ល្មម​ដល់​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​លើ​អភិបាលខេត្ត​បន្ទាយមានជ័យ​ហើយ​

កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ជា​សាធារណៈ​ពី​រឿង​ដកហូត​តំណែង​អភិបាលខេត្ត​ទាំងឡាយណា ដែល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​ដែល​តាមដាន​បញ្ហា​ជម្លោះដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ថា ល្មម​ដល់​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​លើ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ហើយ ព្រោះ​ចាប់តាំងពី​ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​រួចមក លោក គោ​ស៊ុំ សារឿ​ត មិន​ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​ជា​បន្តបន្ទាប់ ហើយ​លោក គោ​ស៊ុំ សារឿ​ត បែរជា​បណ្ដោយ​ឲ្យ​ជម្លោះដីធ្លី​បន្ត​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ប្រមាណ​១០០​នាក់​មកពី​ស្រុក​-​ក្រុង​៣​ផ្សេងគ្នា បានធ្វើ​ការតវ៉ា​នៅមុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ដំណោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​តម្លាភាព​។ នៅពេល​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នោះ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ប៉ុន្តែ​ពុំមាន​ដំណោះស្រាយ​ទាល់តែសោះ​។ ដូច្នេះហើយ​ទើប​ពួកគាត់​មកពី​ស្រុក​-​ក្រុង​៣​ផ្សេងគ្នា ខ្លះ​ធ្វើដំណើរ​តាម​គោយន្ត ខ្លះ​ជិះ​រថយន្តឈ្នួល និង​ខ្លះទៀត​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន បានមក​តវ៉ា​មុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឲ្យ​ជួយ​រក​ដំណោះស្រាយ​។

ក្រុមអ្នកតវ៉ា​មកពី​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា ពួកគាត់​២៤០​គ្រួសារ​មាន​ជម្លោះដីធ្លី​ទំហំ​ជាង​១៤០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មួយ​ជាង​១០​ឆ្នាំ​មកហើយ​នៅតែ​ពុំមាន​ដំណោះស្រាយ ព្រោះ​អាជ្ញាធរខេត្ត​មិន​យកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​របស់​ពួកគាត់​ទេ​។ ចំណែក​តំណាង​ប្រជាពលរដ្ឋ​៤៧​គ្រួសារ​មកពី​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា​ពួកគាត់​មានទំនាស់​ដីធ្លី​ជាមួយ​លោក តួ ធាន​ទឺ ជា​អ្នកមាន​លុយ​មានអំណាច​ច្រើន​ឆ្នាំ​មកហើយ​នៅតែ​ពុំមាន​ដំណោះស្រាយ​។ រីឯ​តំណាង​ប្រជាពលរដ្ឋ​១៧០​គ្រួសារ​មកពី​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​ជម្លោះដីធ្លី​ទំហំ​២៩០​ហិកតា​ជាមួយ​ក្រុមហ៊ុន​លី​សំអាន តាំងពី​ឆ្នាំ​២០០៧​រហូតមក​នៅតែ​ដោះស្រាយ​ពុំ​ចេញ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ឡើយ ហេតុនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ល្មម​ចាត់វិធានការ​លើ​អភិបាលខេត្ត​ដ៏​អសមត្ថភាព​ម្នាក់នេះ​ជាបន្ទាន់​៕

01លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ 5c65aaa1-93d5-4d73-9218-84f237d16842