លោក សម រង្ស៊ី រំលឹក​ពី​ស្នាដៃ​អតីត​មេដឹកនាំ​ខ្មែរ​ក្នុង​បេសកកម្ម​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​រំលឹក​ទំព័រ​ប្រវត្តិសាស្ត្រ សន្និសីទ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែល​ចប់​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៥៤ បានកំណត់​វាសនា​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ដោយយោង​ទៅលើ​ឯកសារ​ប្រវត្តិសាស្ត្រ​ថា ក្នុង​សន្និសីទ ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៥៤ កម្ពុជា​ដែល​គណៈប្រតិភូ មាន​លោក ញឹក ជូ​ឡុង លោក ទេព ផន និង លោក សម សារី ជា​តំណាង​ព្រះមហាក្សត្រ សម្តេច ព្រះ​នរោត្តម សីហនុ បានទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ដោយសារ​សំណើ​៣​ចំណុច​របស់​ប្រទេស​វៀតណាម​ខាងជើង ឬ​យួន​កុ​ម្មុយ​និ​ស្ត ត្រូវបាន​សន្និសីទ​ទាត់​ចោល​ទាំងអស់ ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា សំណើ​ទី​១ -​ស្នើ​ឲ្យ​ខ្មែរឥស្សរៈ​ចំណុះ​យួន និង​ខ្មែរ​យៀកមិញ ក្នុងនោះ​មាន​ទាំង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យួន​កុ​ម្មុយ​និ​ស្ត​បាន​ជួយ​បង្កើត​នៅ​ឆ្នាំ ១៩៥១ មាន​សិទ្ធិ​បញ្ជូន​ប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ​ផងដែរ​។ តែ​ប្រទេស​សំខាន់ៗ​ក្នុង​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ មិន​ទទួលស្គាល់​ពួក​ខ្មែរឥស្សរៈ​ចំណុះ​យួន និង​ខ្មែរ​យៀកមិញ ថា​ជា​តំណាង​ប្រទេស​កម្ពុជា​ទេ ហើយ​គេ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ទាំងនោះ មក​បង្ហាញមុខ​នៅ​ក្រុង​ហ្សឺ​ណែវ​ឡើយ​។​

​ចំពោះ​សំណើ​ទី​២- ស្នើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ខ្មែរឥស្សរៈ​ចំណុះ​យួន និង​ខ្មែរ​យៀកមិញ ស្ថិតនៅ​បន្តទៀត​ក្នុង​តំបន់​ដែល​ពួក​ទាំងនោះ​កាន់កាប់​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ស្លាប​កងទ័ព​យួន​កុ​ម្មុយ​និ​ស្ត​។ តែ​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ បាន​តម្រូវ​ឲ្យ​ខ្មែរឥស្សរៈ​ចំណុះ​យួន និង​ខ្មែរ​យៀកមិញ​ទាំងអស់ ដកថយ​ចេញពី​ប្រទេស​កម្ពុជា ហើយ​ឲ្យ​ទៅតាម​កងទ័ព​យួន​កុ​ម្មុយ​និ​ស្ត ដែល​ត្រូវ​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​ខាងជើង​វិញ​។​

សំណើ​ទី​៣-​ស្នើ​ឲ្យ​បែងចែក​ប្រទេស​កម្ពុជា​ជា​ពីរ ដូច​គេ​សម្រេច​បែងចែក​ប្រទេស​វៀតណាម​ជា​ពីរ​អញ្ចឹង​ដែរ គឺ​មួយផ្នែក​កាន់កាប់​ដោយ​កម្លាំង​កុ​ម្មុយ​និ​ស្ត ហើយ​មួយផ្នែក​ទៀត​កាន់កាប់​ដោយ​កម្លាំង​សេរី​។ តែ​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ មិន​យល់ព្រម​ឲ្យ​មានការ​បែងចែក​ប្រទេស​កម្ពុជា​ជា​ពីរ​ទេ ហើយ​គេ​តម្រូវ​ឲ្យ​រក្សា​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា លទ្ធផល​ដ៏​ល្អ​ខាងលើនេះ បានមកពី​ការចរចា​យ៉ាង​ស្វិតស្វាញ ពី​សំណាក់​គណ​:​ប្រតិភូ​ប្រទេស​កម្ពុជា ដែល​បានបង្ហាញ​ភាពក្លាហាន និង​ភាពឈ្លាសវៃ ដែល​យុវជន​បច្ចុប្បន្នកាល ត្រូវគោរព និង​ចងចាំ​៕

12522937_1026815724041827_2249228825811698154_n