ក្រសួងកសិកម្ម​និង​ក្រសួងបរិស្ថាន មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​មកពី​៤​ខេត្ត គឺ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ បាន​ឲ្យ​ដឹងថា ព្រៃ​ឡង់​ដែលជា​ព្រៃ​ដ៏​ធំ​ចុងក្រោយ​ក្នុងប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ក្រសួង​ពាក់ព័ន្ធ​គឺ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ កន្លងមក​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​បាន​ទាន់ពេលវេលា ប៉ុន្តែ​រដ្ឋមន្ត្រី​ទាំង​២​រូបនេះ​មិន​អើពើ​អ្វី​ទាំងអស់​។ សូម្បីតែ​ក្រុមហ៊ុន​យួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់ ក៏​បំពាន​កាប់​ឈើ​ក្រៅ​រង្វង់​ដី​សម្បទាន​របស់ខ្លួន​យ៉ាង​ងងើល​ដែរ​។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់ បាន​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន គឺជា​បញ្ហាសំខាន់​មួយ​ដើម្បី​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​ព្រៃ​ឡង់​ផងដែរ​។ ប៉ុន្តែ​ជាមួយគ្នានេះ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន គួរ​មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ការពារ​ព្រៃ​ឡង់​កុំ​ឲ្យ​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​នៅតែ​បន្ត​រាលដាល​។ ក្នុងនោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជា​សហគមន៍ ដែល​ព្យាយាម​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​អ្នកប្រព្រឹត្ត​បទល្មើស​ជា​ឈ្មួញ​ធំៗ​មាន​ឥទ្ធិពល ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​មួយរយៈ​ពេល​ចុងក្រោយ​នេះ ហើយ​ការទប់ស្កាត់​បទល្មើសរ​ត់​ពន្ធ​ឈើ​ទៅ​ស្រុក​យួន គឺអាច​កាត់បន្ថយ​បទល្មើស​កាប់​ឈើ​នៅក្នុង​ព្រៃ​ឡង់​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ទៅលើ​ឈ្មួញ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ព្រោះ​ឈើ​ដែល​រកឃើញ​នៅក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​គេ​ដឹងថា​ដឹក​ចេញពី​ព្រៃ​ឡង់​ផងដែរ​។ ជាងនេះទៅទៀត​ចំណាត់ការ​ទៅលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ គឺជា​វិធានការ​សំខាន់បំផុត​ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​ទាំងនោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ​៕

127លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ 128​    ​