កុក បូរីស ៖ ខ្ញុំ​អាច​លះ​បង់​គ្រប់​យ៉ាង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​ការ​ខ្ញុំ

កុក បូរីស ៖ ខ្ញុំ​អាច​លះ​បង់​គ្រប់​យ៉ាង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​ការ​ខ្ញុំ

“ខ្ញុំ​អាច​លះ​បង់​គ្រប់​បែប​យ៉ាង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​ហាក់​បី​ដូចជា​មិន​ត្រូវ​ការ​ខ្ញុំ​។ ខ្ញុំ​ទទួល​បាន​ការ​ការពារ​ល្អ​ជាងគេ​នៅ​ក្នុង​លីគ​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ទទួល​បាន​ឱកាស​ត្រឹម​តែ​លេង​ប្រកួត​មិត្តភាព ​និង​បី​ថ្ងៃ​មុន​ការ​ប្រកួត​តែ​ប៉ុណ្ណោះ​ ខ្ញុំ​ត្រូវ​ប្ដូរ​ចេញ ដោយ​គ្មាន​ការ​ពន្យល់”។ កុក បូរីស ​និយាយ​ បន្ទាប់​ពី​បន្ត​កុងត្រា​២​ឆ្នាំ​ជាមួយ​ភ្នំពេញ​ក្រោន (Page ក្រោន​បង្ហោះ)។

 

កុក បូរីស ៖ ខ្ញុំ​អាច​លះ​បង់​គ្រប់​យ៉ាង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​ការ​ខ្ញុំរូបភាពពី PPCFC

 

កុក បូរីស ​ជា​កីឡាករ​ល្អ​ម្នាក់​របស់​ក្លឹប​ភ្នំពេញ​ក្រោន ដែល​បាន​ជួយ​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​២​សម័យ​កាល​ជាប់​គ្នា។ ​ក្នុង​នាម​ជា​កូន​ខ្មែរ​កាត់​បារាំង បូរីស ​តែងតែ​មាន​ក្ដី​ស្រមៃ​ចង់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ហើយ​កាល​ពី​ឆ្នាំ​មុន​រូបគេ​ពិត​ជា​បាន​សម្រេច​ក្ដី​ស្រមៃ​មែន ដោយ​ត្រូវ​ក្រុម​ក្រុម​ជម្រើស​ជាតិ​កោះ​ហៅ​ឱ្យ​ចូល​ក្រុម​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ World Cup។ តែ​គួរ​ឱ្យ​សោកស្ដាយ ​ឈ្មោះ​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ ត្រូវ​កាត់​ចេញ​វិញ ​ក្រោយ​បាន​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ។

 

រឿង​ខាង​លើ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ ​បុរីស ​សោកស្ដាយ​ជា​ខ្លាំង ដោយ​បាន​និយាយ​បញ្ជាក់​ពី​អារម្មណ៍​អំឡុង​ពេល​ត​កុងត្រា​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូបគេ​នៅ​តែ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ជួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក និង​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

 

បូរីស ​កើត​នៅ ​Nancy ​នៃ​ប្រទេស​បារាំង ​ឪពុក​ម្តាយ​មក​ពី​ខេត្ត ​កំពង់ចាម ​និង​បាត់​ដំបង។​ កីឡាករ​រូបនេះ​ចាប់​ផ្តើម​អាជីព​ដោយ​លេង​ឲ្យ​ក្រុម​យុវជន​ Tomblaine ​មុន​នឹង​បន្ត​ទៅ​លេង​នៅ​ AS Nancy​ Lorraine​, ​Jarville JF​, ​US Vandoeuvre​, ​FC Toul ​និង​ក្រុម​ Nancy​ Olympic។​ កាល​នៅ​វិទ្យាល័យ​ ក្រុម​របស់​កីឡាករ​រូបនេះ​ឈ្នះ​ជើង​ឯក ​French championships ​ហើយ​តំណាង​ឲ្យ​ប្រទេស​បារាំង​ និង​សាលា​ក្នុង​ការ​ប្រកួត​ Schools​ World Cup ​នៅ​ប្រទេស​ឈីលី​ទៀត​ផង៕

 

អត្ថបទ៖ មុន្នី រម្យ