សុខភាព &raquo សុខភាព

តាម​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​នោះ​បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​ប្រហែលជា​១​លាន​និង​៦៥​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ពិភពលោក បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ជំងឺ​បេះដូង​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​អាហារ​ប្រៃ​ខ្លាំង ដែល​តាម​ការ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក​ត្រឹម​២​ក្រាម​ក្នុង​មួយ​ថ្ងៃ។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ The New England Journal of  Medicine បាន​ប្រមែប្រមូល និង​ធ្វើ​វិភាគ​លើ​ទិន្នន័យ​មាន​ស្រាប់​បាន​មក​ពី​ការ​ស្ទង់​មតិ​ចំនួន​២០៥​លើក​លើ​ការ​ប្រើប្រាស់​អំបិល​ក្នុង​បណ្តា​ប្រទេស​ដែល​តំណាង​ជិត​២​ភាគ​៣​នៃ​ប្រជាជន​ពិភពលោក ។ ជា​លទ្ធផល គេ​បាន​រក​ឃើញ​ថា កម្រិត​នៃ​ការ​ប្រើប្រាស់​អំបិល​ទូ​ទាំង​ពិភពលោក​កាលពី​ឆ្នាំ​២០១០​គឺ ៣,៩៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​ពោល​គឺ​លើស​កម្រិត​កំណត់​របស់​អង្គការ WHO ជិត​ទ្វេ​ដង ។

គ្រប់​តំបន់​នៅ​ទូ​ទាំង​ពិភពលោក​គឺ​សុទ្ធតែ​បាន​ប្រើប្រាស់​លើស​កម្រិត​កំណត់​ដោយ​ក្នុង​តំបន់​អាហ្វ្រិក ការ​ប្រើ​អំបិល​កម្រិត​មធ្យម​ចាប់ពី​២,១៨​ក្រាម​ក្នុង​មួយ​ថ្ងៃ ខណៈ​តំបន់​អាស៊ី​កណ្តាល​គឺ​ប្រមាណ​ជា​៥,៥១​ក្រាម​ក្នុង​មួយ​ថ្ងៃ ។ ដូច្នេះ​ម្នាក់​ក្នុង​ចំណោម​ការ​ស្លាប់​ទាំងអស់​១០​នាក់​បង្ក​ឡើង​ពី​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​១,៦៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​គឺ​បណ្តាល​មក​ពី​ការ​ទទួលទាន​អំបិល​ច្រើន​ពេក ។ គួរ​កត់​សម្គាល់ថា មនុស្ស​៤​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​៥​នាក់​កើត​មាននៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ខណៈ​២​នាក់​ក្នុង​ចំណោម​៥​នាក់​កើត​មាន​មុន​ពេល​កំណត់ ។ នេះ​មាន​ន័យ​ថា ពួក​គេ​ស្លាប់​មុន​អាយុ​៧០​ឆ្នាំ ។

Dariush Mozaffarian ព្រឹទ្ធបុរស​សាកលវិទ្យាល័យ Tufts University បាន​ថ្លែង​ថា គ្មាន​តំបន់​ណា​ក្នុង​ពិភពលោក និង​គ្មាន​ប្រទេស​ណា​ដែល​ថា មិន​មាន​អ្នក​ប្រើប្រាស់​អំបិល​ច្រើន​នោះ​ទេ ។ ការ​រក​ឃើញ​ថ្មី​នេះ​គឺ​បាន​ប្រាប់​ជា​ព័ត៌មាន​ពី​ភាព​ចាំបាច់​ក្នុង​ការ​ចាត់វិធានការ​តឹង​រឹ​ុ​ង​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំបិល​ក្នុង​របប​អាហារ​នៅ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​នៅ​ទូ​ទាំង​ពិភពលោក ។

សូ​ដ្យូ​ម​ឬ​អំបិល​ជា​សារធាតុចិញ្ចឹម​សំខាន់​និង​ចាំបាច់​សម្រាប់​ការ​បំពេញ​មុខងារ​របស់​រាង​កាយ ។ ទោះជា​យ៉ាងនេះ ការ​ប្រើប្រាស់​ក្នុង​ចំនួន​ច្រើន​ត្រូវ​គេ​ដឹង​ថា អាច​បង្កើន​ឱកាស​កើត​ជំងឺលើសឈាម​ដែល​ជា​កត្តា​ហានិភ័យ​សំខាន់​មួយ​នៃ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ៕