ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នឹងធ្វើ​ការប្រជុំ​ជាក់លាក់​មួយ និយាយ​អំពី​ការជួល​ដី

ភ្នំពេញ: លិខិតផ្លូវការ​ចំនួន​២ របស់​កម្ពុជា និង​វៀតណាម បាន​ឲ្យ​ដឹងថា ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នឹងធ្វើ​ការប្រជុំ​ជាក់លាក់​មួយ ដើម្បី​ផ្លាស់ប្តូរ​យោបល់​សំរាប់​វិធានការ​ជាក់ស្តែង ដើម្បី​ដោះស្រាយ​បញ្ហា និង​បញ្ឈប់​ការជួល​ដី​នៅតាម​ព្រំដែន ធ្វើយ៉ាងណាធានា​ផលប្រយោជន៍​សមស្របរ​បស់​អ្នក​ជួល និង​អ្នក​ឲ្យ​ជួល​ដី​។​
​    ​
​ការបញ្ជាក់​ឲ្យ​ដឹង​ស្តីពី​ការជួបគ្នា​រវាង​ប្រទេស​ជាប់​ព្រំដែន​ទាំង​២ កម្ពុជា​-​វៀតណាម គឺធ្វើឡើង​តាម​លិខិត ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្ញើរ​ជូនទៅ​លោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ស្នើ​ឲ្យ​បញ្ឈប់​ជួល​ដី​ពី​ពលរដ្ឋ​ខ្មែរ នៅតាម​តំបន់​ព្រំដែន ឲ្យ​ទៅ​ពលរដ្ឋ​វៀតណាម​។​
​    ​
​ក្នុង​លិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្នើ​ទៅនោះ ត្រូវបាន​លោក ង្វៀន តាន់​យ៉ុង នា យក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានចេញ​លិខិតផ្លូវការ​មួយ ចុះ​ថ្ងៃទី​២១ ខែធ្នូ  ឆ្នាំ​២០១៥ បាន​ឆ្លើយតប​ជា​វិជ្ជមាន​មកកាន់​សម្តេច​តេ​ជោ​។​
​    ​
​ក្នុង​លិខិត​នោះ គឺ​នាយករដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់ថា ទី​១.​លោក​យល់ព្រម​ទាំងស្រុង​ចំពោះ​ការវាយតំ​លៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​ការអភិវឌ្ឍន៍​កាន់តែ​ល្អប្រសើរ​រវាង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ការ​ខំប្រឹងប្រែង និង​លទ្ធផល​ដែល​ភាគី​ទាំងពីរ​ទទួលបាន​ដល់​សព្វថ្ងៃ ក្នុងការ​អនុវត្ត​ការងារ​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​២ ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​ព្រំដែន​វៀតណាម​-​កម្ពុជា ប្រកបដោយ​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រឹងមាំ  ដើម្បី​នាំមក​សុខដុម​រម្យ​នា និង​សុ​ភម​ង្គុ​ម​ដល់​ប្រជាជន​ដែល​កំពុង​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​២​។​
​    ​
​ចំពោះ​ចំណុច​ទី​២. ចំពោះ​បញ្ហា​ជន​វៀតណាម​ជួល​ដី​កម្ពុជា តាម​គោលការណ៍ លោក​សូម​យល់ព្រម​ជាមួយ​សំណើ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​បញ្ជា​ឲ្យ​បញ្ឈប់​ការជួល​ដី និង​ដី ស្រែចម្ការ ដី​លំនៅដ្ឋាន​ជា​ស្ថាពរ​របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​២​នៅតាម​តំបន់​ព្រំដែន​ក្រោម គ្រប់​រូបភាព ក៏ប៉ុន្តែ​បញ្ហា​នេះ​នៅមាន​សេសសល់​ជា​យូរ​មកហើយ ទាក់ទង​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ដោយផ្ទាល់​របស់​ប្រជាជន​ទាំងសងខាង​ព្រំដែន​។ ហេតុនេះ ការដោះស្រាយ​ត្រូវមាន​ពេលវេលា និង​ត្រូវ​ហ្មត់ចត់ សម​ហេតុ​សម​ផល ដើម្បី​ធានា​ផលប្រយោជន៍​សមស្របរ​បស់​អ្នក​ជួល​ដី និង​អ្នក​ឲ្យ​ជួល​ដី ជៀសវាង​កើតឡើង​អំពី​សកម្ម​ពី​ប្រជាជន​នៅតាម​តំបន់​ព្រំដែន កុំ​ឲ្យ​ជះឥទ្ធិពល ដោយសារ ការ​បំ​ភ្លៃការពិត និង​ធ្វើ​ឲ្យ​បែកបាក់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​វៀតណាម​-​កម្ពុជា​។
​    ​
​ដោយឡែក កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក៏បាន​ធ្វើលិខិត​គោរព​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​    ​
​ដោយ​ខ្លឹម​សារលិខិត​បានបញ្ជាក់​ថា លោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ឆ្លើយតប​នឹង​សំណើរ​បស់​សម្តេច​តេ​ជោ ពី​បញ្ហា​ការបញ្ឈប់​ជួល​ដី​ពី​ពល​ខ្មែរ នៅតាម​ព្រំដែន​ឲ្យ​ទៅ​ពលរដ្ឋ​វៀតណាម​ដូចតទៅ​៖ ដោយ​ចំណុច​ទី​១ យល់ព្រម​ជាគោលការណ៍​តាម​សំណើរ​របស់​សម្តេច​តេ​ជោ ឲ្យ​ពលរដ្ឋ​វៀតណាម ឈប់​ជួល​ដី​ពី​ពលរដ្ឋ​ខ្មែរ​ជា​ស្ថាពរ​តាម គ្រប់​រូបភាព​។ ទី​២.​ការជួល​ដី​មាន​ជា​យូរ​មកហើយ​។ ដូច្នេះ​ការដោះស្រាយ​បញ្ហា​នេះ ត្រូវមាន​ពេលវេលា​ម៉ត់​ច្ម​ត់ និង​សម​ហេតុផល ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​អ្នក​ជួល និង​ម្ចាស់​ដី និង​ចំណុច ទី​៣. ស្នើ​សម្តេច​តេ​ជោ​ប្រគល់​ភារកិច្ច​ដល់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ជួបប្រជុំគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ការជួល​ដី​ទាំងនោះ និង​ត្រួតពិនិត្យ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​ជួល ម្ចាស់​ដី បែបបទ​នៃ​ការជួល និង​រយៈពេល​ជួល ដើម្បី​ដោះស្រាយ​ឲ្យ​បាន​សម​ហេតុផល​តាម​ករណី​នីមួយៗ​៕
​    ​    ​    ​