មជ្ឈដ្ឋាន​នានា​គ្មាន​ការជឿជាក់​លើ​ប្រតិបត្តិការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​

​ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មិនបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​មជ្ឈដ្ឋាន​នានា​ជឿជាក់ថា អ្វីៗ​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​ទេ ព្រោះ​ឈ្មួញ​ដែល​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​សុទ្ធ​តែមាន​ខ្នងបង្អែក​រឹងមាំ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចម្រុះ​ក្នុងការ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត គឺ​ឈើ​ទាំងនោះ​ត្រូវគេ​អះអាងថា​ជា​ឈើ​ស្របច្បាប់​។

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​វាយតម្លៃថា ចំណាត់ការ​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ប្រហែល​ពុំមាន​ប្រសិទ្ធភាព​ឡើយ​ឬ​អាចមាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី​មិនយូរ​អង្វែង​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា នៅពេលដែល​ឈើ​ក្នុង​ឃ្លាំង​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល គឺជា​ឈើ​ស្របច្បាប់ គឺ​ប្រតិបត្តិការ​ទប់ស្កាត់​ករ​ណី​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​នឹង​ក្លាយទៅជា​រឿង​ឥតន័យ​។ ជាងនេះទៅទៀត​ការរកឃើញ​ឈើ​របស់​ឧកញ៉ា​ជាច្រើន​នាក់ និង​ក្រុមហ៊ុន​មួយចំនួន មើលទៅ​ហាក់ដូចជា​ពុំមាន​អ្វី​ច្បាស់លាស់​ឡើយ ព្រោះ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដូចជា ឧកញ៉ា ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា ថៃ និង​ឧកញ៉ា សី ជាដើម សុទ្ធ​តែមាន​ខ្នងបង្អែក​ក្រាស់​ចាំ​ការពារ​គ្រប់ពេលវេលា ហើយ​អ្វីៗ​អាច​ដោះស្រាយ​ដោយ​ស្ងប់ស្ងាត់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​ឃ្លាំមើល​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​វាយតម្លៃថា នៅ​ទីបញ្ចប់​ឈើ​ស្របច្បាប់​អាច​ត្រូវគេ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល​។ ចំណែក​ឈើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ​ក្នុង​ឃ្លាំង​មួយចំនួន និង​តាម​ដី​សម្បទាន​ក្រុមហ៊ុន​សេដ្ឋកិច្ច គឺអាច​ត្រូវបាន​ប្រមូល​ឲ្យ​មេ​ឈ្មួញ ទ្រី ភាព ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​ចិន​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​រង់ចាំ​មើល​ជា​បន្តទៀត​ចំពោះ​វិធានការ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

តាម​ការសង្កេត​ជាក់ស្តែង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើមូល ឈើ​ឡាំង​៤​ជ្រុង និង​ឈើ​អារ​រួច យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ឈ្មួញ​ស្តុក​ទុក​ក្នុង​ដី​សម្បទាន​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ និង​នៅក្នុង​ព្រៃ​ខេត្តមណ្ឌលគិរី​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ទូទៅ​និង​មជ្ឈដ្ឋាន​នានា​ពុំមាន​ជំនឿ​លើ​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងការ​ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ ដោយហេតុថា​ពេល​ស្ងប់ស្ងាត់​បន្តិច​អ្វីៗ​អាច​កើតឡើង​ដូច​មុន​ដដែល​។ លើស​នេះ​ទៅទៀត​ទំនាក់ទំនង​រវាង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាមួយ​មន្ត្រីជាន់ខ្ពស់​ដែលជា​ខ្នងបង្អែក​ត្រូវបាន​គែ​បង្ហាញ​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook) ដូច្នេះ​នៅ​ទីបំផុត​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ពុំមាន​សមត្ថកិច្ច​ណា​អាច​ទប់ស្កាត់​បានឡើយ​៕

12507178_875188995935581_7534993473885726211_n 12565459_875189165935564_8048549184979096170_nលោក លឹម ប៊ុណ្ណា ហៅខ្នា មេឈ្មួញរត់ពន្ធឈើដ៏ល្បីល្បាញeae85247-2e29-426f-86ac-9c86408f78aa