លោក សូ ចាន់ណា​រី មេបញ្ជាការ​វរ​ការពារ​ព្រំដែន ៩១១​បើកដៃ​ឲ្យ​នាំចូល​ទំនិញគេចពន្ធ​

មេបញ្ជាការ​វរ​ការពារ​ព្រំដែន ៩១១ លោក សូ ចាន់ណា​រី ត្រូវ​ប្រជាពលរដ្ឋ លើកឡើងថា នៅ​តំបន់​គ្រប់គ្រង​របស់លោក មានការ​នាំចូល​ទំនេញគេចពន្ធ ដូចជា​ម៉ូតូ ទូរទស្សន៍​ជាច្រើន និង​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​ក្នុង​មួយថ្ងៃៗ រាប់រយ​នាក់​។​ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​ខាងលើនេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥ តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​ស្ថាប័ន ឬ​មន្ត្រីជាន់ខ្ពស់​ណា​ចេញ​វិធានការ​ទប់ស្កាត់​នោះទេ​។​

​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​បាន​រាយការណ៍​មក​ថា ជា​រៀងរាល់ថ្ងៃ និង​ពេលយប់ តាម​បណ្ដោយ​ព្រំដែន ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៩១១ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ មាន​ច្រករបៀង​លួចលាក់ បើក​ឲ្យ​មានការ​ចរាចរណ៍​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ក្នុងនោះ​ក៏មាន​ពលករ​ខ្មែរ​ខុសច្បាប់​បាន​លួច​ឆ្លងដែន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​សៀម​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដូចជា ហ្គាស ទូរទស្សន៍​ចាស់ៗ សាច់មាន់ មាន់​រស់ និង​ម៉ូតូ មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​នោះ  មិន​ថា​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ឬ​ថ្នាក់​ខេត្ត ហាក់​គ្មាន​ការ​អើពើ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ។​

​គួរ​បញ្ជាក់ថា កន្លងមក លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ប្រធាន​គណៈបញ្ជាការ​ទិស​ភូមិភាគ​ទី​៤ និង​ភូមិភាគ​ទី​៥ ធ្លាប់បាន​ព្រមាន​ធ្ងន់ៗ ដល់​គណៈបញ្ជាការ​ក្រោម​ឱវាទ​ទាំងអស់​មិន​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់ តែ​ភាពជាក់ស្តែង​បទល្មើស​នៅ​ព្រំដែន​នៅតែ​បន្ត​កើតមាន​ដដែល​។​

ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​បាន​លើកឡើងថា លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក៏បាន​ដឹង​ពី​បញ្ហា​បទល្មើស​តាម​ព្រំដែន​ផងដែរ ប៉ុន្តែ​នៅតែ​បន្ត​ភាព​ស្ងៀមស្ងាត់​បើទោះជា​បញ្ហា​ខាងលើ​កំពុង​បង្ក​ភាពអនាធិបតេយ្យ​នៅតាម​បន្ទាត់​ព្រំដែន​ក៏ដោយ​។ ប្រភព​ដដែល​បាន​រិះគន់ថា លោក អាត់ ខែម គប្បី​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ផ្សេងទៀត​ដោះស្រាយ​បញ្ហា​បទល្មើស​តាម​ព្រំដែន ឬក៏​អាច​បញ្ជូន​បញ្ហា​ទៅ​ថ្នាក់លើ​ឲ្យ​ជួយ​ដោះស្រាយ​៕

image47 លោក​ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ b4277966-8042-407b-b085-841342a142dbលោក អាត់ ខែម ស្នងការ​នគរបាលខេត្ត​បន្ទាយមានជ័យ