ខេត្តកំពង់ធំធ្វើស្រែប្រាំង បានជាង៤៣.៩៩៨ ហិកតា លើសផែនការ

កំពង់ធំ ៖ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ២០១៦ថា “នៅរដូវប្រាំង ឆ្នាំ២០១៥-២០១៦ កសិករខេត្តកំពង់ធំ ធ្វើស្រូវប្រាំងនិង ស្រូវប្រដេញទឹក បានចំនួនជាង ៤៣.៩៩៨ហិកតា លើសផែនការ ១២២,២២ ភាគរយនៃផែន ការ៣៦០០០ហិកតា”។

លោកបន្តថា “បើទោះជាស្ថានភាពទឹកក្នុងឆ្នាំនេះ មានកម្រិតទាបមិនអាចបំពេញនៅតាមអាងបឹងស្តុកទឹកនានាក្ដី ប៉ុន្តែការអនុវត្តន៍តាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម ដែលមានមន្ទីរធន ធានទឹកនិង ឧតុនិយមខេត្តជាសេនាធិការ ផ្ទាល់បានធ្វើ ការបូមទឹកបំពេញអាងជាច្រើនកន្លែង ពិសេសនៅខេត្តកំពង់ធំបានបូបទឹក បំពេញអាងបឹងនៅស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែនសម្រាប់ឱ្យកសិករស្រោចស្រពស្រូវប្រាំង និងប្រើប្រាស់លើកសិផល ផ្សេងៗទៀត”។

ជាមួយគ្នានោះ លោក អ៊ុត សំអន បានផ្ដល់គ្រឿងចក្រនិងប្រេងដើម្បីជីកប្រឡាយ ស្របតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះស្រូវចំនួន២៣១៥ហិកតា ដែលកំពុងជួបប្រទះនឹងការខ្វះខាតទឹក។

តាមការប៉ាន់ប្រមាណតុល្យភាពស្បៀងរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំបានឱ្យដឹងថា”ខេត្តកំពង់ធំសល់ស្បៀងលើសពីតម្រូវការប្រើប្រាស់ក្នុងខេត្តចំនួន២៩២១៣៧តោនអង្ករ បើគិតជាស្រូវវិញសល់ ចំនួន៤៥៦៤៦៤តោន”៕

ខេត្តកំពង់ធំធ្វើស្រែប្រាំង បានជាង៤៣.៩៩៨ ហិកតា លើសផែនការ