ឧកញ៉ា អាន ម៉ារ​ឌី កាប់​ឈើ​ក្រោមរូបភាព​ដី​សម្បទាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ អាន​ម៉ារ​ឌី​គ្រុប របស់​ឧកញ៉ា អាន ម៉ារ​ឌី ត្រូវបាន​គេ​ដឹងថា ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​រាប់ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ សម្រាប់​ដាំ​កៅស៊ូ​។ ក៏ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​របស់​ឧកញ៉ា អាន ម៉ារ​ឌី ដាំ​កៅស៊ូ​បាន​តិចជាង​៥០០​ហិកតា​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ប្រើប្រាស់​រូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច​ដើម្បី​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី ត្រូវបាន​គេ​រកឃើញ​ស្តុក​ទុក​ឈើ​ជាច្រើន​ក្នុងពេល​ថ្មីៗ​នេះ​។

តាម​ប្រភពពី​មន្ត្រី​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ឲ្យ​ដឹងថា នៅក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី មាន​រោងចក្រ​អារច្រៀក​ឈើ​ចំនួន​២​កន្លែង ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​មិនតិចជាង​១០​គ្រឿង​ទេ​ដែល​ចូលទៅ​ដឹកឈើ​ចេញពី​រោងចក្រ​នោះ​។ ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី មិនបាន​ដាំ​កៅស៊ូ​ដូច​អ្វីដែល​មានចែង​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម និង​រាជរដ្ឋាភិបាល​នោះទេ ហើយ​គេ​បែរជា​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​យកមក​អារច្រៀក​ក្នុង​រោងចក្រ​របស់ខ្លួន ហើយ​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​រារាំង​ឡើយ​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ឧកញ៉ា អាន ម៉ារ​ឌី នៅក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ហើយ​ទីតាំង​នោះ​ក្លាយជា​តំបន់អបគមន៍​ជា​យូរ​មកហើយ ព្រោះ​មានការ​យាម​កាន​យ៉ាង​តឹងតែង​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូល​បានទេ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ឧកញ៉ា អាន ម៉ារ​ឌី កាប់​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជា​យូរ​មកហើយ ធ្វើ​ឲ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ឡង់​នៃ​ខេត្តកំពង់ធំ ស្ទើរតែ​វិនាស​សាបសូន្យ​។ ប្រសិនបើ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​ចាត់ការ​លើ​មេ​ឈ្មួញ អាន ម៉ារ​ឌី ទេនោះ​គឺ​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នឹង​ក្លាយជា​រឿង​ឥតន័យ​ជាមិនខាន​៕

12509194_460914897426939_2252232432704419031_n an-mardi1-500x331 an-mardi-500x331