ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ​ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook) Page ​ផ្លូវការរបស់សម្តេចបង្ហោះ ​នៅព្រឹក ថ្ងៃទី២០ មករា​ ២០១៦ ​មានខ្លឹមសារទំាងស្រុងថា "​ជនរួមជាតិ ​និងយុវជន​ជាទីស្រឡាញ់!

ខ្ញុំព្រះករុណាខ្ញុំ ​សូមយកឱកាសនេះ​ជម្រាបជូនអំពីព្រឹត្តិការណ៍នៃថ្ងៃប្រវត្តិសាស្រ្ត​សំខាន់ៗមួយចំនួននៃការចាប់​បដិសន្ឋិសន្តិភាពនៅកម្ពុជា។ ​ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ​២៨ ឆ្នាំនៃការចរចារសន្តិភាព​ដំណាក់កាលទី២ ​រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ​ នរោត្តម សីហនុ និង​ ខ្ញុំព្រះករុណា នៅ Saint -Germainen-Laye។​ ការចរចារលើកទី១​ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧​ នៅ Fere-Entardenois,​ ប្រទេសបារាំង​ ដែលបានចេញជា​សេចក្តីប្រកាស​រួម​ក្នុងការស្វែង​រក​សន្តិភាពពិតប្រាកដសម្រាប់កម្ពុជា ​។ កិច្ចចរចារពេញមួយថ្ងៃ ​នៅថ្ងៃទី ២០ មករា ១៩៨៨ ​​គឺបានពិភាក្សាលើទិដ្ឋភាពរួម​ដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ​ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង ​ដែលមានខ្ញុំព្រះករុណា ​និង​សម្តេចព្រះនរោត្តមសីហនុ។

ទោះបីពេលនោះ ​សាធារណរដ្ឋប្រជាមានិតកម្ពុជា ​គ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង៩០%ក៏ដោយ​ ក៏ចំពោះរូបខ្ញុំគឺបានគិតច្បាស់ថា ​ ត្រូវតែស្វែងរកសន្តិភាព​អោយបាន​សម្រាប់កម្ពុជា​ ហើយត្រូវទទួលយកបងប្អូនជន​ភៀសខ្លួននៅតាមជំរំនានាពីព្រំដែនកម្ពុជា-​ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ។ ​ខ្ញុំបានសម្រេចចិត្តថា ​ត្រូវតែបញ្ចប់​សង្រ្គាមបង្ហូរឈាមខ្មែរ ​ទោះបីការចរចារពេលនោះជួបនឹង​ការលំបាកនិងត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណា ​ក៏ត្រូវតែធ្វើការចរចារព្រោះ​វាល្អប្រសើរជាងការ​ប្រយុទ្ឋគ្នាលើ​សមរភូមិយោធា​ដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់ ​។ ខ្ញុំបានធ្វើការសម្រេចចិត្តដែល​កម្ពុជាបានទទួលផលចំណេញ ​និងឈ្នះទាំងអស់គ្នាមកទល់សព្វថ្ងៃ។

សុខទុក្ខនិងការរស់នៅ​របស់ប្រជាពលរដ្ឋកាលពី ​២៨ ឆ្នាំមុន ​និងការរស់នៅសព្វថ្ងៃគឺបានបញ្ជាក់ច្បាស់ថា ​សន្តិភាព ​បានផ្តល់ឱកាសដល់ពលរដ្ឋ ​និងរាជរដ្ឋាភិបាល​ក្នុងការ​កសាងនិងអភិវឌ្ឍន៍​ប្រទេសជាតិយើង​កាន់តែរីកលូតលាស់ទៅមុខ។

ខ្ញុំព្រះករុណាខ្ញុំ ​សូមអរគុណជនរួមជាតិ​ដែលបានចូលរួមថែរក្សាការពារសន្តិភាព​ក្នុងប្រទេសយើងមកទល់សព្វថ្ងៃនេះ៕"