ក្រុម​ការងារ​ពិសេស​ថ្មី​​​បន្ត​ប្រតិបត្តិការ​ឆ្មក់​​បង្ក្រាប​កន្លែង​កាប់​ឈើ​ខុស​ច្បាប់​

លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជអាវុធ​​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា អាជ្ញា​ធរ​បាន​ឆ្មក់ចូល​​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មួយ​​ទៀត​កាលពី​ម្សិលមិញ ជា​ផ្នែក​មួយនៃ​ប្រតិបត្តិការ​ថ្មី​ដើម្បី​ចាប់​អ្នក​កាប់​ឈើ​​ខុស​ច្បាប់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ភាគ​បូពា៌​​។

​វា​ជា​ប្រតិបត្តិការ​ថ្មី​បំផុត​​របស់​​ក្រុម​ការ​ងារ​ពិសេស​​ដែល​ទទួលបាន​បញ្ជា​ពី​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​សប្ដាហ៍​មុន​​ឲ្យទប់​ស្កាត់​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ដ៏រាល​ដាល​​នៅ​​ក្នុង​ខេត្ត​ភាគបូពា៌​ដែល​មាន​ព្រំ​​​ប្រទល់ជាប់​ប្រទេស​វៀតណាម​។

លោក អេង ហ៊ី បាន​មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ការ​ងារ​ពិសេស​​បាន​មក​ដល់​ក្រុម​ហ៊ុន​​ចម្ការ​កៅស៊ូ​តុង​មីង (Tong Ming) ​​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ ​ហើយ​បាន​ចាប់​ផ្ដើម​ពិនិត្យ​មើល​ឃ្លាំង​របស់​ក្រុម​ហ៊ុន​នេះ​។

លោក​បាន​ថ្លែង​ថា “​យើង​បាន​​រក​ឃើញ​​ឈើ​​រាប់​រយ​ដុំ​គរ​ទុក​នៅ​ក្នុង​ឃ្លាំង ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា​តើ​មាន​ឈើ​ប៉ុន្មាន​នៅ​ក្នុង​ឃ្លាំង ​”ឬ​ថា​តើ​​ឈើ​ណាជា​ឈើ​ខុស​ច្បាប់​​​ឡើយ​។

ក្រុម​ហ៊ុន​ដែល​គ្រប់គ្រង​ចម្ការ​កៅស៊ូ​ ឬ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្សេង​ទៀតត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាប់​ឈើ​នៅ​លើ​ដី​របស់​ខ្លួន​ ប៉ុន្តែ​ត្រូវ​គេ​ដឹង​ថា ​បាន​កាប់​ឈើ​ហួសពី​ព្រំដែន​​​របស់ខ្លួន​​ ឬ​ទិញ​ឈើ​ពី​ប្រភព​​គួរ​ឲ្យ​សង្ស័យ​។

ការ​ឆ្មក់​ចូល​កាលពី​ម្សិលមិញធ្វើ​ឡើង​ស្រដៀង​គ្នា​​ទៅ​នឹង​​ការ​ចុះទៅពិនិត្យ​មើល​ដីសម្បទាន​សេដ្ឋកិច្ច ឬ​ឃ្លាំង​មួយ​ចំនួន​ទៀត​កាលពី​ថ្ងៃ​អាទិត្យ រួម​ទាំង​ចម្ការ​​​កៅស៊ូ China Dynamic ​ដែល​ស្ថិត​ក្នុង​ខេត្ត​ក្រចេះ​ និង​ដេប៉ូ​មួយ​កន្លែង​ទៀត​​​របស់​លោក លឹម ប៊ុណ្ណា ពាណិជ្ជករ​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាប់គ្នា​ដែរ​។

លោក អេង ហ៊ី បាន​ថ្លែង​ថា ក្រុម​ការ​ងារ​ពិសេស​នេះ​​ក៏​បានចុះ​​ទៅ​ពិនិត្យ​មើល​​ឈើ​មួយ ​គំនរ​ធំ​​ដែល​គេ​រក​ឃើញ​​ក្នុង​ព្រៃ​ក្នុង​ដែន​ជម្រក​​ សត្វព្រៃ​ភ្នំព្រិច​ក្នុង​ខេត្ត​មណ្ឌលគិរីផង​​​ដែរ​​​។

អ្នក​នាំពាក្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា​តើ​​ឈើ​នេះ​​ស្ថិត​នៅ​លើ​ដី​របស់​​ក្រុម​ហ៊ុន​​​ណាមួយ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ដែន​ជម្រក​សត្វ​​​ព្រៃ​នេះ​ឡើយ។ ដី​​​សម្បទាន​​​របស់​ក្រុម​ហ៊ុន ​​Dai Thanh គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ដែន​​​​ជម្រក​សត្វព្រៃ​នេះ។ ក្រុម​​​ហ៊ុន​​​នេះ​​​​កាន់​កាប់​ដោយ​លោក សឹង សំអុល ដែល​​​លោក​​​ជាមួយនឹង​​​​​​លោក ​លឹម ប៊ុណ្ណាសុទ្ធ​​​តែ​​​ជា​គោល​ដៅ​ដ៏​សំខាន់​របស់​ក្រុម​ការ​ងារ​ពិសេស​នេះ​។

​លោក​ទាំង​ពីរ​ក៏​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​ ជា​ងារ​ផ្លូវ​ការ​ដែល​​​​ទទួល​​​បានបន្ទាប់​​​ពី​​​បរិច្ចាគ​​​ប្រាក់​យ៉ាង​តិច​១០០.០០០​ដុល្លារ​ដល់​រដ្ឋាភិបាល​។

លោក អេង ហ៊ី បានមាន​ប្រសាសន៍​ថា ក្រុម​ការងារ​ពិសេស​មិន​ទាន់​ដឹង​ថា តើ​​​​ឈើ​​ដែល​ខ្លួន​បាន​រក​ឃើញ​មកទល់​ពេល​នេះ​​ជា​ឈើខុស​ច្បាប់​ឬយ៉ាងណានោះឡើយ ប៉ុន្តែ​ថា ​វា​អាច​​មាន​ចម្លើយ​ខ្លះ​ត្រឹម​ថ្ងៃ​នេះ​។

លោក​បាន​ថ្លែង​ថា “​យើង​​នឹង​ចងក្រង​របាយការណ៍​លម្អិត​អំពី​ឈើ​ដែល​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ទាំង​បី​នេះ ហើយ​បន្ទាប់​មក​យើង​​​​នឹង​បញ្ជូន​របាយការណ៍​​នេះ​ទៅ​​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​”។

លោក សឹង សំអុល បាន​បដិសេធ​ការ​ចោទ​​​​ប្រកាន់​ដែល​ថា មាន​​​ការ​កាប់​ឈើ​ខុស​ច្បាប់​។ ​​​លោក លឹម បុ៊ណ្ណា មិន​​អាច​ទាក់​ទង​សុំអត្ថា​​​ធិប្បាយ​បាន​ទេ​។

ទោះយ៉ាងណា ក្រុម​ការ​ងារ​ពិសេស​មិន​បានលើកឡើង​ពី​​​លោកឧកញ៉ា ទ្រី ភាព ទេ ដែល​​​​​រង​ការ​ចោទ​ប្រកាន់​ថា​បាន​លាង​​ឈើ​​ខុស​ច្បាប់​តាម​រយៈ​​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​លោក​ជាច្រើន​កន្លែង​ជាង​ឧកញ៉ា​ផ្សេងៗ​ទៀត​។

នៅ​ពេល​សួរ​អំពី​ការ​ជ្រើស​រើស​គោល​ដៅ​ លោក អេង ហ៊ី បាន​ថ្លែង​ថា លោក​ ទ្រី ភាព ​នឹង​ជា​ផ្នែកមួយ​នៃការ​ចាប់​​​អារម្មណ៍​​​របស់​ក្រុម​ការ​ងារ​ពិសេស​នេះ​។ លោក​បាន​​ថ្លែង​ថា “​ក្រុម​ការ​ងារ​ពិសេស​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​មិន​ត្រឹម​តែ​​ឃ្លាំង​របស់​លោក ទ្រី ភាព ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល​ក្រុម​​​ហ៊ុន​ទាំង​អស់​​ដែល​ទទួល​បាន​ដីសម្បទាន​។

​អំឡុង​​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ក្រុម​ការ​ងារ​ពិសេស​​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ លោក អេង ប៊ុនហៀង ​អភិបាល​ខេត្ត​មណ្ឌល ​គិរី​បាន​អះអាង​ថា លោក ទ្រី ភាព និង​លោក លឹម ប៊ុណ្ណា ទទួល​បាន​អាជ្ញាប័ណ្ណ​​ថ្មីៗ​​សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ដែន​ជម្រក​​សត្វ​​​ព្រៃ​ភ្នំព្រិច​​ពី​​ក្រសួង​​បរិស្ថាន​។

អាជ្ញាប័ណ្ណ​នេះ​នឹង​រំលោភ​​លើ​​​បទ​​​បញ្ជា​​​ឲ្យ​​​មាន​​​ការផ្អាក​​​ការ​​​​​​ផ្តល់​​​​​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ ដែល​លោក​ ​​​ហ៊ុន សែន បានចេញ​​កាលពី​​​ឆ្នាំ​២០១២​​​។

កាលពី​ម្សិលមិញ លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​បដិសេធ​​ការ​អះ​អាង​របស់​អភិបាល​ខេត្ត​រូប​នេះ​។ លោក​បាន​ថ្លែង​ថា លោក​ឧកញ៉ា​ទំាង​ពីរ​ត្រូវ​​​បាន​ផ្ដល់​​ការ​អនុញ្ញាត​​ឲ្យ​ប្រមូល​ឈើដែល​កាប់​រួច​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរ​​​ដែល​ក្រសួង​បាន​លុប​ចោល​កាលពី​ឆ្នាំ​មុន​ប៉ុណ្ណោះ​។

លោក សៅ សុភាព បាន​ថ្លែង​ថា “​មិន​មាន​​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ឡើយ​។ នេះ​គឺ​ជា​ការ​ទទួល​បាន​ការ​អនុ​​​ញ្ញាត​​​ឲ្យប្រមូល​ឈើដែល​កាប់​រួច​​​នៅ​លើ​​​​ដី​សម្ប​ទាន​ចាស់​តែ​ប៉ុណ្ណោះ។ ពួកគាត់​​​មិន​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​កាប់​ឈើ​ឡើយ”។

លោក សៅ សុភាព បាន​ថ្លែង​ថា​ លោក​មិន​​​​ដឹង​ថាតើ​​ឈើ​ប៉ុន្មាន​ដែល​ពួកគាត់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រមូល​​ ឬ​​ថា​តើ​ពួកគាត់​បង់​ប្រាក់​ប៉ុន្មាន​ដើម្បី​ទទួល​បាន​សិទ្ធិ​នេះ​ឡើយ​។

ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ទៅ​លើ​ការ​កាប់​ឈើ​ខុស​ច្បាប់​ ក្រុម​ការ​ងារ​ពិសេស​នេះ​​ក៏​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​ចំពោះ​ការ​ដឹកឈើ​ទាំង​អស់​ពី​ប្រទេស​កម្ពុជា​​​​ ទៅ​ប្រទេស​​វៀត​ណាម ដែល​មាន​ប្រសិទ្ធ​​​ភាព​ភ្លាមៗ។ ភាគ​ច្រើន​នៃ​ការ​ជួញដូរ​នោះ​​​ត្រូវ​គេ​ជឿ​ថា​ខុស​ច្បាប់។

​លោក អេង ហ៊ី បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​​បញ្ឈប់​ការ​នាំចេញ​​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស​​ចាប់​ពីពេល​នេះទៅ​ ពីព្រោះ​ក្រុម​ការ​ងារ​ពិសេស​​​​របស់​យើង​​​​ចង់​​ស្វែង​រក​ការ​ពិត​”។

រដ្ឋាភិបាល​​បាន​ធ្វើ​ប្រតិបត្តិការ​ដ៏​លេច​​​ធ្លោ​ប្រឆាំង​ការ​ជួញដូរ​​ឈើ​ខុស​ច្បាប់​ដ៏រាល​ដាល​​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ពីមុន​មក។ ប៉ុន្តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​​ស្ងប់​ស្ងាត់​ទៅវិញ​បន្ទាប់ពី​ធ្វើបាន​ពីរបី​ខែ​ ហើយ​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិបរិស្ថាន​មាន​ការ​ឃ្លាំ​​​មើល​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​អំពី​ការ​ប្ដេជ្ញា​​​ចិត្ត​​របស់​រដ្ឋាភិបាល​។

របាយការណ៍​ និង​ការ​ស៊ើបអង្កេត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​បាន​ភ្ជាប់​រដ្ឋា​ភិបាល​​ក្នុង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់ក្នុង​កម្រិត​ខ្ពស់​បំផុត​។ លោក   សៅ សុខា ​ មេ​​​បញ្ជាការ ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​លោក​ នាយក​រដ្ឋមន្ត្រី​​បាន​​​​ចាត់​តាំង​​ឲ្យ​ទទួល​បន្ទុក​​​​​ក្រុម​ការ​ងារ​ពិសេស​ថ្មី​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ ពី​សំណាក់​អង្គការ​ក្លូបលវីត​​​ណេស​ជា​អង្គការ​ឃ្លាំមើល​បរិស្ថាន​​​ថា បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួញដូរ​នេះ​ដោយ​ខ្លួន​ឯង៕ សារុន (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​

 

The post ក្រុម​ការងារ​ពិសេស​ថ្មី​​​បន្ត​ប្រតិបត្តិការ​ឆ្មក់​​បង្ក្រាប​កន្លែង​កាប់​ឈើ​ខុស​ច្បាប់​ appeared first on ខេមបូឌា ដេលី.