តុលាការ​បដិសេធ​សំណើសុំនៅ​ក្រៅឃុំ​​របស់​កម្មករ​រោងចក្រ​កាត់ដេរនៅក្រុងបាវិត​

យោង​​​តាម​​​មន្ត្រី​​​ត​​​ុលាការ​​​បាន​​​ឲ្យដ​​​ឹង​​​ថា  កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយរៀង​​​បាន​​​បដិសេធ​​​សំណើ​​​សុំ​​​នៅក្រៅ​​​ឃុំ​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​បួន​​​នាក់ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​​​​មុន អំឡុងពេលមាន​​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​នៅ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ចំនួន​​​ពីរ​​​ ដោយ​​​រំលោភ​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​រវាង​​​​​​សាលា​​​ខេត្ត​​​ និង​​​សហជីព​​​ដែល​​​​​​ឈាន​ដល់​ការ​​​បញ្ចប់​​​ដោយ​​​សន្តិវិធី​​​នូវ​​​ជម្លោះ​​​ដែល​​​​​​ធ្វើ​​​ឲ្យ​​​ថៅកែ​​​​​រោង​​​ចក្រ​​​ខាត​​​បង់​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។

លោក ឃួន រ៉ា ក្រឡា​​​បញ្ជី​​​នៅ​​​សាលា​​​ដំបូង​​​ ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ត្រូវ​​​បាន​​​បដិសេធ​​​ ព្រោះ​​​ចៅ​​​ក្រម​​​​​​សើុប​​​សួរ​​​​​​នៅ​​​មិន​​​ទាន់​​​បញ្ចប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​។ តែ​​​ទោះ​​​ជាយា៉ាង​​​ណា លោក​​​ជៀង អំ អភិបាល​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សំណើ​​​របស់​​​សមាគម​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAC) ដែល​​​ស្នើ​​​សុំ​​​ឲ្យ​​​បដិសេធ​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​ត្រូវ​​​បាន​​​តម្កល់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​អាច​​​ដោះ​​​លែង​​​ពួក​​​គេ​​​បាន​​​ឡើយ​​​​​​ ព្រោះ​​​GMAC ​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ជំទាស់​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​នេះ​​​។លោក​​​បាន​​​បន្ត​​​ថា “សូម​​​ជឿ​​ជាក់​​​លើ​​​ខ្ញុំ​​​ចុះ​​​ ពួក​​​គេ​​នឹង​​​ត្រូវ​​​​​​ដោះ​​​លែង​​​វិញ​​​។ ​​​តុលាការ ​​​កំពុង​​​តែ​​​ពិចារណា​​​នៅ​​​ឡើយ ប៉ុន្តែ យើង​​​មិន​​​អាច​​​ដោះ​​​លែង​​​ពួកគេ​​​បាន​​​ទេ​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​”។

ក្រោយ​​ពីមាន​​​​កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​រយៈ​ពេល​មួយសប្តាហ៍​ លោក​​​ ហូ វឌ្ឍនៈ អភិបាល​​​រង​​​ខេត្ត​​​នេះ​​​ បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​បន្ទាប់​​ពី​បើកការ​​​​ប្រជុំ​​​អស់​​​កន្លះ​​​ថ្ងៃ​​​ជាមួយ​​​ប្រធាន​​​សហជីព និង​​​តំណាង​​​រោង​​​ចក្រ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​ធ្នូ​​​​​​ថា សំណើ​​​សុំ​​​ឲ្យ​​​ដោះលែង​​​អ្នក​​​ទាំង​​​បួន​​​នាក់​​​នេះ​​​នៅ​​​ក្រៅ​​​ឃុំ​​​​ជា​​​ថ្នូរ​​​នឹង​​​ការ​ឲ្យ​​​សមាជិក​​​សហជីព​​​ស្ងប់​​​ស្ងៀម​​​​ទៅ​​​វិញ​​​ត្រូវ​​​បាន​​​ទទួល​​​យក។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដោះ​​​លែង​​​ត្រូវ​​​តែ​​​ “ធ្វើ​​​តាម​​​នីតិវិធី​​​តុលាការ​​​”។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ​​​​ដែល​​​អះ​​​អាង​​​ថា មិន​​​ជាប់​​​ពាក់​​​ក្នុង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ ប៉ុន្តែ ត្រូវ​​​បាន​​​គេ​​​ហៅ​​​ឲ្យ​​​មក​​​ធ្វើ​​​ជា​​​ត​​​ំណាង​​​កម្មករ​​​នៅ​​​ក្នុង​​​ក្រុង​​​បាវិត​​​​​​បាន​​​រិះ​​​គន់​​​​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​កាលពី​ម្សិលមិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​ទទួល​​​បានព័ត៌មាន​​​ថា អាជ្ញាធរ​ចង់ឲ្យមានការ​បដិសេធ​​​ការ​​​ដោះ​​​លែង​​​នេះ​​​ គឺ​​​ដើម្បី​​​ធ្វើ​ឲ្យ​​​កម្មករ​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ស្គាល់​​​​អ្វី​​​ទៅ​​​​​​ដែល​​​ហៅថា​​​​ការ​​​ជាប់​​​គុក​​​ និង​ដើម្បី​​​ឲ្យ​​​កម្មករ​​​ទាំង​​​អស់​​​ក្នុង​​​ក្រុង​​​បាវិត​​​​​​​​​ខ្លាច​​​មិន​​​ហ៊ាន​​​តវ៉ា​​​”។

“ពួក​​​គេ​​​បាន​​​សន្យា​​​ ហើយ​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថា ពួក​​​គេ​​​នឹង​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ បន្ទាប់​​​ពី​​​កម្មករ​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ ពួក​គេ​​​គួរ​​​តែ​​​មាន​​​អារម្មណ៍​​​​​ខ្មាស​​​អៀន។ វា​​​គឺ​​​ជា​​​ការ​​​មិន​​​គោរ​​​ព​​​ចំពោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ ហើយ​​​កម្មករ​​​លែង​​​ជឿ​​​ពួក​​​គេ​​​ទៀត​​​ហើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ​​​ប៉ាវ ស៊ីណា ​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា លោក​​​នឹង​​​មិន​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​​​​មាន​​​ការ​​​តវ៉ា​​​ដើម្បី​​​ជា​​​ការ​​​ឆ្លើយ​​​តប​​​នោះ​​​ឡើយ​​​ ខណៈ​​​កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​​​​នេះ​​​សុទ្ធ​​​តែ​​​មិន​​​មែន​​​ជា​​​សមាជិក​​​របស់​​​លោកនោះ​​​​។

ទោះ​​​បី​​​ជា​​​​​​ GMAC បាន​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃទី​​​២២ ខែ​​​ធ្នូ​​​ក៏​​​ដោយ ​​​ តែ​​​លោក ​​​កែន លូ ដែល​​​ជា​​​អគ្គលេខាធិការ​​​សមាគម​​​​មួយ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ការ​​​ព្រមព្រៀង​​​​ណា​​​មួយ​​​​​​រវាង​​​សាលា​​​ខេត្ត និង​​​សហជីព​​​នោះ​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “តំណាង​​​រោង​​​ចក្រ​​​​​​មិន​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ការ​​​ព្រម​​​ព្រៀង​​​ណា​​​មួយ​​​ឡើយ”។ លោក​​​បាន​​​បញ្ជាក់​​​ថា GMAC​​​បាន​​​ស្នើ​​​សុំ​​​តុលាការ​​​កុំ​​​ឲ្យ​ដោះ​​​លែង​​​​​​កម្មករ​​​ទាំង​​​បួន​​​នាក់​​​នេះ​​​នៅ​​​ក្រៅ​​​ឃុំ ដោយ​​​លើក​​​ឡើង​​​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​ខ្លាចក្រែង​​​​កើត​​​មាន​​​ការ​​​​​​ធ្វើ​​​កូដ​​​កម្ម “លើក​​​ទី​​​២”។ ​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បណ្តឹង​​​ដំបូង​​​ដែល​​​ប្តឹង​​​កម្មករ​​​ទាំង​​​នេះ​​​ពីបទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​រោង​​​ចក្រ គឺ​​​​នៅ​​​តែ​​​ដដែល​​​ ហើយ​​​លោក​​​មិន​​​បាន​​​ធ្វើ​​​ការ​​​សុំ​​​អភ័យ​​​ទោស​​​ចំពោះ​​​ការ​​​ឃុំ​​​ខ្លួន​​​អ្នក​​​ទាំង​​​នេះ​​​បន្ត​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ត្រូវ​​​តែ​​​ប្រឈម​​​នឹង​​​វិធាន​​​ការផ្លូវ​​​ច្បាប់​​​ចំពោះ​ការ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​របស់ពួកគេ​ ​ប្រសិន​បើ​​​សហជីព​​​មិន​នៅពីលើ​​​​ច្បាប់​​​។ យើង​​​នឹង​​​ទុក​​​ឲ្យ​​​ប្រព័ន្ធ​​​តុលាការ​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ​​​”៕​​​ ស៊ុយឈាង  (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Matt Blomberg)​​​

 

The post តុលាការ​បដិសេធ​សំណើសុំនៅ​ក្រៅឃុំ​​របស់​កម្មករ​រោងចក្រ​កាត់ដេរនៅក្រុងបាវិត​ appeared first on ខេមបូឌា ដេលី.