​ចាប់ចង​ម្ចាស់ផ្ទះ ប្លន់​យក​មេមាន់​៣​ក្បាល កូន​មាន់​១០​ក្បាល និង​របស់​មួយចំនួន​

តាកែវ: ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ពីបទ​ប្លន់ ដោយ​បានធ្វើ​សកម្មភាព ចាប់ចង​កុមារី​ម្នាក់ អាយុ​១០​ឆ្នាំ ត្រូវជា​កូន​ម្ចាស់ផ្ទះ រើកកាយ​ក្នុងផ្ទះ រួច​យក​របស់របរ​មួយចំនួន និង​ចាប់ចង​ម្ចាស់ផ្ទះ ប្លន់​យក​មេមាន់​៣​ក្បាល កូន​មាន់​១០​ក្បាល ខណៈពេលដែល​ឳ​ពុក​ម្ដាយ កុមារី​រងគ្រោះ ចេញទៅ​ធ្វើការ ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ ព្រឹក នៅផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ តុ​ន វណ្ណ​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ប៉ក់ ពេជ្រ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​តា​ដូង ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ សែម ភា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ ដែល​រត់​គេចខ្លួនបាត់ មានឈ្មោះ សែម កូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ជនសង្ស័យ​ទាំង​៣​នាក់ បាន​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ រួច​ធ្វើ​សកម្មភាព ចាប់​កុមារី ឈ្មោះ សុខ សីហា អាយុ​១០​ឆ្នាំ ចងដៃ​ទៅក្រោយ ដោយ​ខ្សែក្រវាត់ និង​ខ្សែ​គោ ព្រមទាំង​យក​ខោ ចង​មាត់​ជាប់​នៅ​នឹង​សសរ​ក្រឡោ​ង​លើផ្ទះ រួច​រើកកាយ យក​សម្ភារៈ​មួយចំនួន រួមមាន ទូរស័ព្ទដៃ​៣​គ្រឿង កាត​គ្រី​ម៉ូតូ​មួយ​សន្លឹក មេមាន់​៣​ក្បាល កូន​មាន់​១០​ក្បាល ។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​២​នាក់​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ស្វែងរក​ចាប់ខ្លួន មក​ផ្ដន្ទាទោស​តាមច្បាប់ ៕V/S

​ចាប់ចង​ម្ចាស់ផ្ទះ ប្លន់​យក​មេមាន់​៣​ក្បាល កូន​មាន់​១០​ក្បាល និង​របស់​មួយចំនួន​