កងរាជអាវុធហត្ថ មិនទាន់​បូកសរុប​ឈើ នៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី ព្រោះ​កំពុង​ពិនិត្យ​

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ដឹកនាំ​គណៈកម្មការ​របស់ខ្លួន ចុះ​ត្រួត​ពិនិត្យមើល​ទីតាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ឆាយ​ណា​ដាយ​ណា​ម៉ិ​ក និង​ទីតាំង​មួយចំនួន ស្ថិត​ក្នុងព្រៃ​តំបន់​រលួស ស្ថិតនៅ​ភូមិ​រលួស ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។
​    ​
បន្ទាប់ពី​ពិនិត្យមើល​ទីតាំង​ស្តុក​ឈើ​នៅក្នុង​ខេត្តក្រចេះ​រួច លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ដឹកនាំ​គណៈប្រតិភូ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ស្តុក​ឈើ​ស្ថិតនៅក្នុង​ខេត្ត​​មណ្ឌល​គី​រី ដោយបាន​រកឃើញ​ឈើ​ជាច្រើន​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​ឲ្យ​ដឹងថា កាល​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ដឹកនាំ​សមាជិក នៃ​គណៈកម្មការ​ជាតិ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​នៅ​ភូមិ​រលួស ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ​។ បន្ទាប់ពី​ពិនិត្យមើល​ទីតាំង​ឈើ​នៅ​ខេត្តក្រចេះ​រួច លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ស្តុក​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​។

​លោក​បញ្ជាក់ថា “​យើង​នៅតែ​រក្សា​នៅ​ភាព​ដើម​ដដែល ហើយ​យើង​ឲ្យ​ជំនាញ​វាស់វែង ដើម្បី​ទ​ទទួលបាន​លទ្ធផល ពេល​ក្រោយ​បានធ្វើរ​របាយការណ៍​ប​ញ្ជា​ក់​លទ្ធផល​”​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បន្តថា ចំពោះ​ចំនួន​ឈើ​ដែល​សមត្ថកិច្ច​កំពុងតែ​គ្រប់គ្រង គឺ​នៅ​មិនទាន់​រាប់​ចំនួន​ឈើ​ហើយ​នៅឡើយ​ទេ ដោយ​ឲ្យ​រក្សា​ភាព​ដើម​នៅ​ដដែល ដោយ​មិន​ឲ្យ​យកទៅ​ណា​ទេ គឺ​រង់ចាំ​ការផ្ទៀងផ្ទាត់​តាម​ឯកសារ​សិន​។

​លោក​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ អង្គ​ប្រជុំបាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដោយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ មាន​យន្តការ​ច្បាស់លាស់ ដើម្បី​សម្រេចបាន​នូវ​ភារកិច្ច​របស់ខ្លួន​ដោយ​ជោគជ័យ​។ នៅ​ថ្ងៃខែ​ដដែល​វេលា​ម៉ោង ១៤ និង ៣៥​នាទី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ដឹកនាំ​សមាជិក​នៃ​គណៈកម្មការ​ជាតិ ចុះ​ដល់ទី​តាំង​ស្តុក​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ត្រួតពិនិត្យ​ជាក់ស្តែង​។

​ជាមួយគ្នានេះ គណៈកម្មការ​ជាតិ​បានរៀបចំ​មណ្ឌល​ប្រតិបត្តិការ​២៤​លើ​២៤​ម៉ោង ទទួល​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ ដែលមាន​ទូរ​សព្ទ​លេខ​៖ ០២៣ ៦៦៦ ៧៦៦៧, ០២៣ ៦៣៦ ៧៣៦៧, ០២៣ ៦៦៦ ៨៦៦៨​។ គណៈកម្មការ​ជាតិ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ឱ្យចូល​រួមសហការ​ផ្តល់​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ​នេះ​ផងដែរ តាមរយៈ​លេខ​ទូរ​សព្ទ​ខាងលើ​។​

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន នាយសេនាធិការ និង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍​អោយដឹងថា ចំពោះ​ចំនួន​ឈើ​ប៉ុន្មាន គឺ​នៅ​មិនទាន់​ក្តាប់បាន​នៅឡើយ​ទេ ពីព្រោះ​អាវុធហត្ថ ស្ថិតនៅក្នុង​ការងារ​កា​រពារ និង​គ្រប់គ្រង​នៅក្នុង​ឃ្លាំង និង​ឈើ​ដែល​រកឃើញ​នៅក្នុង​ព្រៃ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ការងារ​នៅលើ​ការពិនិត្យ​ចំនួន​ប៉ុន្មានៗ គឺ​អាស្រ័យទៅលើ​ការងារ​ជំនាញ ហើយ​ជំនាញ​គឺមាន​រដ្ឋបាល​ព្រៃឈើ បាន​កំពុងតែ​ចុះ​ធ្វើ​ការងារ​នឹង​ហើយ សម្រាប់​គណៈកម្មការ​ចម្រុះ ហើយ​យើង​អត់​ទាន់​ដ​ដឹង​ចំនួន​ទេ ជឿជាក់ថា មកដល់​ម៉ោង​នេះ ក៏​វា​អត់​ទាន់​មាន​តួលេខ​ពិតប្រាកដ​ដែរ ទុក​ឲ្យ​គណៈកម្មការ​គេ​ពិនិត្យ​សិន​ចុះ​”៕​