក​ដែល​ទទួលទាន​១០​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ប្រសិទ្ធភាព​បែប​នេះ​របស់​ប៉េងប៉ោះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​គិត​ថា​គឺ​កើតឡើង​ដោយសារ lycopene ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មាន​កម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិពុល​ដែល​បំផ្លាញ DNA និង​កោសិកា។

Vanessa Er សមាជិក​ក្រុម​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Bristol បាន​និយាយ​ថា ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា ប៉េងប៉ោះ​អាច​ជា​បន្លែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ ទោះជា​ដូច្នេះ​ក្តី ការ​សិក្សា​បន្ថែម​ទៀត​ចាំបាច់​ត្រូវធ្វើ​ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ពី​ការ​រក​ឃើញ​របស់​យើង ជា​ពិសេស​គឺ​តាម​រយៈ​ការ​ពិសោធ​ទៅ​លើ​មនុស្ស ។ បុរស​គួរ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​គ្រប់​ប្រភេទ​រក្សា​ទម្ងន់​ខ្លួន​កុំឱ្យ​ធាត់ និង​ត្រូវ​ហាត់ប្រាណ​ជាប់​ជា​ប្រចាំ​ផង​ដែរ ។

ការ​ណែនាំ​កន្លង​មក​របស់​អ្នកជំនាញ​គឺថា  បណ្តា​បុរស​ដែល​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ចំនួន​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ថយ​ចុះ​ដល់​២៤​ភាគរយ​ធៀប​ទៅ​នឹង​ក្រុម​ដែល​មិន​បរិភោគ​សោះ ឬ​បរិភោគ​ដែរ តែ​ក្នុង​ចំនួន​តិចតួច ៕