មន្ត្រីរដ្ឋបាល​ជលផល បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ស្រុក​ជីក្រែង ខេត្តសៀមរាប​

​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ដែល​កាន់តំណែង​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​គេ​ដឹងថា ជា​មេខ្លោង​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាក់ស្តែង​មិនមែន​តែ​នៅក្នុង​តំបន់​ចុង​ឃ្នៀ​ស កំពង់​ឃ្លាំង កំពង់​ភ្លុក នោះទេ​ដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ គឺ​នៅ​តំបន់​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ក៏​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​។ មានន័យថា​លោក ព្រិ​ន្ទ សា​វិ​ន និង​មន្ត្រីក្រោមឱវាទ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​មា​ត់​បឹង​ទន្លេសាប នៃ​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​តំបន់​អន្លង់​សំណ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​អន្លង់​សំណ បាន​ឲ្យ​ដឹងថា​បទល្មើស​ប្រើ​ឧបករណ៍​អ៊ុយ​និង​មង​ក្រឡា​ញឹក​កំពុង​រាលដាល​ពេញ​បឹង​ទន្លេសាប ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​អន្លង់​សំណ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ក្នុង​មួយថ្ងៃៗ​មាន​ទូក​និង​កាណូត​តូចធំ​មិនតិចជាង​៣០​គ្រឿង​នោះទេ ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​ក្នុង​តំបន់​អន្លង់​សំណ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​តំបន់​អន្លង់​សំណ បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​បាន គឺ​ក្នុង​ទូក​ឬ​កាណូត​១​គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មួយខែៗ​រាប់លាន​រៀល ហេតុនេះហើយ​ទើប​គ្មាន​ការបង្ក្រាប​។ ការដែល​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​អន្លង់​សំណ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យកលុយ​ពី​ក្រុម​ជនល្មើស​ជា​ថ្នូរ​នឹង​ការ​បើកដៃ​ឲ្យ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាត់​ត្រី​តាម​អំពើ​ចិត្ត គឺអាច​ពាក់ព័ន្ធ​នឹង​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​ផងដែរ​។ ដោយហេតុថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ព្រិ​ន្ទ សា​វិ​ន ទេនោះ​គឺ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង​៕

b-fishing1-375x500 b-fishing-375x500