ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ សហគមន៍​អាស៊ាន​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា ជា​អង្គការ​តំបន់​ដ៏​រឹង​មាំ និង​ជោគជ័យ​បំផុត​មួយ ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១០ ចង​ភ្ជាប់​គ្នា​ដោយ​សន្ដិភាព សន្ដិសុខ ស្ថិរភាព និង​វិបុលភាព​នៅ​អាស៊ី​អាគ្នេយ៍ នឹង​ក្លាយជា​អង្គការ​ដែល​ផ្អែក​លើ​គោលការណ៍ និង​មាន​ទស្សនវិស័យ​សម្លឹង​ទៅ​ពិភព​ខាងក្រៅ ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ដ​ថា ការ​បង្កើត​សមាគម​នេះ​ឡើង គឺ​មាន​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការ​អភិវឌ្ឍ​វប្បធម៌​ក្នុង​តំបន់ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ប្រកបដោយ​វិបុលភាព និង​សន្ដិភាព​មួយ ហើយ​ក៏​ជា​ចំណុច​ខ្ពស់​បំផុត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​អស់​រយៈពេល​ជិត​៥​ទសវត្សរ៍ ដែល​ជា​មាគ៌​៌ា​ដ៏​វែង​មួយ​ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​បច្ចុប្បន្ន​នេះ ។

អាស៊ាន​ដែល​មាន​ប្រជាជន​ចំនួន​៦២២​លាន​នាក់​កំពុង​ព្យាយាម​កសាង​ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ ដោយ​មាន​បំណងប្រាថ្នា​បង្កើត​ឡើង​នូវ​សហគមន៍​មួយ​ដែល​ប្រជាជន​យើង​បន្ដ​ចូលរួម និង​ទទួល​បាន​ផល​ពេញលេញ ។ ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ សហគមន៍​អាស៊ាន នឹង​ដើរ​តាម​ចក្ខុវិស័យ​ឆ្នាំ​២០២៥​របស់​ខ្លួន ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ប្រមុខ​ដឹកនាំ​អាស៊ាន​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ ទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ។

ក្នុង​នាម​ជា​សហគមន៍​មួយ អាស៊ាន​បាន​នាំ​មក​នូវ​ផ្លែផ្កា​នៃ​ដំណើរការ​សមាហរណកម្ម ដែល​ផ្ដល់​នូវ​កាលានុវត្តភាព​ថ្មី ជាមួយនឹង​លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវាកម្ម មូលធន និង​ពលករ​ជំនាញ​ក្នុង​គោលដៅ​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាស៊ាន ។

ខាង​ផ្នែក​សេដ្ឋកិច្ច អាស៊ាន​នឹង​ព្យាយាម​ឲ្យ​ក្លាយជា​ទីផ្សារ​តែ​មួយ និង​មូលដ្ឋាន​ផលិតកម្ម ដែល​ជា​តំបន់​សេដ្ឋកិច្ច មានការ​ប្រកួតប្រជែង​ខ្ពស់ ថាមវន្ដ និង​ការ​ច្នៃប្រឌិត ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​សមភាព​នៃ​ប្រទេស​សមាជិក ដើម្បី​សមាហរណកម្ម​យ៉ាង​ពេញលេញ​ទៅ​ក្នុង​សេដ្ឋកិច្ច​សកល ។
លោក​ឧបនាយករដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា ៖ « យើង​ជឿជាក់​ថា សហគមន៍​អាស៊ាន​នឹង​ទាក់ទាញ​ការ​វិនិយោគ​បរទេស​កាន់តែ​ច្រើន​ថែម​ទៀត ដែល​នឹង​បង្កើន​សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​បន្ថែម​សម្រាប់​ប្រជាជន ក៏​ដូច​ជា​រួមចំណែក​លុប​បំបាត់​ភាព​ក្រីក្រ​ផង​ដែរ​» ។

សហគមន៍​អាស៊ាន នឹង​លែង​ជា​សមាគម​ធូរ​លុង​នៃ​ប្រទេស​១០ សម្រាប់​ឲ្យ​មន្ត្រី​ធ្វើការ​ពិភាក្សា​ចេញ​សេចក្ដី​ប្រកាសសេចក្ដី​ថ្លែងការណ៍​ផ្សេង​ៗ តែ​ជា​សហគមន៍​មួយ​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម និង​មោទនភាព ។

សម្រាប់​ដៃគូ​សន្ទនា​របស់​ខ្លួន សហគមន៍​អាស៊ាន​នឹង​ផ្តល់​ឱកាស​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត​ដូច​ជា ទីផ្សារ​ធំ​ជាង​មុន បើក​ទូលាយ​ជាង​មុន និង​ផ្អែក​លើ​គោលការណ៍ និង​តំបន់​ដែល​មាន​ភាព​ត​ភ្ជាប់​កាន់តែ​ល្អ​មួយ​ដោយសារ​ការ​រីក​ចម្រើន​នៃ​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​តាម​រយៈ​វិស័យ​អប់រំ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​គ្នា ។

ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ជិត​៥០​ឆ្នាំ​របស់​ខ្លួន អាស៊ាន​បាន​ឆ្លងកាត់​របត់​នៃ​ការ​ផ្លាស់​ប្តូរ​ថ្មី​ជា​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ។ តាម​រយៈ​ការ​ឆ្លងកាត់​បញ្ហា​ប្រឈម​​ផ្សេង​ៗ​ប្រកបដោយ​ឯកភាព សាមគ្គីភាព ភាព​ស្អិតរ​មួ​ត និង​សមត្ថភាព​ឆ្លើយ​តប​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព អាស៊ាន​កាន់តែ​ខ្លាំង​ជាង​មុន និង​កាន់តែ​រឹង​មាំ​ជាង​មុន ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ជោគជ័យ​យ៉ាងច្រើន​ដែល​នាំ​ទៅ​ដល់​សហគមន៍​អាស៊ាន​ដូច​សព្វ​ថ្ងៃនេះ ។

សហគមន៍​អាស៊ាន គឺជា​ដំណើរការ​មួយ មិនមែន​ជា​បំណង ឬ​ទី​បញ្ចប់​មួយ​ឡើយ ។ ប្រមុខ​ដឹកនាំ​អាស៊ាន នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ ក៏​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួ ស្តី​ពី​អាស៊ាន​ឆ្នាំ​២០២៥ ៖ រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា​សម្រាប់​ជា​ផែនការ​តម្រង់​ទិស​ដៅ​អនាគត ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ពង្រឹង​សហគមន៍​អាស៊ាន​ឱ្យ​កាន់តែ​រឹង​មាំ​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។

អាស៊ាន​ឆ្នាំ​២០២៥​នេះ គឺជា​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះទៅ​សម្រេច​បាន « សហគមន៍​អាស៊ាន​មួយ​ដែល​មាន​ភាព​ស្អិតរ​មួ​ត​ផ្នែក​នយោបាយ សមាហរណកម្ម​សេដ្ឋកិច្ច ការ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម ផ្អែក​លើ​គោលការណ៍ ហើយ​និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន និង​យក​ប្រជាជន​ជា​ធំ » ។

ស្ថិត​ក្នុង​យុគសម័យ​នៃ​សាកល​ភាវូបនីយកម្ម អាស៊ាន​ចាំបាច់​ត្រូវជា​សហគមន៍​បើកចំហ និង​សម្លឹង​ទៅ​ខាងក្រៅ ។ ហេតុនេះ ទើប​អាស៊ាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ដៃគូ​សន្ទនា និង​ដៃគូ​ខាងក្រៅ​ផ្សេង​ទៀត ។

ដើម្បី​ក្លាយជា​សហគមន៍​មួយ​រឹង​មាំ និង​ជោគជ័យ​បាន អាស៊ាន​គួរ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សកល​ដែល​កំពុង​កើត​មាន និង​ក្នុង​ពេល​មានកា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​និ​ម្នា​បន​កម្ម​តំបន់ និង​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​កើត​មាន​ភាព​វឹកវរ​នា​ពេល​បច្ចុប្បន្ន  ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៨ សីហា ១៩៦៧ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៥ បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​បាងកក ហើយ​បាន​ប្រកាស​បង្កើត​សមាគម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​នៃ​រង្វង់​ប្រទេស​អាស៊ី​-​អាគ្នេយ៍ ដែល​មានឈ្មោះ​ថា « សមាគម​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ ឬ​អាស៊ាន » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ឧបនាយក​ដ្ឋ​មន្ត្រី ហោ ណាំ​ហុង ៕