HRW ​ស្នើ​ប្រធានាធិបតី​អាមេរិក​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​មេ​ដឹក​នាំ​កំពូល​អាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ខាង​មុខ។

ក្នុង​លិខិត​ផ្ញើ​ទៅ​លោក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា បញ្ជាក់​ថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ធ្វើ​រដ្ឋ​ប្រហារ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ពួកគេ​មិន​អាច​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​មក​អាមេរិក​ផង ប្រសិនបើ​ពួកគេ​មិន​មែន​ជា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​នោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឲ្យ​លោក បារ៉ាក់ អូបាម៉ា ត្រូវ​ជជែក​ជា​សាធារណៈ​នឹង​មេ​ដឹក​អាស៊ាន​ទាំង​នោះ​ដើម្បី​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នយោបាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ។  ក្នុង​លិខិត​ដដែល​នោះ​បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់កាប់​អំណាច​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​ហើយ។ លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ការ​គំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​អនុញ្ញាត​ឲ្យ​មាន​អំពើ​ពុករលួយ។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បន្ត​ទៀត​ថា សហរដ្ឋអាមេរិក មិន​គួរ​ផ្តល់​រង្វាន់​ឲ្យ​មេដឹកនាំ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ឲ្យ​មក​ចូល​រួម​កិច្ចប្រជុំ​នេះ​ឡើយ ពីព្រោះ​វា​អាច​ជា​ការ​ផ្ញើ​សារ​ខុស​ទៅ​ពិភពលោក  អំពី​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​សិទ្ធិ​សេរីភាព​របស់​អាមេរិក។

​កិច្ច​ប្រជុំ​រវាង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​អាស៊ាន​នឹង​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។