បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ខេត្តបាត់ដំបង នៅតែ​បន្ត​កើតឡើង​ដោយ​គ្មាន​ការទប់ស្កាត់​

លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង មិន​ត្រឹមតែ​អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បើកដៃ​ឲ្យ​មាន​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​យ៉ាង​ពេញបន្ទុក​ទៀតផង​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​បណ្ដោយ​ឲ្យ​លោក ជួង សុភា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ ព្រោះ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ជួង សុភា និង​កូនចៅ​ក្រោម​ឱវាទ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​និង​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​កើតឡើង​យ៉ាង​រាលដាល​។​

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មិន​អើពើ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោ​ទ្រង់ទ្រាយ​ធំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នោះទេ​។ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ព្រោះ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ធំៗ​ក្នុង​មូលដ្ឋាន​ពួកគាត់​បានធ្វើ​ឲ្យ​បទល្មើស​នេសាទ​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​រាលដាល​កាន់តែខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​កាន់តែ​ខ្សត់​ទៅៗ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​ក្នុងភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​តា​ច្រែង បាន​ឲ្យ​ដឹងថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​មួយ​មាន​ទំហំ​ទទឹង​៣០​ម៉ែត្រ និង​បណ្ដោយ​៧០​ម៉ែត្រ ស្ថិត​នៅជាប់​ផ្លូវ​ក្រួស​ក្រហម​ចម្ងាយ​ពី​ផ្លូវ​កៅស៊ូ​ប្រមាណ​១០០​ម៉ែត្រ ទល់មុខ​ដី​ស្រះ​រោងចក្រ​ក្រចៅ ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា​ទៀតថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​មានឈ្មោះ ថន គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ​គួរសម​ក្នុង​មូលដ្ឋាន​ឃុំ​ព្រែក​នរិន្ទ ហើយ​ដំណើរការ​ចិញ្ចឹម​ត្រី​ឆ្ដោ​៦​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​នោះទេ​។ តាម​ការប៉ាន់ស្មាន​រប​ស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ពេលដែល​កូន​ត្រី​ឆ្ដោ​នៅ​តូច​គឺ​វា​អាច​ស៊ី​កូន​ត្រី​ល្អិត​ប្រមាណ​៣០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ហើយ​ពេល​ត្រី​ឆ្ដោ​ទម្ងន់​កន្លះ​គីឡូ​វា​អាច​ស៊ី​ត្រី​ល្អិតៗ​ពី​៦០​ទៅ​១០០​គីឡូក្រាម​ក្នុង​១​ថ្ងៃ​។ ដូច្នេះ​អាជ្ញាធរខេត្ត​បាត់ដំបង និង​មេ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​ទៅលើ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុងភូមិ​ព្រែក​តា​ច្រែង​ជាបន្ទាន់ កុំ​ឲ្យ​មាន​បទល្មើស​នេសាទ​តទៅទៀត​៕

129លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល 9b86b4e8-7d6c-44ea-976d-e78e0055b1dfស្រះចិញ្ចឹមត្រីឆ្ដោនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ