ដូនចាស់​កម្សត់ ​រស់​រំពឹង​អ្នកជិតខាង​ដាក់​ទាន​

Doliprane TVC

​មើលទៅ​លោកយាយ​ទុគ៌ត​ម្នាក់នេះ​ចុះ ពិតជា​មានការ​លំបាក និង វេទនា​ខ្លាំងណាស់ ដោយសារតែ​គាត់​គ្មាន​ប្តីសី​គ្មាន​កូនចៅ​អ្វី​នឹង​គេ​មួយ​គ្រាប់​គ្រាន់​នៅ​មើលថែទាំ​នា​ជីវិតចុងក្រោយ ហើយ​មួយថ្ងៃៗ​គាត់​ដើរ ទៅណា​មិន​រួច​ឡើយ រំកិល​អាត្មា​ទៅវិញទៅមក​នៅ​ជុំវិញ​លំនៅឋាន​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​បាក់បែក​របស់ខ្លួន​ទាំង​ភ្នែក​មើល​មិន​ច្បាស់ រង់ចាំតែ​សេចក្តីស្លាប់​តែប៉ុណ្ណោះ ។

ដូនចាស់​កម្សត់ ​រស់​រំពឹង​អ្នកជិតខាង​ដាក់​ទាន​

អង្គុយ​នៅក្រោម​ដើមឈើ​ក្បែរ​ផ្ទះ​បាក់បែក​ធ្លុះធ្លាយ​រកកល់នឹង​រលំ​ក្នុងស្ថានភាព រូប​កាយ​មានតែ​ស្បែក​ជ្រីវជ្រួញ​ដណ្តប់​ឆ្អឹង ទាំង​ក្រសែភ្នែក​ល្អក់ៗ បង្កប់​នូវ​ទុក្ខ​កង្វល់​ឥត​ល្ហែ តែម្នាក់ឯង ដូនចាស់​ដ៏​កម្សត់​រូបនេះ​បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ស្វាយ​កើត ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ដូនចាស់​រូបនេះ​មានឈ្មោះ នួន ហុក អាយុ ៨៩ ឆ្នាំ ពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង ដូនចាស់​បាន​រៀបរាប់​ទាំង​សម្តី​មួយៗ​ញ័រៗ​ថា «​ខ្ញុំ​មានតែ​បងប្អូន​ពីរ​នាក់​គត់​គឺ​ប្អូនប្រុស​ម្នាក់ទៀត ។

ដូនចាស់​កម្សត់ ​រស់​រំពឹង​អ្នកជិតខាង​ដាក់​ទាន​

បន្ទាប់ពី​បែក​សម័យ​អាវខ្មៅ ខ្ញុំ​បានមក​សង់​លំនៅឋាន​នៅទីនេះ ហើយ​ខ្ញុំ​ក៏​មិន​យក​ប្តីសី​អ្វី​ដែរ ដោយ​រស់នៅ​ធ្វើស្រែ​ចម្ការ​ជាមួយ​ប្អូនប្រុស ។ លុះ​ក្រោយមក​ប្អូនប្រុស​មាន​ប្រពន្ធ​នៅឯ​ប្រទេស​វៀតណាម​បាត់ស្រមោល​សូន្យឈឹង​រហូតមកដល់​ពេលនេះ​មិនដឹងថា​បាន​សុខទុក្ខ ឬ ស្លាប់​រស់​យ៉ាងណា​នោះទេ ។ ជីវិត​រស់នៅ​តែលតោល​ឯកោ​ម្នាក់ឯង​ក្នុងផ្ទះ​ដ៏​កម្សត់​មួយ​នេះ ដោយ​កាលនោះ​នៅមាន​កម្លាំងកំហែង​អាច​រកស៊ី និង ដើរ​ស៊ីឈ្នួល​គេ​បាន​ជីវភាព​ខ្ញុំ​មិនសូវ​ជា​ជួប​បញ្ហា​ខ្វះខាត​ប៉ុន្មាន​ទេ ពោល​គឺមាន​ហូបចុក​គ្រប់គ្រាន់​សម្រាប់​ខ្លួន​មួយ ។

ដូនចាស់​កម្សត់ ​រស់​រំពឹង​អ្នកជិតខាង​ដាក់​ទាន​

ការរស់នៅ​ក្នុងស្ថានភាព​ឯកោ​របស់ខ្ញុំ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំ រហូតដល់​វ័យ​ក៏​កាន់តែ​ចាស់​ទ្រុឌទ្រោម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ជំងឺ​ក៏​កាន់តែ​បៀតបៀន​ផង​នោះ បានធ្វើឱ្យ​ជីវភាព​របស់ខ្ញុំ​ចេះតែ​ស្រុតចុះ​បន្តិច​ម្តងៗ​រហូតដល់​មាន​ជីវភាព​ខ្វះខាត​បែបនេះ ។ ចាប់តាំងពី​ពេលដែល​ធ្វើ​ការងារ​លែងកើត ខ្ញុំ​បាន​បន្តជីវិត​រស់​ដោយ​សារ​ដំណាំ​ផ្លែឈើ​នៅ​ជុំវិញ​ផ្ទះ ដូចជា ដូង ស្វាយ ចេក ជាដើម បេះ លក់​អាច​ដោះស្រាយ​ជីវភាព​បាន​មួយពេលៗ​ដែរ ។ រហូតដល់​ជីវិតចុងក្រោយ​នេះ​ទើប​ខ្ញុំ​ដឹង ច្បាស់​ថា ជីវិត​ឯកោ​ពិតជា​លំបាក​ខ្លាំងណាស់ ។

ឥឡូវ​ធ្វើការ​លែងកើត​ភ្នែក​ក៏​ងងឹត​មើលឃើញ​ព្រាលៗ ដើរហើរ​ទៅណា​មក​ណា​លែងរួច បានតែ​រំកិល​ខ្លួន​ដោយ​ឈើច្រត់​តិចៗ​នៅ​ជុំវិញ​ផ្ទះ​ប៉ុណ្ណោះ​» ។​ ​បង្អាក់​សម្តី​បន្តិច​ដោយសារ​ហត់ ដូនចាស់ បន្តថា «​សព្វថ្ងៃនេះ​បើ​និយាយ​ពី​ការហូបចុក​វិញ កុំថាឡើយ​បាន​ហូប​ឆ្ងាញ់​ឱ្យតែបាន​ឆ្អែត​នោះ​គឺ ជីដូន​អរ​ពេក​ណាស់​ទៅហើយ ពោលគឺ​ជីវិត​ជីដូន​រស់​ដល់​សព្វថ្ងៃនេះ​អង្គុយ​រង់ចាំ​ការដាក់​ទាន​បាយទឹក​ពី​អ្នកជិតខាង បើ​បង​ប្អូនគេ​មានអី​ឆ្ងាញ់​ក៏បាន​ឆ្ងាញ់​ម្តងម្កាល​ដែរ​ទៅ បើ​គេ​អត់​ក៏​អត់​ដូច​គេ​ដែរ ទៅ ។

ដូនចាស់​កម្សត់ ​រស់​រំពឹង​អ្នកជិតខាង​ដាក់​ទាន​

ពេលខ្លះ​គេ​រវល់​ការងារ​គេ​មិនបាន​ដាក់​ទាន​បាយទឹក​ឱ្យ​អីចឹង​គេ​ក៏​ឱ្យ​ជា​អង្ករ ទឹកត្រី អំបិល ប្រហុក ហើយក៏​ខំប្រឹង​ដាំបាយ​ទាំង​ពពីមពពើម​ទៅ ។ ពេលខ្លះទៀត​គេ​មិនបាន​ឱ្យ​ក៏​កាន់​ចាន សំដៅ​ទៅផ្ទះ​បងប្អូន​ដែល​នៅ​ជិតៗ​ផ្ទះ ហើយ​គេ​ក៏​ដាក់​ទាន​ឱ្យបាន​រស់​មួយពេលៗ​ទៀត ។ បើ​និ​​យាយ​រួម​ទៅ ចាន ឆ្នាំង កន្ទេល ខ្នើយ មុង ភួយ គឺ​បាន​ពី​ការដាក់​ទាន​ពី​អ្នកជិតខាង​ទាំងអស់​» ។

ដូនចាស់​កម្សត់ ​រស់​រំពឹង​អ្នកជិតខាង​ដាក់​ទាន​

លោក ជា លន់ ជា​មេភូមិ និង អ្នក​មីង ហ៊ីម ជា​អ្នកជិតខាង​ធ្លាប់​ហុច​បាយទឹក​ព្រឹកល្ងាច ដែរនោះ​បានឱ្យដឹងថា ដូនចាស់ នួន ហុក នេះ ពិតជា​រស់នៅ​តែលតោល​ឯកោ​ម្នាក់ឯង​ពិតមែន និង មាន​ជីវភាព​ក្រីក្រ​ខ្លាំងណាស់ មិនដែល​បាន ហូប​ឆ្អែត​ម្តងណា​ឡើយ ។ ដូច្នេះហើយ​ពួកគាត់​សុំ​ធ្វើការ​អំពាវនាវ​ដល់​ស​ប្បុរ​សជន​នានា​មេត្តា ជួយ​ដូនចាស់​ដ៏​កម្សត់​រូបនេះ​ក្នុង​ជីវិតចុងក្រោយ​ផង ដើម្បីឱ្យ​គាត់​បាន​ហូប​ឆ្អែត និង បាន​បិទ​ភ្នែកជិត​ផង ៕​លី​លី​