ចង់​ឱ្យ​ពណ៌​រថយន្ត​នៅ​ភ្លឺ​រលោង ​គួរ​ប៉ូលា​ញឹកញាប់​ប៉ុណ្ណា? ​​


ចង់​ឱ្យ​ពណ៌​រថយន្ត​នៅ​ភ្លឺ​រលោង ​គួរ​ប៉ូលា​ញឹកញាប់​ប៉ុណ្ណា? ​​

រាល់​រថយន្ត​គ្រប់​ប្រភេទ​កាល​ណា​ប្រើ​កាន់​តែ​យូរ​ពណ៌​របស់​វា​នឹង​ឡើង​ស្រអាប់​និង​មាន​ស្នាម​ឆ្កូត​កន្លែង​ណាមួយ​មិន​ខាន តែ​បើ​សិន​អ្នក​ចេះ​ថែ​បាន​​ត្រឹម​ត្រូវ​នោះ​រថយន្ត​អ្នក​នឹង​នៅ​ថ្មី​ជានិច្ច។

 

ចង់​ឱ្យ​ពណ៌​រថយន្ត​នៅ​ភ្លឺ​រលោង ​គួរ​ប៉ូលា​ញឹកញាប់​ប៉ុណ្ណា? ​​

 

លោក វណ្ណា​ដែល​ជា​ជាង​ប៉ូលា​រថយន្ត​មាន​បទ​ពិសោធន៍ ៥ឆ្នាំ​ ឱ្យ​ដឹង​ថា បើ​ចង់​ថែទាំ​ថ្នាំ​រថយន្ត​ឱ្យ​នៅ​ថ្មី​និង​ភ្លឺ​រលោង ម្ចាស់​រថយន្ត​គួរ​ឧស្សាហ៍​យក​ឡាន​ទៅ​ប៉ូលា​ឬ​វាយ​ថ្នាំ​រលោង។

 

អ្នក​ជំនាញ​ប៉ូលា​រូប​នេះ​ថា ធម្មតា​ម្ចាស់​រថយន្ត​អាច​យក​ឡាន​ទៅ​​ឱ្យ​ជាង​វាយ​ថ្នាំ​រលោង​​​រយៈ​ពេល​ពី​កន្លះ​ខែ​ទៅ១ខែ​ម្តង សម្រាប់​រថយន្ត​ដែល​ប្រើ​យូរ និង​ពី ១ខែ​ទៅ ២ខែ​ម្តង ចំពោះ​រថយន្ត​ទើប​ទិញ​នៅ​រាង​ថ្មី ឬ​យូរ​ជាង​នេះ​អាស្រ័យ​លើ​ការ​ថែទាំ​របស់​ម្ចាស់​រថយន្ត។ ប៉ុន្តែ​សម្រាប់​រថយន្ត​ដែល​មាន​ពណ៌​ស្រអាប់​ខ្លាំង​និង​មាន​ស្នាម​ឆ្កូត​ច្រើន ​ត្រូវ​តែ​ប៉ូលា​ដោយ​មាន​ប្រើ​ថ្នាំ​កាត់ (វ៉ៃ​កាត់​ស្នាម​ឆ្កូត) ដើម្បី​ឱ្យ​ពណ៌​រថយន្ត​ឡើង​ភ្លឺ​រលោង​ជាង។

 

បើ​តាម​បទ​ពិសោធន៍​ផ្ទាល់​ដែល​លោក​ជួប​ប្រទះ​រាល់​ថ្ងៃ​ ម្ចាស់​ហាង​លក់​រថយន្ត​មួយ​ទឹក​ជា​ច្រើន​តែង​ហៅ​លោក​ទៅ​ប៉ូលា​រថយន្ត​១សប្តាហ៍​ម្តង ដើម្បី​ឱ្យ​រថយន្ត​គេ​មើល​ទៅ​នៅ​តែ​ថ្មី។

 

ចំពោះ​ការ​វ៉ៃ​ថ្នាំ​រលោង​ធម្មតា​សម្រាប់​រថយន្ត​មាន​ពណ៌​ស្រអាប់​តិចតួច ម្ចាស់​រថយន្ត​អាច​ធ្វើ​បាន​ដោយ​​ខ្លួន​ឯង តែ​សម្រាប់​រថយន្ត​ពណ៌​រាង​ចាស់​ខ្លាំង មាន​ស្នាម​ឆ្កូត​ច្រើន ចាំ​បាច់​​ត្រូវ​ការ​អ្នក​ជំនាញ​ប៉ូលា​មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ ព្រោះ​ត្រូវ​ដោះ​គ្រប់​កន្លុក​កន្លៀត ដើម្បី​ធានា​បាន​ថា​រថយន្ត​ត្រូវ​បាន​ប៉ូលា​ស្អាត​គ្រប់​កន្លែង​និង​មិន​ប៉ះពាល់​គុណភាព​ថ្នាំ​រថយន្ត៕

 

អត្ថបទ៖ ប៉ែត ផាន់និត