ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​កូនប្រុស​ពៅ​របស់​លោក​មេ​ភូមិ​ ដែល​ត្រូវ​ជន​ដៃដល់​បាញ់​សម្លាប់​រឿង​​ទៅ​ទារ​លុយ​ថ្លៃ​​អំ​ពូ​ល​ភ្លើង​​បំភ្លឺ​ផ្លូវ​កន្លង​មក​ថ្មី​ៗ​​នេះ បាន​ទាស់​សម្តី​ជាមួយ​​ថៅកែខារ៉ាអូខេ​ពិភព​ថ្មី​ រឿង​បើកភ្លើង​ហ្វា​ម៉ូតូ​ បាន​​ទៅ​ទិញ​ដប​សាំង​៩​លី​ត្រ​ គំរាម​ដុត​ហាងខារ៉ាអូខេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​ និង​៥៥​នាទី​រំលងអ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២០ ​មករា ​​២០១៦ តាម​​បណ្តោយ​ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ​។

បើ​តាម​​សម្តី​បុរស​​ជា​ថៅកែ​ខារ៉ាអូខេ​ពិភព​ថ្មី​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​​ឱ្យដឹង​​​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​​ចេញពី​ខារ៉ាអូខេ​ពិភព​ថ្មី ធ្វើ​ដំណើរ​តាម​ផ្លូវលេខ​១៧៣ ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មាន​យុវជន​ម្នាក់​​ ដែល​គេ​ស្គាល់​ជា​កូនប្រុស​ពៅ​របស់​អតីត​​លោក​មេ​ភូមិ ដែល​ត្រូវ​ជន​ដៃដល់​ម្នាក់​​បាន​បាញ់​សម្លាប់​ជាមួយ​កូនប្រុស​ម្នាក់​ និង​ចៅប្រុស​ម្នាក់​ទៀត ​ដោយ​សារ​តែ​ឈ្លោះប្រកែក​គ្នា​រឿង​ទារ​លុយ​ថ្លៃ​ដាក់​​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​​កន្លង​មកនេះ ។ ដោយ​​យុវជន​បង្ក​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស​​ទិស​គ្នា ហើយ​បាន​បើកភ្លើង​ដាក់​រូប​គាត់ ​ទើប​ធ្វើ​​ឱ្យ​​ទាស់សម្តី​គ្នា​ រួច​ហើយ​ជន​បង្ក​បាន​បោះពាក្យ​សម្តី​ថា​​ យក​សាំង​ដុត​ខារ៉ាអូខេ​របស់​គាត់ ទើប​គាត់​ឲ្យ​សន្តិសុខ​ចាំ​ឃ្លាំមើល​។

ចំណែក​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​វិញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រួច​ហើយ ជន​បង្ក​បាន​ដើរទៅ​ទិញ​សាំង​ចំនួន​៦​ដប​ទឹកបរិសុទ្ធ​ចំនួន​៩​លី​ត្រ នៅ​កន្លែង​លក់​សាំង​ដោយ​មិនទាន់​បាន​ឲ្យ​លុយ​អ្នកលក់​នៅឡើយ​ទេ ក៏​ត្រូវ​បាន​សន្តិសុខ​ដឹង​បាន​ចុះ​ទៅ​យក​សាំង​នោះ មក​ទុក​ហើយ​ចេញ​លុយ​ទៅ​អ្នកលក់​សាំង ។

ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​ខណ្ឌ ចំការមន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ តាម​រក​ជន​បង្ក​អត់​ឃើញ​ទេ ឃើញ​តែ​ដប​សាំង​បាន​យក​ទៅរក្សា​ទុក​ធ្វើ​ជា​ភស្តុ​តាង ។