រដ្ឋាភិបាល ភូមា អនុញ្ញាត ឲ្យក្រុមហ៊ុន រុករកហ្គាស ចំនួន ៣៨ ប្លុក ក្នុងសមុទ្រ

រ៉ងហ្គូន៖ រដ្ឋាភិបាល របស់មីយ៉ាន់ម៉ា (ភូមា) បានអនុញ្ញាតឲ្យ ក្រុមហ៊ុនទាំងឡាយ ធ្វើការរុករក ឧស្ម័នធម្មជាតិ (ហ្គាស) ពីក្នុងដែនសមុទ្រ របស់ខ្លួនចំនួន ៣៨ ទីតាំង ស្របពេលដែល១៣ ទីតាំងទៀត កំពុងធ្វើការសិក្សានៅឡើយ។ នេះបើតាមសារព័ត៌មាន ស៊ិនហួ ដកស្រង់ របាយការណ៍ ពីមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ ២០១៦។

តាមការអះអាងពីក្រសួង រ៉ែ និង ថាមពល របស់មីយ៉ាន់ម៉ា កន្លងទៅនេះ បានឲ្យដឹងថា ប្លុក ចំនួន ៥១ ត្រូវបានអនុញ្ញាតឲ្យក្រុមហ៊ុន ដែលមានបំណងរុករកហ្គាសនោះ ធ្វើការរុករកបាន ក្រោមកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាល។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុន ចំនួន ១៧ ហើយ ដែលបាននិងកំពុងធ្វើការរុករកហ្គាសធម្មជាតិ នៅក្នុងដែនសមុទ្រ។

ដោយឡែកក្រុមហ៊ុនចំនួន ១៩ទៀត ក៏បានចុះកិច្ចសន្យា និង ត្រៀមធ្វើការរុករកដូចគ្នា នៅក្នុងប្លុកដែលក្រសួងអនុញ្ញាតនោះផងដែរ។ ក្រសួងឲ្យដឹងទៀតថា ក្រុមហ៊ុននានា ភាគ ច្រើនធ្វើការរុករកហ្គាស នៅតំបន់ឆ្នេរនៃរដ្ឋ រ៉ាឃីន និង តំបន់ តានីនថាយី ព្រមទាំងតំបន់ មួយចំនួននៃរដ្ឋ ម៉ូតតាម៉ា។

គួរបញ្ជាក់តាមទិន្នន័យ ពីរដ្ឋាភិបាលឲ្យដឹងថា វិស័យ ប្រេង និង ហ្គាស របស់ភូមា អាច ប្រមូលកម្រៃបាន ១៩,៦៤១ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៥ ដែល ប្រទេសអាស៊ាន មួយនេះ បានាប់ផ្តើមអនុញ្ញាត ឲ្យមានការរកស៊ីលើវិស័យនេះដំបូង កាលពី ឆ្នាំ ១៩៨៨។ វិស័យថាមពលនេះ មានអត្រាស្មើនឹង ៣៤,៣៩ ភាគរយ នៃប្រាក់ចំណូលជាតិសរុប ក្នុងចំណោមវិស័យចម្បងៗដទៃទៀត៕

រដ្ឋាភិបាល ភូមា អនុញ្ញាត ឲ្យក្រុមហ៊ុន រុករកហ្គាស ចំនួន ៣៨ ប្លុក ក្នុងសមុទ្រ