ក្រសួង​​​មហាផ្ទៃ​​​សុំ​​​ជំនួយ​​​ពី​​​​​​អាំង​​ទែ​​​ប៉ូល​​​ដើម្បី​​​តាម​​​ចាប់​​​​​​អ្នក​​​​​​កាត់​​​ត​​​រូប​​​ភាព​​​លោក​​​ស្រី ប៊ុន រ៉ានី​​​​​​

យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រសួង​​​នេះ​​​បាន​​​ស្នើ​​​ឲ្យ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​ជួយ​​​ចាប់​​​ខ្លួន “ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​រស់​​​នៅ​​​ក្រៅ​​​ប្រទេស” ​​​ដែល​​​ក្រសួង​​​នេះ​​​ជឿ​​​ថា ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​កាត់​​​ត​​​ និង​​​ផ្សព្វ​​​ផ្សាយចែក​រំលែក​​​​រូប​​​ថត​​​របស់​​​ភរិយា​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។

រូ​​​ប​​​ថត​​​កាត់ត​ដែល​​​លេច​​​ឡើង​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ចុង​​​​ខែ​​​​មុន​​​បាន​បង្ហាញ​​​ឲ្យ​​​ឃើញ​​ពី​លោក​​​​ស្រី ប៊ុន រ៉ានី ស្ថិត​ក្នុង​ឥរិយាបថ​ឈរ​​​កន្ធែក​​​ជើង​​​ ពេល​​​ថត​​​រូប​​​ជាមួយ​​​ស្វា​​​មី​​​ និង​​​ចៅ​​​ៗ​​​ ចំនួន​​​៦​​​នាក់​​​អំឡុង​ពេល​​​​សម្រាក​​​វិស្សម​​​កាល​​​​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ ដើម្បី​​​អប​​​អរ​​​សាទរ​ឆ្នាំ​​​ថ្មី​​​ឆ្នាំ​​​សកល​​​។

នៅ​​​ក្នុង​​​សារ​មួយ​បង្ហោះ​តាម​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​ខ្លួនកាល​​​ពី​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​ធ្នូ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​​ក្តៅ​ក្រហាយ​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​រូប​​​ថត​​​នេះ​​​ដោយ​​​ចែក​​​រំលែក​រូប​​​ភាព​​​​​ផ្ទាំង​​​ស្គ្រីន​​​​​​ស្ត​​​ី​​​ពី​​​រូប​​​ថត​កាត់​​​ត​​​ និង​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​មួយ​​​ដែល​​​បាន​​​​​​បង្ហោះ​​​រូប​​​ថត​​​នេះ។

នៅ​​​ក្នុង​​​រូប​​​ភាព​​​ផ្ទាំង​​​ស្គ្រីន​​​នោះ​​​ ម្ចាស់​​​គណនី​​​ឈ្មោះ​​​ “Haknukman Leung” បាន​​​សរសេរ​​​ថា “ស្អី​​​គេ​​​!! ស្ត្រី​​​ទី​​​១​​​ខ្មែរ​​​ឈរ​​​អ៊ីចឹង​​​!!!ពិត​​​ជា​​​គំរូ​​​អាក្រក់​​​របស់​​​នារីខ្មែរ​​​មែន​​​!ជោ​​​មើល​​​ប្រពន្ធ​​​ផង​​​ជោ!!!”។

ដោយ​​​ចោទ​​​ប្រកាន់​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​ថា បាន​​​កាត់​​​ត​​​រូប​​​ថត​​​នេះ លោក​​​ ហ៊ុន ​​​សែន បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​សារ​​​មួយ​​​អម​​​ដោយ​​​រូប​​ភាព​​​ផ្ទាំង​​​ស្គ្រីន​​​​​​នេះ​ថា “រាល់​​​ទង្វើ​​​ទាំង​​​ឡាយ​​​​​​ណា​​​ដែល​​​បំផ្លាញ​​​ដល់​​​កិត្តិយស​​​ខ្ញុំ និង​​​គ្រួសារ​​​ក្នុង​​​នាម​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​ប្រទេស​​​មួយ ​​​គឺ​​​ពួក​​​គេ​​​ត្រូវ​​​​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះមុខ​​​ច្បាប់”។

គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​បដិសេធ​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​ទេ​​​។

លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អាជ្ញាធរ​​​កំពុង​​​តែ​​​សើុប​​​អង្កេត​​​លើ​​​រូប​​​ថត​​​នេះ និង​​​ស្នើ​​​សុំ​​​ជំនួយ​​​ពី​​​នគរ​​​បាល​​​អាំងទែ​​​ប៉ូល​​​ខណៈ​​​នគរ​​​បាល​​​ជឿ​​​ថា ជន​​​សង្ស័យ​​​រស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល​​​ដើម្បី​​​ចេញ​​​និវេទន៍​​​​​​ក្រហម​​​​​​សម្រាប់​​​បុរស​​​រូប​​​នោះ​​​។ ពួក​​​គេ​​​បាន​​​ទទួល​​​សំណើ​​​របស់​​​យើង​​​​ហើយ​​​”។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​លើក​​​ឡើង​​​​​​ទៀត​​​ថា លោក​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ត្រឹម​​​តែ​​​ថា ជន​​​សង្ស័យ​​​គឺជា​​​ “ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​ដែល​​​រស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​” ប៉ុណ្ណោះ​ ​​​ហើយ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​នឹង​​​សំណួរ​​​បន្ថែម​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​ការ​​​សើុប​​​អង្កេត​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា ការ​​​និយាយ​​​ជា​​​មួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​គ្មាន​​​ប្រយោជន៍​​​សម្រាប់​​​ការ​​​សើុប​​​អង្កេត​​​របស់​​​យើង​​​ទេ​​​”។

សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​ក្នុង​​​ស្រុក​​​មួយ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​និយាយ​​​ថា ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទាក់​​​ទង​​​​​​ការិយាល័យ​​​សើុប​​​​​​អង្កេត​​​សហព័ន្ធ​​​ (FBI)​​​ទាក់​​​ទិន​​​នឹង​​​ករណី​​​នេះ​​​។ កាល​​​ពី​​​ម្សិលមិញ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​បាន​​​ទាក់​​​ទង​​​ទី​​​ភ្នាក់​​​ងារ​​​សហរដ្ឋ​​​អាមេរិក​​​ ហើយ​​​ថា គេ​​​ដក​​​ស្រង់​​​សម្តី​​​លោក​​​ខុស​​​។

ពេល​​​ទាក់​​​ទង​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ លោក​​​ លឹម ​​​សុខារស្មី ប្រធាន​​​ការិយាល័យ​​​នគរ​​​បាល​​​អាំងទែប៉ូល​​​នៅ​​​កម្ពុជា​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទាក​​​់ទិន​​​នឹង​​​ករណី​​​នេះ​​​ឡើយ​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ផ្តល ់​​[​​​ព័ត៌មាន] ​​​បាន​​​ទេ​​​ ដោយសារ​​​ករណី​​​នេះ​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​៕ ស៊ុយឈាង​

The post ក្រសួង​​​មហាផ្ទៃ​​​សុំ​​​ជំនួយ​​​ពី​​​​​​អាំង​​ទែ​​​ប៉ូល​​​ដើម្បី​​​តាម​​​ចាប់​​​​​​អ្នក​​​​​​កាត់​​​ត​​​រូប​​​ភាព​​​លោក​​​ស្រី ប៊ុន រ៉ានី​​​​​​ appeared first on ខេមបូឌា ដេលី.