ខ្សឹបដាក់ត្រចៀក៖ ផ្លូវមូលនិធិឃុំ ក្នុងស្រុកកណ្តាលស្ទឹង ជាច្រើនកន្លែង រងការខូចខាត យ៉ាងដំណំ ដោយសារជញ្ជីងផ្លូវជាតិ លេខ៣ បង់លុយតាមមនោសញ្ចេតនា

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង បានលើកឡើងថា ផ្លូវមូលនិធិឃុំរបស់ពួកគាត់ជាច្រើនខ្សែត្រូវរងការខូចខាតយ៉ាងដំណំ ស្ទើរតែធ្វើដំណើរលែងរួច បន្ទាប់ពីក្រុមជញ្ជីងរបស់ក្រសួង បានមកដាក់ថ្លឹងរថយន្តលើសទម្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ដោយសារតែរថយន្តធុនធំដឹកទំនិញនិងរថយន្តដឹកដីដឹកខ្សាច់ បានបើកគេចពីជញ្ជីងចូលមកផ្លូវមូលនិធិឃុំរបស់ពួកគាត់ជាផ្លូវលំ ឆ្លងកាត់ពីឃុំមួយ ទៅឃុំមួយ ។ ហើយចំពោះការការបើកគេចនេះ ក្រុមរថយន្តទាំងនោះ ហាក់បីដូជាផ្សងព្រេង ព្រោះបើជួបមន្ត្រីជញ្ជីងដើរល្បាតនោះ គឺត្រូវគេចាប់ឲ្យបង់ពិន័យក្រោមតុ លើតុ ទៅតាមបែបមនោសញ្ចេតនារបស់គេ ។

ប្រភពពីអ្នកមានរថយន្តដឹកទំនិញ តាមបណ្តោយផ្លូវជាតិ លេខ៣ បាននិយាយថា ចំពោះរថយន្តដឹកដី ដឹកខ្សាច់ដែលគេដឹក ឬរថយន្តធុនតូចមិនលើសទម្ងន់នោះដែលធ្វើដំណើរឆ្លងកាត់ទៅមកៗ ឥតឈប់ក្នុងមួយថ្ងៃៗ គឺជញ្ជីងតម្រូវឲ្យបង់របៀបគិត ជាជើងទៅតាមមនោសញ្ចេតនារបស់ពួកគេ ចំណែកឯរថយន្តធុនធំដឹកទំនិញ ដាក់លើសទម្ងន់នោះ គឺគេបង់ក្រោមតុលើតុ ទៅតាមបែបមនោសញ្ចេតនា របស់គេផងដែរ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា គេឃើញក្រុមមន្ត្រីជញ្ជីងប្រចាំនៅផ្លូវជាតិលេខ៣ជិះរថយន្តដើរល្បាត ក្នុងផ្លូវឌឿងហែមគ្រប់ក្រឡុកក្រលានកៀនកោះ ទាំងអស់ តាមផ្លូវតូចធំ នានា ហើយនៅពេលដែលគេល្បាត ជួបរថយន្តដឹកទំនិញគេចជញ្ជីងនោះ គឺគេចាប់ផាកពិន័យ ឬឲ្យបង់ភ្លាមៗ នៅនឹងកន្លែងទៅតាមមនោសញ្ចេតនា ដែលគេមាននឹងគ្នា ហើយពេលខ្លះរថយន្តដឹកថ្មដោយសារតែទាល់ច្រកគេចមិនរួចបានចាក់ថ្មចោល រត់គេចយកតែព្រះអាយុ ក៏មានដែរ។ ចំណែកឯនៅតាមដងផ្លូវជាតិវិញ គេឃើញមន្ត្រីជញ្ជីងឈរប្រចាំការ យ៉ាងសកម្មបំផុត ប៉ុន្តែ រថយន្តដឹកលើសទម្ងន់ នៅតែបើកបរបានដោយរលូន មិនដែលឃើញក្រុមមន្ត្រីជញ្ជីងឃាត់បានរថយន្តដឹកលើស ទម្ងន់រួចឲ្យរើទំនិញចេញ ទុកត្រឹមតែទម្ងន់កំណត់ម្តងណា នោះទេ ហើយគ្រាន់តែបង់ឲ្យទៅជញ្ជីង តាមបែបក្រោមតុ លើតុ ទៅរថយន្តនោះ អាចធ្វើដំណើរបានដោយមិនបាច់រើទំនិញនោះទេ ដូច្នេះក្រសួងដាក់ជញ្ជីងនេះ មិនដឹងថា ដាក់ការពារផ្លូវជាតិកុំឲ្យឆាប់ខូចខាតពេកឬមួយក៏ដាក់ដើម្បីប្រមូលលុយនោះទេ។

ប្រភពបានបន្តទៀតថា មួយថ្ងៃៗគេឃើញរថយន្តធុនធំដឹកទំនិញផ្ទុកលើសទម្ងន់ធ្វើដំណើរឆ្លងកាត់ជញ្ជីង យ៉ាងគគ្រឹកគគ្រេង បង្កឲ្យផ្លូវជាតិរងការបាក់ស្រុត និងស្ពានទ្រុឌទ្រោមខូចខាតជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះទេថែមបង្កឲ្យខូចខាតផ្លូវលំដែលជាផ្លូវមូលនិធិឃុំ ខិតខំរៃអង្គាសពីប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ជាច្រើនខ្សែយ៉ាងចាស់ដៃផងដែរ ធ្វើដំណើរលែងរួច ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ គឺ ពួកគាត់មានការព្រួយបារម្ភ ពីសុវត្ថិភាពកូនចៅរបស់ពួកគាត់ដោយសាររថយន្តគេចជញ្ជីង នោះផងដែរ៕