ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ កំណើនសេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦,៩% នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​តួលេខ​នេះ​ជា​កំណើន​ដ៏​យឺត​បំផុត​នៅ​ក្នុង​ត្រីមាស​ទី​១ ប្រចាំ​សតវត្សរ៍​នេះ ។ តួលេខ​ផ្លូវការ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ មក​រា បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​រង​នូវ​ការ​រង្គោះរង្គើ​ជា​ថ្មី​ម្តងទៀត ។ ជាង​នេះ​ទៀត ស​ន្ទ​ស្សន៍​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ គឺ​នៅ​ស្ថិត​ក្រោម​គោលដៅ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​បន្តិច ប៉ុន្តែ​វា​ត្រូវ​នឹង​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ ។

សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៦,៨% នៅ​ត្រីមាស​ទី​៤​កាលពី​ឆ្នាំ​មុន ដូច​ការ​ព្យាករ​ទុក ដែល​ស​ន្ទ​ស្សន៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កំណើន​យឺត​បំផុត គិត​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​មក ។ ដូច្នេះ​ហើយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ចាត់វិធានការ​ថ្មី​បន្ថែម​ទៀត ដោយ​ភ័យ​ខ្លាច​ថា នឹង​ការ​បាត់បង់​វិនិយោគិន​ជា​ច្រើន​នា​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ។

ក្រុម​អ្នកវិភាគ​ព្យាករ​ថា ផលិតផល​ក្នុងស្រុក ក្នុង​អំឡុង​ខែតុលា​-​ធ្នូ ឆ្នាំ​២០១៥ កើនឡើង​៦,៨% ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ពី​៦,៩% នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ។ ម្យ៉ាងទៀត ការ​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​ការ​ពង្រីក​វិសាលភាព​សេដ្ឋកិច្ច​ចិន គឺ​បាន​ចាប់ផ្តើម​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ដែល​ស្ថិត​ក្នុង​អត្រា​៦,២% ។ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច រដ្ឋា​ភិបាល​ចិន​បាន​ដុតដៃដុតជើង​ស្វែងរក​ដំណោះស្រាយ ទោះបីជា​ទីផ្សារ​ភាគហ៊ុន​ចិន និង​រូបិយប័ណ្ណ​យន់​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី ក៏​ដូច​ជា​ការ​ព្រួយបារម្ភ​នៃ​សេដ្ឋកិច្ច​ចិន អាច​នឹង​ធ្លាក់​ចុះ​ដុនដាប​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ក្តី ។

បន្ទាប់​ពី​ក្លាយជា​ប្រទេស​នាំមុខ​គេ​លើ​កំណើនសេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​ថ្មី​នេះ បច្ចុប្បន្ន​ចិន​កំពុង​រង​នូវ​វិបត្តិ​អូស​បន្លាយ​នៃ​ស្ថានភាព​កំណើនសេដ្ឋកិច្ច​ខ្សោយ ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ និង​ការ​វិនិយោគ រួម​ទាំង​ទីផ្សារ​អចលនទ្រព្យ​មាន​តម្រូវការ​ទាប និង​បំណុល​កាន់តែ​ឡើង ។

ក្រុម​អ្នកវិភាគ ដែល​ស្រង់​សម្តី​ដោយ​ព័ត៌មាន Reuters បាន​ព្យាករ​ថា សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដល់​៦,៥% ទោះបីជា​រដ្ឋាភិបាល​ប៉េ​កាំ​ង​បង្កើន​ការ​ចំណាយ​សារពើ​ភ័​ណ្ឌ និង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​យ៉ាងណា​ក្តី ។

ទិន្នន័យ​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ ដោយ​ក្រុម​អ្នក​សេដ្ឋវិទូ​បាន​ប្រាប់​ពិភពលោក​ថា សេដ្ឋកិច្ច​ចិន​កំពុង​តែ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ​ជាមួយ​អត្រាកំណើន​ពីរ​ខ្ទង់ ក្នុង​ក្តី​សង្ឃឹមថា ចិន​នឹង​មាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ប៉ុន្តែ​វា​ហាក់ដូចជា​គ្មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​នូវ​អតិផរណា ដែល​មាន​ឥទ្ធិពល​ខ្លាំង​ធ្វើ​ឲ្យ​វិនិយោគិន​មានការ​ភ័យ​ខ្លាច​នៅឡើយ​ទេ ។

ប៉ុន្តែ​អ្នក​អង្កេត​ទីផ្សារ​មួយ​ចំនួន​ជឿជាក់​ថា កម្រិត​កំណើនសេដ្ឋកិច្ច​ពិតប្រាកដ​ប្រហែលជា​អាច​ខ្សោយ​ជាង​ទិន្នន័យ​ដែល​បាន​ចុះ​ជា​ផ្លូវការ​ទៅ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​ភាព​អន្តរាយ ។

ទោះជា​យ៉ាងណា បើ​យោង​តាម​ទិន្នន័យ​ផ្សេង​ទៀត​បាន​ស្នើ​ថា សេដ្ឋកិច្ច​ចិន​នឹង​បន្ត​ចុះ​ខ្សោយ​នៅ​ឆ្នាំ​នេះ និង​សង្ឃឹមថា វិធានការ​មួយ​ឆ្នាំ​ពេញ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ នឹង​ត្រូវ​ចូល​ជា​ធរមាន​នា​ពេល​ឆាប់​ៗ​នេះ ។

ក្នុង​មូលដ្ឋាន​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស កំណើនសេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ចុះ​១,៦% នៅ​ត្រីមាស​ទី​៤ ដែល​ការ​ព្យាករ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ត្រឹម​១,៧%​ប៉ុណ្ណោះ ។ ជាង​នេះ​ទៀត ក្នុង​ត្រីមាស​ទី​៣ គឺ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​១,៨%​ឯណោះ ។

គួរ​បញ្ជាក់​ដែរ​ថា ទិន្នផល​ឧស្សាហកម្ម​បាន​កើនឡើង​៥,៩% នា​ខែធ្នូ ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ខុស​នឹង​ការ​ព្យាករ​ថា នឹង​កើន​បាន​៦% ។ ម្យ៉ាងទៀត ទិន្នផល​ឧស្សាហកម្ម​នៅ​ខែវិច្ឆិកា កើន​បាន​៦,២% បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ​២០១៥ ។ ចំណែក​អត្រា​លក់រាយ​បាន​កើនឡើង​១១,១% នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​វា​នៅ​តែ​មាន​អត្រា​តិច​ជាង​១១,៣% នៃ​ការ​រំពឹង​ទុក​របស់​ទីផ្សារ​ដដែល ។

ចំពោះ​កំណើន​វិនិយោគ​លើ​ទ្រព្យសកម្ម​វិញ បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ចិន​ដែល​បាន​កើនឡើង​១០% ក្នុង​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​តួលេខ​នេះ​ខុស​ពី​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋវិទូ ។ ជាក់ស្តែង ក្រុម​សេដ្ឋវិទូ​រំពឹង​ថា កំណើនសេដ្ឋកិច្ច​នឹង​កើន​បាន​១០,២% ដែល​ជា​អត្រា​ដូច​គ្នា​ទៅ​នឹង​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ។
ទិន្នន័យ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​បង្ហាញ​ថា តម្លៃ​ផ្ទះ​នៅ​ចិន​នៅ​តែ​បន្ត​កើនឡើង​នា​ខែធ្នូ ឆ្នាំ​២០១៥ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​លំនៅ​ឋាន​ឲ្យ​កាន់តែ​ប្រសើរ ព្រោះ​វា​បាន​ចូលរួម​ចំណែក​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។ ប៉ុន្តែ​ផ្ទះ​ដែល​មិន​ទាន់​លក់​គឺ​មាន​ចំនួន​លើស​កំណត់ មាន​ន័យ​ថា វិស័យ​អចលនទ្រព្យ​នៅ​តែ​មិន​ទាន់​មានការ​អភិវឌ្ឍ​ទូ​ទាំង​ប្រទេស​ចិន​ទេ ហើយ​ការ​រើប​ឡើង​វិញ​នៅ​ឆ្នាំ​នេះ ហាក់​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ ៕