ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ​ឯ​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ត​ឡិច​ស៊ី​ស​បុក​​ជាមួយ​រថយន្ត​ហា​យ​ឡែន​​ឌ័​រ​ ​កាលពី​វេលា​ម៉ោង១០​និង​៣០​​នាទី​យប់​ថ្ងៃ​ទី១៩​ ​ខែមករា​ ​​២០១៦​​ នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ​ស្ថិត​នៅ​​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ជន​រង​គ្រោះ​​​ទាំង​២នាក់​ខាង​លើ​ ម្នាក់ ​ឈ្មោះ​ ខន​ ខិតខំ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត ​​បើក​បរ​រថយន្ត​​​ម៉ាក​​ឡិច​ស៊ី​ស​RX330 ពណ៌​ស​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-0042 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច (​របួសធ្ងន់​)​ និង​​ម្នាក់​ទៀត​ឈ្មោះ​ ស្រិ រ៉ា​ទី ​ភេទ​ប្រុស ​អាយុ​២៩​​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ​​បើក​បរ​រថយន្ត​​​ម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ​ ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-2750 ​មួយ​គ្រឿង​ ​ពី​​លិចទៅ​កើត​​បញ្ច្រាសទិស​គ្នា​ (​ស្លាប់​) ​។​ ចំណែក​រថយន្ត​ត្រូវ​រង​ការ​ខូច​ខាត​ទាំង​អស់​គ្នា ។​

​ក្រោយ​ហេតុ​ការ​ណ៌​កើត ​​ជន​រង​គ្រោះ​ឈ្មោះ ​ខន ​ខិតខំ​ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូ​រី ​​ចំណែក​រថយន្ត​​​ទាំង២​គ្រឿង​​ ​ត្រូវ​បាន​សមត្ថកិច្ច​​​វាស់វែង​រួច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​​​​រង់​ចាំ​ដោះ​ស្រាយ​​ទៅ​​តាមផ្លូវ​ច្បាប់ ៕