ផ្ទុះរោងចក្រផលិត កាំជ្រួចចិន បាត់ខ្លួន និងរបួសជិត ៣០នាក់

ណានឆាង៖ យោងតាមប្រភពពី រដ្ឋាភិបាលចិន បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ យ៉ាងហោច ណាស់មនុស្ស ចំនួន ៤នាក់បាត់ខ្លួន និង ២៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីកើតមាន ករណីផ្ទុះរោងចក្រផលិតកាំជ្រួច ស្ថិតនៅក្នុងខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ដំបូងមានករណី ផ្ទុះមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅរោងចក្រផលិតកាំជ្រួចហេងសេង ទីក្រុងហ្សាងរ៉ាវ កាលពីវេលាម៉ោង ១២ និង៣០នាទីកណ្ដាលយប់ ឈានចូលថ្ងៃពុធនេះ។ ក្រោយមកការិយាល័យគ្រប់គ្រងការសង្គ្រោះបន្ទាន់ក្រុង បានឲ្យដឹងថា ករណីផ្ទុះ ដូចគ្នានេះ បានកើតឡើងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា អ្នកបាត់ខ្លួនទាំង ៤នាក់នេះក្នុងនោះមានចុងភៅម្នាក់ សន្ដិសុខការពារម្នាក់ និង អ្នកធ្វើការងារផលិត កាំជ្រួចពីរនាក់។ ក្រោយកើតហេតុភ្លាមៗក្រុមអ្នកជួយសង្គ្រោះ បានទាញ មនុស្សចំនួន ២១នាក់ ចេញពីកន្លែង ផ្ទុះ ដោយឡែកប្រជាពលរដ្ឋរស់នៅក្បែរនោះជាង ១ពាន់នាក់ក៏ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ។ ដោយឡែកមូលហេតុ នៃការ ផ្ទុះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

ផ្ទុះរោងចក្រផលិត កាំជ្រួចចិន បាត់ខ្លួន និងរបួសជិត ៣០នាក់