ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជនអន្តោប្រវេសន៍​ប្រុស​-​ស្រី​ខុសច្បាប់​១៦​នាក់ ក្នុង​ចំណោម​១៧៣​នាក់​ដែល​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​មាន​ទីតាំង​ស្ថិត​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើ​ការ​ឃាត់ខ្លួន​ភ្លាម​ៗ​យក​មក​កាន់​នាយកដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ក្រោយ​រក​ឃើញ​ថា ពួក​គេ​ចូល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​នាទី​រសៀល​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ក្រោម​ការ​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​សំណាក់​ឧត្តម​សេនីយ៍ទោ​អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​មាស ច័ន្ទ​ពិសិដ្ឋ ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា បានឱ្យ​ដឹង​ថា ជនបរទេស​ទាំង​១៧៣​នាក់​នេះ ស្មើនឹង​១០​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀត​ណាម​មាន​៩៩​នាក់ (​ស្រី​១) ។ លោក​បន្ត​ថា ក្នុង​ចំណោម​ពួក​គេ​១៥៧​នាក់ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ តែ​គ្មាន​លិខិត​ការងារ ដូច​នេះ ពួក​គេ​ត្រូវ​ធ្វើការ​ផាកពិន័យ​៥០​ម៉ឺន​រៀល ចូល​រដ្ឋ​រួច​ណែនាំ​ឱ្យទៅ​ធ្វើ​សៀវភៅ​ការងារ​បាន​ត្រឹមត្រូវ ដើម្បី​បន្ត​រស់នៅ​និង​ធ្វើការ​ក្នុង​កម្ពុជា ។

ដោយឡែក​១៦​នាក់​ផ្សេង​ទៀត គ្មាន​លិខិត​ពាក់ព័ន្ធ​អ្វី​ទាំងអស់​នឹង​ត្រូវ​ឃាត់ខ្លួន​យក​ទៅ​កាន់​នាយកដ្ឋាន​ភ្លាម​ៗ ដើម្បី​កសាង​នីតិវិធី​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា​នៅ​ពេល​ក្រោយ ។