ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​ព្រៃវែង ៖ ដើម្បី​បង្កា និង​ទប់ស្កាត់​កុំឱ្យ​​កើត​មាន​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​បង្កើន​ភាព​កក់ក្តៅ​ដល់​​ប្រជាពលរដ្ឋ​ផង​នោះ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ មករា កម្លាំង​​អធិការដ្ឋាន​នគរបាល​ស្រុក​ពាមរ​ក៌ បាន​ចេញ​ធ្វើ​សកម្មភាព​ឆែកឆេរ និង​ត្រួតពិនិត្យ​ស្វែងរក​អាវុធ​ជាតិ​ផ្ទុះទៅ​លើ​ក្រុម​អ្នកដំណើរ​ជា​ច្រើន​នាក់ ដែល​ជិះ​ម៉ូតូ​ឆ្លងកាត់​ទឹក​ដី​ស្រុក​ពាមរ​ក៌​ ​ខេត្ត​ព្រៃ​វែង ។

លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៌ ​បានឱ្យ​ដឹង​ថា សកម្មភាព​ត្រួតពិនិត្យអាវុធ​ជាតិ​ផ្ទុះ​ខាង​លើ​​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​ចំនួន​២​កន្លែង​​ក្នុង​ពេល​តែ​១ ​​គឺ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ផ្លូវ​កោង​ទួល​ជ្រៃ ក្នុងភូមិ​ពន្លៃ ឃុំ​បា​បោង​១​កន្លែង និង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​រង្វង់​មូល​ត្រីកោណផ្លូវ​ឡើង​ស្ពាន​​អ្នក​លឿង​១​កន្លែង​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិការ​ខាង​​លើ​​នេះ ​កម្លាំង​​​ពិនិត្យ​​​និង​ឆែក​ឆេរ​រក​ឃើញ​អ្នកដំណើរ​ម្នាក់មាន​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ដើម​នៅ​នឹង​ខ្លួន ប៉ុន្តែ​ម្ចាស់​កាំភ្លើង​​ជា​កង​អង្គរក្ស ​​មាន​លិខិត​ស្នាម​​ត្រឹម​ត្រូវ​ ទើប​អនុញ្ញាតឱ្យ​​បន្តដំណើរ​ទៅ​មុខ​ទៀត ​។ ក្រៅពី​​ការ​ឆែកឆេរ និង​​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​​អប់រំ​ណែនាំ​ដល់​ក្រុម​អ្នកដំណើរ ដែល​មិន​បាន​ពាក់មួក​ការ​ពារ​សុវត្ថិភាព និង​មិន​ដាក់​កញ្ចក់​មើល​ក្រោយ​ជា​ច្រើន​នាក់​ផង​ដែរ តែ​មិន​បាន​ផាកពិន័យ​នោះ​ទេ​ ។​

គួរ​បញ្ជាក់​​​ដែរ​ថា ស្រប​ពេល​ដែល​​កម្លាំង​​នគរបាល​ស្រុក​ពាមរ​ក៌ ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​ដងផ្លូវ​នេះ នៅ​ឯ​ស្រុក​ព្រះស្តេច និង​ស្រុក​ពារាំង​ឯណោះ​វិញ ​កម្លាំង​អធិការដ្ឋា​ន​នគរបាល​ស្រុក​ទាំង​២ ក៏​បាន​ចេញ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​តាម​ដងផ្លូវ​ដូច​គ្នា​ផង​ដែរ ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ មាន​ភាព​រីករាយ​ និង​សាទរ​ជា​ខ្លាំង ព្រោះ​ធ្វើ​ឱ្យ​​ពួក​គាត់​មាន​ភាព​កក់ក្តៅ និង​មិន​​​ព្រួយ​បារ​ម្ភអំពី​បញ្ហា​សន្តិសុខតទៅ​ទៀត​ ៕