ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥ មាន​ចំនួន​៣.៧៥៥.៧៩២​នាក់ កើនឡើង​៤,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​៥៧៣.២៨៧​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ ។

ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ពី​បណ្ដា​ប្រទេស​នីមួយ​ៗ បាន​ធ្វើ​ឲ្យ​វិនិយោគិន​នៃ​បណ្ដា​ប្រទេស​ទាំងនោះ​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា សេវាកម្ម​ទេស​ចរណ៍ ហិរញ្ញវត្ថុ គមនាគមន៍ អចលនទ្រព្យ អាជីវកម្ម និង​ពាណិជ្ជកម្ម​ជាដើម ។ ជាក់ស្ដែង​ការ​មក​ដល់​នៃ ភ្ញៀវ​ទេសចរ​ចិន បាន​ធ្វើ​ឱ្យ​វិនិយោគិន​ចិន​មក បណ្ដាក់ទុន​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​នៅ​កម្ពុជា​។ តួយ៉ាង​គ្រាន់តែ​នៅ​ខេត្តសៀមរាប​មួយ អ្នក​វិនិយោគឯកជន​ចិន​ដែល​បាន​មក​បណ្ដាក់ទុន​រកស៊ី​មាន​ចំនួន​៦៥​ក្រុមហ៊ុន ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នូ ផល្លា បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន China Duty Free Group Co Ltd, ដែល​ជា​សាខា​ក្រុមហ៊ុន​ផ្តល់​សេវា​ទេសចរណ៍​អន្តរជាតិ​របស់​ចិន ក៏​បាន​បើកហាង​ទំនិញ​រួច​ពន្ធ​ទី​២​របស់​ខ្លួន​បន្ថែម​ទៀត​ដែល​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​លើ​ការ​បើកហាង​ទំនិញ​រួច​ពន្ធ​នៅ​បរទេស​លើក​ដំបូង​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​កាលពី​ឆ្នាំ​២០១៤​កន្លង​មក ។ ហាង​ទំនិញ​រួច​ពន្ធ​នេះ មាន​រៀបចំ​ដាក់​លក់​នូវ​គ្រឿងសម្អាង​កាយ ទឹកអប់ នាឡិកា ថ្នាំជក់ ស្រា និង​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ទៀត ។

យោង​តាម​ក្រុមហ៊ុន China Duty Free Group ឲ្យ​ដឹង​ថា ទីតាំង​របស់​ហាង​រួច​ពន្ធ​នៅ​បរទេស​របស់​ខ្លួន​គឺ​ស្រប​ទៅ​តាម​ទិស​ដៅ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នកទេសចរ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ចិន​បាន​វ៉ា​ដាច់​កូរ៉េ​ខាងត្បូង​ក្លាយជា​ប្រភព​អ្នកទេសចរ​ទី​ពីរ​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ។

លោកស្រី Cheng Jin ជំនួយការ​អគ្គនាយក​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​បាន​ថ្លែង​ថា ៖ « ខ្ញុំ​ជឿជាក់​ថា​ហាង​ទំនិញ​រួច​ពន្ធ​នេះ នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​កាន់តែ​ច្រើន​ឡើង​មក​ទស្សនា​ទិស​ដៅ​ខេត្ត​ព្រះ​សីហ​នុ » ។

យោង​តាម​លោកស្រី​Cheng ក្រុមហ៊ុន​នេះ​នឹង​បើក​សាខា​ទី​បី​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ខែសីហា ឆ្នាំ​២០១៦ ដើម្បី​គ្របដណ្តប់​លើ​ទីក្រុង និង​ទិស​ដៅ​បី​ធំ​ៗ​របស់​កម្ពុជា ។

លោក​បណ្ឌិត ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា ៖ « ការ​បើកហាង​ទំនិញ​រួច​ពន្ធ​នេះ លោក​យល់​ថា ក្រៅពី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន យើង​ពិតជា​ទទួល​បាន​ផលប្រយោជន៍ ប្រសិនបើ​គេ​លក់​ផលិតផល​ប្រទេស​កម្ពុជា  ព្រោះ​វា​បង្កើត​តម្លៃបន្ថែម​ដល់​សេដ្ឋកិច្ច​, បង្កើត​ការងារ និង​លើក​ស្ទួយ​ផលិតផល​ជាតិ​»​។

តាម​របាយការណ៍​របស់​សហព័ន្ធ​ទេសចរណ៍​ទីក្រុង​ពិភពលោក​បង្ហាញ​ថា កាលពី​ឆ្នាំ​មុន ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ចំនួន​១០៩​លាន​នាក់ ដោយ​ចំណាយ​អស់ប្រាក់​១៦៥​ប៊ី​លាន​ដុល្លារ ស្មើនឹង​១១​ភាគរយ​នៃ​ការ​ចំណាយ​លើ​ទេសចរណ៍​ពិភពលោក​ទាំងមូល ។

ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អតីត​ប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​ទេសចរណ៍ លោក ហូ វ​ណ្ឌី បាន​ប្រាប់​កោះសន្ដិភាព​កាលពី​ពេល​ថ្មី​ៗ​ថា ៖ «​សព្វថ្ងៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​១០​ប្រទេស​ដែល​បាន​មក​ទស្សនា​នៅ​កម្ពុជា » ។ លោក​បន្ត​ថា ៖ « វិនិយោគិន​ចិន​បាន​មក​វិនិយោគ​ដើម្បី​ទទួលភ្ញៀវ​ចិន​ដូច​គ្នា ហើយ​វិនិយោគិន​កូរ៉េ ក៏​បាន​មក​វិនិយោគ​ជាមួយ​ភ្ញៀវ​កូរ៉េ​ដូច​គ្នា​ដែរ » ។

«​នៅ​ក្នុង​ឆ្នាំ​២០១៤ បើ​គិត​ទៅ​លើ​វិស័យ​វិនិយោគ​បរទេស​នៅ​កម្ពុជា តួលេខ​នៃ​លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​៨៨៤,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ក្នុង​រយៈពេល​១១​ខែ (​មក​រា​-​វិច្ឆិកា​)​ឆ្នាំ​២០១៥ មាន​ប្រមាណ​៧៨៣,១២​លាន​ដុល្លារ​អា​មេ​រិ​ក​» ។ នេះ​បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​ថ្លែង​កន្លង​មក ។

កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នា​ពេល​នេះ ក៏​ដោយសារ​តែ​កម្ពុជា​មាន​ទំនាក់ទំនង​ការទូត​ល្អ សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ សន្តិសុខ និង​ការ​បង្រួបបង្រួម​ជាតិ ញ៉ាំង​ឲ្យ​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​ជា​មធ្យម​៧,៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​បាន​ធនាគារពិភពលោក​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៦ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក ៕