ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ត្បូង​ដែល​ជា​វត្ថុ​ដ៏​មាន​តម្លៃ​សម្រាប់​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​ប្រើប្រាស់ផ្សេងៗ​ ដែល​ឈ្មួញ​ប្រកប​របរ​មួយ​នេះ​មានការ​លំបាក​​រក​ទិញ​ជាង​ពី​មុន ប៉ុន្តែ​នៅ​តាម​បណ្តា​តូប​លក់ដូរ​នីមួយ​ៗ​មាន​តម្លៃ​ខ្ពស់ ។

​ជាក់ស្តែង​នៅ​តូប​លក់ដូរ​ត្បូង​របស់​បុរស​ម្នាក់ ឈ្មោះ តា​យ តាំ អាយុ​៣២​ឆ្នាំ ​​ដែល​មាន​​ទីតាំង​​​នៅ​ខាងជើង​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ​​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​លក់​ត្បូង​កែ​ច្នៃ​ជា​ច្រើន​ប្រភេទ ដូច​ជា ត្បូង​កណ្តៀង​ពណ៌​ខៀវ ត្បូង​ទទឹម ពណ៌​ក្រហម ពេជ្រ​ប៉ៃលិន ពណ៌​ទឹកភ្លៀង​ តង ពណ៌​ទឹកត្រី និង​នី​ល ពណ៌​ខ្មៅ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ខាងលើ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ត្បូង​នៅ​ខេត្ត​ប៉ៃលិន មានការ​លំបាក​រុករកណាស់​ដោយសារ​ដី​រ៉ែ​កាន់តែ​អស់ និង​មានការ​អភិរក្ស​មិន​ឱ្យ​បន្ត​ជីក​កកាយ​លើ​ដី​កម្មសិទ្ធិ​អ្នក​ដទៃ ។ ​ត្បូង​ដែល​លក់ដូរ​សព្វថ្ងៃ នាំ​យក​មក​ពី​ខេត្តតាកែវ​ខ្លះ ខេត្តព្រះវិហារ​មួយ​ចំនួន និង​ខេត្ត​រតនគីរី​ផង​ដែរ តែ​ត្បូង​ដែល​មាន​តម្លៃ​ជាងគេ គឺ​ត្បូង​ដុះ​ចេញពី​ខេត្ត​ប៉ៃលិន​តែ​ម្តង ព្រោះ​ត្បូង​នេះ​មានគុណ​ភាពល្អ និង​សម្រស់​ស្រស់​ស្អាត បញ្ចេញ​រស្មី​ទាក់ទាញ​ភ្នែកគួរ​ឱ្យ​ចាប់អារម្មណ៍ ។

លោក​បញ្ជាក់​ទៀត​ថា ការ​ទិញលក់​ត្បូង​មិន​អាច​កំណត់​តម្លៃ​បាន​នោះ​ទេ បើ​ត្បូង​មាន​ទ្រង់ទ្រាយ​ល្អ ​​គាត់​​អាច​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់ ជួនកាល​១​កា​រ៉ាត់​ទិញ​ថ្លៃ​១០​ម៉ឺន​រៀល ឬ​១០០​ដុល្លារ​ ក៏​មាន​ដែរ ហើយ​ក្រោយមក​ឱ្យ​ជាង​ធ្វើការ​ច្នៃ​ដាក់​លក់ សម្រាប់​ឱ្យ​អតិថិជន​ទិញ​យក​ទៅ​ដាក់​ជា​បណ្តោង​ខ្សែ​.ក ដាំ​ត្បូង​លើ​ចិញ្ចៀន​ជាដើម ។

​លោក​បញ្ជាក់​ថា អតិថិ​ជិត ដែល​ចូល​មក​ទិញ​ត្បូង​ច្នៃ​រួច នៅ​ក្នុង​ខេត្ត​ប៉ៃលិន គឺ​មក​ពី​គ្រប់​ខេត្ត/​រាជ​ធានី​ ទូ​ទាំង​ប្រទេស​កម្ពុជា ជួនកាល​ក៏​មាន​ជនបរទេស​ផង​ដែរ ប៉ុន្តែ​ភាគច្រើន​គ្រាន់​តែ​ដើរ​មើល និង​ថត​យក​ជា​រូបភាព​ត្បូង​ប៉ុណ្ណោះ ៕