អ.ស.ប៖ ជន​ជាតិ​អ៊ីរ៉ាក់​ជាង​១៩០០០​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៤

អ.ស.ប៖  ជន​ជាតិ​អ៊ីរ៉ាក់​ជាង​១៩០០០​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៤

ផ្ទះ​ខូច​ខាត​នៅ​ក្នុង​ទីក្រុង​ Ramadi នៅ​ថ្ងៃ​ទី​១៦ ខែ​មករា​ ឆ្នាំ​២០១៦។​

កាល​ពី​ថ្ងៃ​អង្គារ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ មនុស្ស​ជិត​១៩០០០​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ចន្លោះ​ខែ​មករា​ឆ្នាំ​២០១៤​និង​ខែ​តុលា​ឆ្នាំ​ទៅ​មិញ​ ហើយ​មានមនុស្ស​ជាង​បី​លាន​នាក់​ទៀត​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ពួក​គេ។

​កំណើន​នៃ​អំពើ​ហិង្សា​នេះ ​ត្រូវ​ចំ​ពេល​គ្នា​ជាមួយ​នឹង​ការ​វាយ​យក​បាន​និង​កាន់​កាប់​តំបន់​ដ៏​ធំធេង​ក្នុង​ប៉ែក​ខាង​ជើង​និង​ប៉ែក​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ ដែល​បាន​នាំ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ពី​សំណាក់​អន្តរជាតិ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៤​ និង​ចាប់ផ្តើម​ការវាយ​ប្រហារ​តាម​អាកាស​ដោយ​ស.រ.អា.លើ​ពួក​ជន​សកម្មប្រយុទ្ធ​ទាំង​នេះ​ក្នុង​ខែ​សីហា​ឆ្នាំ២០១៤។

លោក Zeid Ra'ad Al Hussein ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​បាន​មាន​ប្រសាសន៍​ថា​ «ទោះ​ណា​ជា​តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​ទាំង​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​បាន​ត្រឹមត្រូវ​ពិត​ប្រាកដ​អំពី​ថា​តើ​ក្រុម​ជន​ស៊ីវិល​បានរង​ទុក្ខ​វេទនាខ្លាំង​បែប​ណា​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក៏​ដោយ​ ក៏​តួលេខ​ទាំង​នេះ​បង្ហាញ​អំពី​ចំនួនមនុស្ស​ដែល​បាន​ស្លាប់​ឬ​បាន​កំបុត​ដៃ​ជើង​ដោយ​អំពើ​ហិង្សា​ដោយ​ចំហ

ក៏​ប៉ុន្តែ​មាន​មនុស្ស​រាប់មិន​អស់​បាន​បាត់បង់​ជីវិត​ដោយ​សារ​គ្មាន​ម្ហូប​អាហារ​ជា​មូលដ្ឋាន​ ទឹក​និង​ការ​ថែរក្សា​សុខភាព។

របាយ​ការណ៍​នេះ​និយាយ​ថា​ គេ​មាន​ជំនឿ​ថា​ពួក​ជនសកម្ម​ប្រយុទ្ធ​ទាំង​នេះ​បាន​ឃុំឃាំង​ទាសករ​ខាង​កាម​តណ្ហា​៣៥០០​នាក់ ​ដោយ​ភាគ​ច្រើន​មក​ពី​ក្រុម​ជន​អំបូរភាគ​តិច​ Yazidi ហើយ​នៅ​តែ​បន្ត​ «ការរំលោភ​ជា​ប្រព័ន្ធនិង​ ការរាលដាល​នៃ​អំពើ​ហិង្សា​និង​ការ​រំលោភ​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ត​ទៅ​ទៀត។»

សេចក្តី​រាយការណ៍​នេះ​ក៏​កត់​សម្គាល់​ដែរ​អំពី​ការ​ត្អូញត្អែរ​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​ដោយ​កង​កម្លាំង​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល៕