ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ យោង​តាម​ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​តែ​ជា​វិស័យ​ជំរុញ​ដល់់​កំណើនសេដ្ឋកិច្ច​ចិន ដោយសារ​តែ​ការ​វិនិយោគ និង​ការ​ប្រើប្រាស់​នៅ​តែ​បន្ត​កើនឡើង ។

នេះ​គឺជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន ដែល​ការ​បោះទុន​វិនិយោគ លើ​វិស័យ​ទេសចរណ៍​បាន​កើនឡើង​ខ្ពស់កប់ពពក រហូត​ដល់​ទៅ​១​ទ្រី​លាន​យន់ (១៥២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​) នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​មាន​អត្រា​កើនឡើង​៤២% ធៀប​នឹង​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Li Jinzao ប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ ។

ការ​កើនឡើង​នេះ គឺជា​អត្រា​ដែល​ខ្ពស់​ទោះបីជា​ចិន​មាន​កំណើន​វិនិយោគ​ខ្សោយ​ក្តី ។ ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៥ ទុន​វិនិយោគ​លើ​ទ្រព្យសកម្ម​របស់​ចិន​បាន​កើន​១០,២% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​មាន​អត្រា​ធ្លាក់​ចុះ​ត្រឹម​១៣,៩% ក្នុង​រយៈពេល​២​ខែ​ដំបូង ។

ដោយសារ​តែ​កំណើន​លើ​វិស័យ​ទេសចរណ៍​នេះ​ហើយ ទើប​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ចិន​ចាប់ផ្តើម​សម្លឹង​ឃើញ​ឱកាស​ដ៏​អំណោយផល​នេះ​សម្រាប់​អត្ថប្រយោជន៍​របស់​ខ្លួន ។

តួយ៉ាង ក្រុមហ៊ុន​កំពូល​អីុ​ន​ធើ​រ​ណេ​ត​យក្ស ដូច​ជា ក្រុមហ៊ុន Baidu, ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន Tencent បាន​បោះទុន​វិនិយោគ​រួម​គ្នា​ទៅ​លើ​ឧស្សាហកម្ម​ទេស​ចរណ៍​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៥ ខណៈ​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ និង​ផលិតកម្ម​ដ៏​ធំ​ឈ្មោះ​ថា Dalian Wanda Group បាន​បោះទុន​ជាង​៧០០​ពាន់​យន់​លើ​គម្រោង​ជំនួញ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​វប្បធម៌​ទៀត​ផង ។

មន្ទីរ​ទេសចរណ៍​ជាតិ​ព្យាករ​ថា កា​រវិ​និ​-​យោគ​ដោយ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​នេះ នឹង​កើន​លើស​ពី​៣​ទ្រី​លាន​យន់​ក្នុង​រយៈពេល​៣​ឆ្នាំទៅ​មុខ​ទៀត ។ ខណៈ​ការ​វិនិយោគ​មានការ​កើនឡើង ការ​បម្រើ​ទៅ​លើ​វិស័យ​ទេសចរណ៍ ក៏​បាន​កើនឡើង​ដូច​គ្នា ។ ទិន្នន័យ​បង្ហាញ​ថា អ្នកទេសចរ​ចិន​ច្រើន​ជាង​៤​ពាន់​លាន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុងស្រុក ហើយ​អ្នកទេសចរ​១២០​លាន​នាក់​ទៀត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ចិន​ជាប់​ចំណាត់​ថ្នាក់ទីមួយ​លើ​វិស័យ​ទេសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក ។
លោក Li Jinzao មាន​ប្រសាសន៍​ថា ៖ « វិស័យ​ទេសចរណ៍​បាន​ក្លាយជា​កាតាលីករ​ថ្មី​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ចិន » ។

ក្រុមប្រឹក្សា​វិស័យ​ទេសចរណ៍​ពិភពលោក រំពឹង​ថា វិស័យ​ទេសចរណ៍​របស់​ចិន​អាច​រួមចំណែក​១០,១% ទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន ដែល​អត្រា​នេះ​បាន​វ៉ា​ដាច់​វិស័យ ធនាគារ វិស័យ​អប់រំ និង​វិស័យ​គ្រឿងយន្ត​តែ​ម្តង ៕