ជនជាតិ អ៊ីរ៉ាក់ ១៩.០០០នាក់ស្លាប់ ក្នុងរយៈពេលតែ ២២ ខែប៉ុណ្ណោះ

យូអិន៖ ជនស៊ីវិលអ៊ីរ៉ាក់ជាង ១៨.៨០០នាក់ បានបាត់បង់ជីវិត និង ៣៦.០០០នាក់ទៀតរង របួស ក្នុងរយៈពេល ២២ខែ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦ ដោយសារតែជម្លោះ និង ការវាយប្រហារគ្រប់ទម្រង់ទូទាំងប្រទេសអ៊ីរ៉ាក់។ នេះបើតាមសារព័ត៌មានស៊ិនហួ ដកស្រង់ សម្តីរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ហ្វារ៉ាន ហាក នៅថ្ងៃទី១៩ ខែមករា។

បើគិតពីរយៈពេលនៃ ដើមឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាជនអ៊ីរ៉ាក់ ៣,២ លាន នាក់ហើយ បានជម្លៀសខ្លួន នៅកាន់កន្លែងដែលមានសុវត្ថិភាព ក៏ព្រោះតែ សង្គ្រាម និង ការវាយប្រហារដោយពួករដ្ឋអ៊ីស្លាម ISIS បាន និង កំពុងរីករាលដាល ដែល មិនទាន់ បង្ហាញសញ្ញា ថាធូរស្បើយនោះឡើយ។

ចំពោះកត្តាដែលបណ្តាលឲ្យមនុស្ស ស្លាប់ រងរបួស និង ជម្លៀសខ្លួនច្រើនជាងគេនៅអ៊ីរ៉ាក់ សម្រាប់ឆ្នាំ ២០១៤ និង ២០១៥ កន្លងទៅនេះ គឺការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និង ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ ការសម្លាប់មនុស្សរបស់ ISIS មានច្រើនរបៀបណាស់ ដូចជា បាញ់ប្រហារ, ផ្លោងគ្រាប់, កាត់ក, ដុតទាំងរស់, និង ទម្លាក់ពីអគារ ខ្ពស់ជាដើម៕

ជនជាតិ អ៊ីរ៉ាក់ ១៩.០០០នាក់ស្លាប់ ក្នុងរយៈពេលតែ ២២ ខែប៉ុណ្ណោះ