ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុមហ៊ុន​កូរ៉េ​សង្ឃឹមថា ស្ថិរភាព​នយោបាយ និង​ការ​ធ្វើ​កំណែទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា នឹង​បើក​ជំហរ​ដល់​ការ​វិនិយោគ​អន្ដរជាតិ ថ្វីបើ​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កំពុង​ប្រឈម​នឹង​បញ្ហា​ក៏​ដោយ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​កូរ៉េ​-​អាស៊ាន ។

អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ លោក Young-sun បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ស​និ្ន​សី​ទ​កាសែត​កាលពី​ស​ប្តា​ហ៍​មុន​ថា ៖ « ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​របត់​ថ្មី​មួយ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ប៉ុន្តែ​រដ្ឋាភិបាល​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ នឹង​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ » ។

លោក​បន្ថែម​ថា ៖ « ការ​ដឹកនាំ​ដោយរ​ដ្ឋា​បាល​ថ្មី​នេះ នឹង​នាំ​ប្រទេស​ភូមា​អាច​បង្កើន​លទ្ធិប្រជាធិបតេយ្យ និង​តម្លាភាព​របស់​ខ្លួន​ខ្ពស់​ជាង​នេះ​ទៀត ព្រោះ​ប្រទេស​នេះ​បាន​រង​នូវ​ការ​ឈឺចាប់ ដោយសារ​ខ្វះ​លទ្ធិប្រជាធិបតេយ្យ និង​តម្លាភាព​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ » ។

ការ​ចាប់ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ចុងឆ្នាំ​២០១៥​កន្លង​មក នឹង​ធ្វើ​ឲ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទទួល​នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី រួម​មាន ការ​សាងសង់​រថភ្លើង​ល្បឿន​លឿន និង​ផ្លូវ​ធំ​ៗ​ទូ​ទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ចុះ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ ។

លោក​លើក​ឡើង​ថា ៖ « ការ​ឆ្ពោះទៅ​រក​ស្ថិរភាព​នយោបាយ​នឹង​ធ្វើ​ឲ្យ​មី​យ៉ា​ន់​ម៉ា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក៏​ដូច​ជា​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ផង​ដែរ ។ សហគមន៍​ពាណិជ្ជកម្ម​នៅ​មី​យ៉ា​ន់​ម៉ា និង​បរទេស​កំពុង​តែ​សម្លឹង​មើល​អនាគត​ប្រទេស​នេះ​ដោយ​ភាព​រីករាយ » ។

លោក Kim មាន​ប្រសាសន៍​ថា ៖ « វិនិយោគិន​បរទេស​ដឹង​ច្បាស់​ថា មី​យ៉ា​ន់​ម៉ាមាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ស្រប​នឹង​អត្រា​ប្រជាជន និង​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់ កំពុង​តែ​មាន​ស​ន្ទ​ស្សន៍​ខ្លាំង ។ ជាង​នេះ​ទៀត បណ្តា​ក្រុមហ៊ុន​កូរ៉េ​ជា​ច្រើន​កំពុង​តែ​សម្លឹង​មើល ការ​ពង្រីក​វិសាលភាព​ទំនាក់ទំនង​ពាណិជ្ជកម្ម របស់​ខ្លួន​ជាមួយ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។ ប៉ុន្តែ​មិនមែន​ផ្តោត​ទៅ​លើ​តែ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ប៉ុណ្ណោះ​ទេ ពួក​យើង​សុខចិត្ត​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ផង​ដែរ ដែល​ពេល​នេះ​ពួក​យើង​កំពុង​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ » ។

លោក​បញ្ជាក់​ថា ៖ « ស្ថានភាព​របស់​មី​យ៉ា​ន់​ម៉ា គឺ​មាន​បរិយាកាស​ល្អ ដែល​ជា​ឱកាស​អំណោយផល​ដល់​មី​យ៉ា​ន់​ម៉ា​អាច​បង្កើន​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ និង​កូរ៉េ​ផង​ដែរ » ។

ទិន្នន័យ​ចុះ​ផ្សាយ​ដោយ​នាយកដ្ឋាន​វិនិយោគ បង្ហាញ​ឱ្យ​ឃើញ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​៥៨,១៩​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥ ។ កូរ៉េ​ជាប់​ចំណាត់ថ្នាក់​ទី​៥ លើ​ការ​វិនិយោគ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៣,៣៩​ពាន់​លាន​ដុល្លារ ។ រីឯ​ការ​វិនិយោគ​របស់​សហគ្រាស​កូរ៉េ​ខាងត្បូង​មួយ​ចំនួន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​ចំនួន​១២២​សហគ្រាស ស្មើនឹង​៥,៨៣% នៃ​ការ​វិនិយោគ​សរុប​ដោយ​ផ្ទាល់​ពី​បរទេស ។

លោក Kim មាន​ប្រសាសន៍​បន្ត​ថា ៖ « រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា កំពុង​តែ​ដើរ​លើ​ផ្លូវត្រូវ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​បទ​ប្បញ្ញត្តិ​ថ្មី ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ទទួល​បានការ​វិនិយោគ​កាន់តែ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​បរទេស ខណៈ​ដែល​ស្ថិរភាព និង​តម្លាភាព​នយោបាយ​មាន​សារសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​នេះ ។ ទោះជា​យ៉ាងណា មី​យ៉ា​ន់​ម៉ា​នៅ​តែ​មាន​ឧបសគ្គ​ជា​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​បរិយាកាស​ជំនួញ និង​ការ​វិនិយោគ » ៕